ភ្នំពេញ: ការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឲ្យសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជាមានការស្ទាក់ស្ទើរក្នុងការស្នើសុំកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បន្ទាប់ពីធនាគារនេះបានបញ្ចេញមូលនិធិ ៥០ លានដុល្លារសម្រាប់វិស័យកសិឧស្សាហកម្មពីសប្តាហ៍មុន។
លោក កៅ ថាច អគ្គនាយក ARDB បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា រហូតមកដល់ពេលនេះលោកមិនទាន់ទទួលបានពាក្យស្នើសុំកម្ចីពីសហគ្រាសខ្នាតតូច និងមធ្យមនៅឡើយទេ។ លោកបានថ្លែងថា៖ «សព្វថ្ងៃមិនទាន់មាននរណាម្នាក់ស្នើសុំកម្ចីនោះទេ។ ពួកគេកំពុងរង់ចាំមើលពីស្ថានភាព ថាតើវានឹងប្រសើរឡើងនៅពេលណា? បញ្ហានេះហើយដែលពួកគេមិនទាន់ហ៊ានខ្ចីប្រាក់ពីយើង»។
ថ្លែងក្នុងពិធីប្រកាសជាផ្លូវការសម្រាប់ការផ្តល់កម្ចីកាលពីសប្តាហ៍មុនលោក ថាច បានឲ្យដឹងថា មូលនិធិនេះមានបំណងក្នុងការបង្កើតចង្វាក់ផលិត និងដើម្បីរក្សាភាពប្រកួតប្រជែងនៅក្នុងវិស័យ SME ស្របពេលការរីករាលដាលជំងឺកូវីដ ១៩ និងការបាត់បង់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប។
លោកបានបន្តទៀតថា SME អាចខ្ចីប្រាក់បានរហូតដល់ ៣០០ ០០០ ដុល្លារ ជាមួយនឹងអត្រាការប្រាក់ ៦ ភាគរយសម្រាប់ទុនបង្វិល និង ៦,៥ ភាគរយសម្រាប់ទុនវិនិយោគក្នុង ១ ឆ្នាំ។
ការអង្កេតមួយរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មក្នុងចំណោមសហគ្រាស ៧១ នៅកម្ពុជាបានរកឃើញថា ពួកគេត្រូវការជំនួយផ្នែកស្រាវជ្រាវទីផ្សារ ការអភិវឌ្ឍសេវា ការវេចខ្ចប់ ការទទួលបានបច្ចេកវិទ្យា ធនធានមនុស្ស ការទទួលបានកម្លាំងពលកម្ម ការទទួលបានហិរញ្ញវត្ថុ ការចុះបញ្ជីអាជីវកម្ម ការបង់ពន្ធ និងការកែលម្អស្តង់ដាអនាម័យ។
លោកស្រី កែវ មុំ នាយិកា ក្រុមហ៊ុននំស្រួយលីលីបានឲ្យដឹងថា វិស័យសហគ្រាសធុនតូច និងមធ្យមមិនគួរខ្ចីប្រាក់ពីធនាគារនៅចំពេលកំពុងមានការរីករាលដាលជំងឺកូវីដ ១៩ ដែលពួកគេនឹងមានហានិភ័យខ្ពស់ទេ។
លោកស្រីថ្លែងថា៖ «ពេលវេលានេះបើគាត់ចង់ពង្រីកអាជីវកម្ម វាពិបាកណាស់ក្នុងស្ថានភាពនេះម្នាក់កំពុងជាប់គាំងទាំងអស់ខ្ចីប្រាក់នឹងបង់តែការប្រាក់ទៅវិញ ដូច្នេះវានឹងធ្វើសហគ្រាសខ្នាតតូច និងមធ្យមកាន់ធ្ងន់ធ្ងរថែមទៀត។ ខ្ញុំគិតថា ពេលវេលាដែលស័ក្តិសមនឹងខ្ចីប្រាក់ពីធនាគារគឺក្រោយជំងឺកូវីដ ១៩ អាចគ្រប់គ្រងបានទាំងស្រុងទើបមាន SME ហ៊ានខ្ចី»។
របាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបង្ហាញថា កាលពីឆ្នាំមុនសហគ្រាសខ្នាតតូច និងមធ្យមមានចំនួន ៥២ ១៥៤ សហគ្រាស ដែលមានបង្កើតការងារបាន ៨២៤ ២៤៥ នាក់។
របាយការណ៍សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលបានចេញផ្សាយកាលពីខែសីហាបានឲ្យដឹងថា សហគ្រិនស្ត្រីរបស់ប្រទេសកម្ពុជាបន្តជួបការពិបាកដោយសារតែលទ្ធភាពទទួលបានហិរញ្ញវត្ថុនៅមានកម្រិតសម្រាប់ការពង្រីកអាជីវកម្ម។ មានតែ ៣ ភាគរយប៉ុណ្ណោះមានលទ្ធភាពទទួលបានឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។
របាយការណ៍ប៉ាន់ប្រមាណថា តម្រូវការឥណទានពីសហគ្រិនស្ត្រីបច្ចុប្បន្នមានចំនួន ៤,២ ពាន់លានដុល្លារស្មើនឹងជិត ៦៣ ភាគរយនៃថវិកាជាតិសម្រាប់ឆ្នាំ ២០១៩ ដែលមានចំនួន ៦,៧ ពាន់លានដុល្លាររបស់ប្រទេសកម្ពុជា៕LA