ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ដំណើរការ​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នឹង​មិន​ប្រឈម​បញ្ហា​កង្វះ​ទុនវិនិយោគ​ទេ បើទោះបី​ប្រទេស​កម្ពុជា​កំពុង​ទទួលរង​ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ ​១៩ ក៏ដោយ ខណៈ​ដំណើរការ​សាងសង់​នៅពេល​នេះ​សម្រេច​បាន​ប្រមាណ ៣០ ​ភាគរយ​។ ការលើកឡើង​របស់​លោក ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅពិនិត្យ​មើល​ដំណើរការ​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅ​ខេត្តកណ្តាល​កាលពី​ថ្ងៃ​ចន្ទ​។

លោក​ថ្លែងថា​៖ «​ដោយសារ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​សកលលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច កម្ពុជា​ក៏​រង​ផលប៉ះពាល់​ផង​ដែរ ទោះ​យ៉ាងណា​រហូត​មក​ដល់​ពេលនេះ មិនទាន់​មាន​ក្រុមហ៊ុន​ណាមួយ​បាន​ប្រកាស​ក្ស័យធន និង​កង្វះ​ទុន​វិនិយោគ​នោះទេ​»​។

លោក​បន្តថា​៖ «​ការសាងសង់​ព្រលាន​យន្តហោះ​នេះ​ត្រូវការ​ទុនវិនិយោគ ១ ៥០០ ​លាន​ដុល្លារ ក្រុមហ៊ុន​នេះ​មិនទាន់​និយាយ​ពី​រឿង​កង្វះ​ទុន ហើយ​ផ្អាក​ដំណើរការ​សាងសង់​ទេ ដូច្នេះ​ព្រលានយន្តហោះ​ត្រូវ​ធ្វើ​ទៅតាម​ផែនការ និង​ការដ្ឋាន​ទាំងអស់​ត្រូវ​ដំណើរការ​ជាធម្មតា​»​។

លោក​បន្ថែម​ថា​មកដល់​ពេល​នេះ​ការសាងសង់​សម្រេច​បាន​ប្រមាណ ៣០ ​ភាគរយ​ហើយ​។ នេះ​ជា​ព្រលាន​យន្តហោះ​ប្រភេទ 4F ដែល​អាច​ឲ្យ​យន្តហោះ​ធំៗ​ប្រភេទ Airbus A380-800 និង Boeing 747-800 ចុះចត​បាន​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា​កម្ពុជា​នឹង​កាន់តែ​ទាក់ទាញ​បាន​ភ្ញៀវទេសចរ និង​អ្នក​វិនិយោគិន​កាន់តែ​ច្រើន ក្រោយពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​កសាង​រួចរាល់​»​។

ទិដ្ឋភាព​ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​កាលពី​ថ្ងៃ​ចន្ទ​។ SPM

លោក ពុង ឃាវសែ អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា​ (OCIC) ថ្លែងថា ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​សាងសង់​លើ​ផ្ទៃដី ២ ៦០០ ​ហិកតា​​ នៅក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល​ដែល​គ្រោង​នឹងដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ដំណាក់កាល​ទី​ ១ នៅ​ឆ្នាំ​ ២០២៣​។

លោក​បន្តថា គម្រោង​នេះ​នឹងត្រូវ​វិនិយោគ​ក្នុងតម្លៃ​ទឹកប្រាក់ ១,៥ ​ពាន់​លាន​ដុល្លារ ដោយ​មិន​រាប់បញ្ចូល​តម្លៃ​ដី​ដែល​ក្នុងដំណាក់កាល​ទី​ ១ អាច​នឹង​ទទួល​ភ្ញៀវទេសចរ ១៣ ​លាន​នាក់​ក្នុង​ ១ ​ឆ្នាំៗ​។ បច្ចុប្បន្ន​គម្រោង​នេះ​ចំណាយ​ទឹកប្រាក់​អស់​ចំនួន ១២០ ​លាន​ដុល្លារ​រួច​មកហើយ ដោយ​ចំណាយ​លើ​ការប្រឹក្សាយោបល់​ផ្នែក​រចនា​គូរ​ប្លង់ ខួងគ្រឹះ ចាក់ដី បង្ហាប់ដី និង​កែ​គុណភាព​ដី​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់ ២០៨ ​លាន​ដុល្លារ​ទៀត​ចាប់ពី​ពេល​នេះ​រហូតដល់​ដំណាច់​ឆ្នាំនេះ​។ ក្នុងនោះ​ចាប់ពី​ខែ​កក្កដា​ទៅ​យើង​នឹងត្រូវ​ចំណាយ​ ១ ​ថ្ងៃ ១,១៥ ​លាន​ដុល្លារ​»​។ លោក​បន្ថែមថា​៖ «​មូលនិធិ​ឥណទាន​បរទេស​មិនអាច​រកបាន​ភ្លាមៗ​ទេ ហើយ​ចំណាយ​បច្ចុប្បន្ន​ពឹងផ្អែកលើ​មូលនិធិ​ក្នុង​ស្រុក ទោះ​ជា​យ៉ាងណា​ក្តី ក្រុមហ៊ុន​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​មិន​ឲ្យ​មាន​ការរាំងស្ទះ​ដល់​គម្រោង​សាងសង់​នេះ​ទេ​»​។

ក្រុមហ៊ុន​ OCIC នឹង​គ្រប់គ្រង​ភាគហ៊ុន ៩០ ​ភាគរយ​ ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​ផ្សេងទៀត​លើ​គម្រោង​នេះ ខណៈ​នៅ​សល់ ១០ ​ភាគរយ​ទៀត​ជា​កម្មសិទ្ធិ​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល (SSCA)​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​ដោយ​លោក តឹក រ៉េតសំរេច ​រដ្ឋលេខាធិការ​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​កាលពី​ឆ្នាំ​ ២០១៧​។

បើតាម​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេល​ដែល​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ អាកាសយនដ្ឋាន​អន្តរជាតិ-ភ្នំពេញ​ចាស់​នឹង​បង្វែរ​ទៅជា​ព្រលានយន្តហោះ​សម្រាប់​បម្រើការ​ហោះហើរ​ក្នុងស្រុក និង​សម្រាប់​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​នៅពេល​អនាគត​៕ LA