
កសិករកំពុងបកសម្បកពោតក្រហម បន្ទាប់ពីប្រមូលផលបានក្នុងខេត្តត្បូងឃ្មុំ។ រ៉ាហ៊ីម
ភ្នំពេញៈ តម្លៃពោតក្នុងរដូវប្រមូលផលឆ្នាំនេះបានស្ទុះឡើង ដោយសារតែការកើនឡើងនៃតម្រូវការសម្រាប់ការផលិតចំណីសត្វក្នុងស្រុក។
ការប្រមូលផលពោតក្រហមនៅក្នុងខេត្តត្បូងឃ្មុំពេលនេះសម្រេចបានប្រមាណ ៥០ ភាគរយ ហើយដោយតម្លៃគ្រាប់ពោតស្ងួតបានកើនឡើងជិត ២០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពោតក្រហមភាគច្រើនត្រូវបាននាំទៅរោងចក្រផលិតចំណីសត្វក្នុងស្រុក។
ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមកបង្ហាញថា ខេត្តត្បូងឃ្មុំជាកន្លែងដែលមានដាំពោតក្រហមសម្រាប់ផ្គត់ផ្គង់រោងចក្រផលិតចំណីសត្វក្នុងស្រុកច្រើនជាងគេ ដោយខេត្តមានសមត្ថភាពផលិតបាន ៥៦ ៧៥០ តោនក្នុង ១ ឆ្នាំនៅលើផ្ទៃដីដាំដុះសរុប ១០ ៧៩០ ហិកតា។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំលោក តូច សុខន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១ ខែមីនា ថា គ្រាប់ពោតក្រហមស្ងួត (មិនជាប់ស្នូល) ពេលនេះ (ថ្ងៃចន្ទ) មានតម្លៃប្រមាណ ១ ៣០០ រៀល ក្នុង ១ គីឡូក្រាម កើនជិត ២០ ភាគរយ ពីចំនួន ១ ១០០ រៀល កាលពីរយៈពេលដូចគ្នាឆ្នាំមុន។
ការកើនតម្លៃពោតក្រហមពេលនេះគឺដោយសារតម្រូវការមានច្រើនជាងមុនពីសំណាក់រោងចក្រផលិតចំណីសត្វក្នុងស្រុក ខណៈការនាំចេញទៅប្រទេសវៀតណាមមានបរិមាណតិចតួចប៉ុណ្ណោះ។ លោកបន្តថា ជាមួយនឹងការកើនឡើងតម្លៃពេលប្រមូលផលនេះ លោករំពឹងថា សកម្មភាពនៃការដាំពោតក្រហមនឹងមានការកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំនេះ។
លោកបញ្ជាក់ថា៖ «តម្លៃគ្រាប់ពោតក្រហមស្ងួតឆ្នាំនេះល្អ បើធៀបនឹងឆ្នាំមុន។ ភាគច្រើនគ្រាប់ពោតក្រហមនៅទីនេះត្រូវឈ្មួញប្រមូលទិញយកទៅរោងចក្រផលិតចំណីសត្វ CP»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ បានប្រាប់ថា ការប្រមូលផលពោតក្រហមក្នុងខេត្តត្បូងឃ្មុំបានចាប់ផ្តើមជាង ១ សប្តាហ៍មកហើយ ដោយទិន្នផលឆ្នាំនេះប្រហាក់ប្រហែលនឹងឆ្នាំមុន។ ដីដាំពោតក្រហមក្នុងខេត្តត្បូងឃ្មុំនារដូវប្រមូលផលនេះមានប្រមាណ ៦ ៥៦០ ហិកតា ដោយផ្តល់ទិន្នផលជាមធ្យមចន្លោះពី ៥,៥ ទៅ ៦,៥ តោនក្នុង ១ ហិកតា។
លោកនិយាយថា៖ «ផ្ទៃដីដាំពោតដែលកំពុងប្រមូលផលពេលនេះ មានទំហំប្រហែលឆ្នាំមុន ប៉ុន្តែតម្លៃឈ្មួញប្រមូលទិញល្អជាងឆ្នាំមុន»។
បើយោងតាមលោក ពិសិដ្ឋ ពោតក្រហមត្រូវបានគេដាំចំនួន ២ ដងក្នុង ១ ឆ្នាំ ដោយដាំម្តងៗមានរយៈពេល ៣ ខែ។ ជាធម្មតាការប្រមូលផលលើកទី ១ ក្នុងអំឡុងចុងខែកុម្ភៈ ដល់ខែមីនា និងលើកទី ២ ពីខែកក្កដា-សីហា។
ដោយឡែកសម្រាប់ខេត្តនៅភាគពាយព្យប្រទេស ការប្រមូលផលពោតក្រហមបានបញ្ចប់អស់ហើយកាលពីពេលថ្មីៗនេះដោយតម្លៃក្នុងឆ្នាំនេះបានឡើងខ្ពស់ជាងឆ្នាំមុន។
លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបានប្រាប់ថា ជាទូទៅកសិករនៅខេត្តជិតខាង តែងយកផលពោតក្រហមខ្លួនមកលក់ឱ្យឈ្មួញនៅខេត្តបាត់ដំបង ដើម្បីនាំទៅលក់បន្តនៅប្រទេសថៃ។
សម្រាប់តម្លៃពោតក្រហមនៅខេត្តបាត់ដំបងពេលប្រមូលផលចុងក្រោយ (ចុងខែកុម្ភៈ) មានតម្លៃពី ១ ២០០-១ ៣០០ រៀល ក្នុង ១ គីឡូក្រាម ដែលតម្លៃនេះកើនឡើងច្រើនធៀបនឹងឆ្នាំមុន។ សម្រាប់ពោតក្រហមដែលខេត្តបាត់ដំបងប្រមូលបានគឺប្រមាណ ៧០ ភាគរយត្រូវនាំទៅប្រទេសថៃនៅសល់ពីនោះគេប្រមូលទិញយកលក់ឱ្យក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុកដូចជា CP ជាដើម។
លោកបន្ថែមថា៖ «ប្រជាកសិករដាំពោតក្រហម និងដំឡូងមីនៅឆ្នាំនេះ ពួកគាត់សប្បាយចិត្តច្រើន ព្រោះទទួលបានតម្លៃខ្ពស់ទោះបីជាគ្រោះទឹកជំនន់កាលពីឆ្នាំមុនធ្វើឱ្យទិន្នផលធ្លាក់ចុះខ្លះក៏ដោយ»។
ទិន្នន័យពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម ឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២០ នៅកម្ពុជាមានរោងចក្រផលិតចំណីសត្វក្នុងស្រុកចំនួន ១៨ កំពុងដំណើរការដោយមានសមត្ថភាពផលិតចំណីសត្វសរុបជាង ១,២ លានតោនក្នុង ១ ឆ្នាំ ស្មើ ៥៦ ភាគរយនៃការផ្គត់ផ្គង់ទូទាំងប្រទេស។ ឆ្នាំ ២០២០ កម្ពុជាមានផ្ទៃដីដាំដុះពោតសរុប ១៥៤ ៥៩៨ ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ៧៣៥ ៥៥១ តោន។
របាយការណ៍ក្រសួងកសិកម្មឱ្យដឹងថា ក្នុងឆ្នាំ ២០២០ កម្ពុជានាំចេញគ្រាប់ពោតសរុប ១៩៤ ៦២៥ តោន កើន ៦២,២០ ភាគរយ ពីចំនួន ១១៩ ៩៩៣ តោន ក្នុងឆ្នាំ ២០១៩៕ LA