ក្រុង​ប៉េកាំងៈ ទិន្នន័យ​ផ្លូវ​ការ​​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ចន្ទ​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ​ចិន បាន​ថមថយ​សម្ទុះ​​ ដោយ​មាន​​អត្រា​កំណើន​ទាប​បំផុត​​​​​ក្នុង​​រយៈពេល​ជិត​ ៣ ទសវត្សរ៍ ​​នៅ​​ត្រី​មាស​ទី២​ ដោយសារ​​​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក ​និង​ចិន និង​ការ​ចុះ​​ខ្សោយ​តម្រូវការ​​ពិភព​​លោក​​បាន​ដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច​លំដាប់​លេខ ២ របស់​ពិភព​លោក​​នេះ។

ការ​ថមថយ​សេដ្ឋកិច្ច​នេះ​​កាន់​តែ​បង្ក​ឲ្យ​មាន​ការ​លំបាក​​សម្រាប់​​លោក​ប្រធានាធិបតី​ ស៊ី ជីនភីង ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​តបត​​​នឹង​អាមេរិក ដែល​កំពុង​ប្រើប្រាស់​មធ្យោបាយ​ពន្ធ​នាំចូល​​ធ្វើ​ជា​ឥទ្ធិពល​​ក្នុង​ការ​ព្យាយាម​​បង្ខំ​ទីក្រុង​ប៉េកាំង​​ឲ្យ​បើក​ចំហ​សេដ្ឋកិច្ច​របស់​ខ្លួន។​

តួលេខ​កំណើន ​៦,២ ​ភាគរយ ​​ដែល​បាន​ចេញ​ផ្សាយ​ដោយ​​ការិយាល័យ​ជាតិ​ស្ថិតិ (NBS)​ ចិន​មាន​ភាព​​ស្រប​គ្នា​ជាមួយ​នឹង​​ការ​ស្ទង់មតិ​របស់​ក្រុម​អ្នក​វិភាគ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ធ្លាក់ចុះ​ពី​អត្រា​កំណើន ៦,៤ ភាគរយ ​ដែល​សម្រេច​បាន​​​កាល​ពី​ត្រីមាស​ទី១​។​

តួលេខ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ទាំង ២ ត្រីមាស​​​នេះ​​ស្ថិត​ក្នុង​ទិសដៅ​កំណត់​របស់​​រដ្ឋាភិបាល​ដែល​ស្ថិត​នៅ​ចន្លោះ​ពី ៦ ភាគរយ ទៅ ៦,៥ ​ភាគរយ ​ក្នុង​រយៈពេល​ពេញ ​១ ឆ្នាំ ដែល​ទិសដៅ​នេះ​ធ្លាក់ចុះ​ពី​ទិសដៅ​ ​​៦,៦ ភាគរយ ​ដែល​​​ប្រទេស ចិន ​​បាន​កំណត់​​កាល​ពី​ឆ្នាំ ​២០១៨។

លោក Mao Shengyong ​អ្នក​នាំពាក្យ NBS ​បាន​ថ្លែង​ថា៖ «​លក្ខខណ្ឌ​សេដ្ឋកិច្ច​គឺ​នៅ​តែ​ធ្ងន់ធ្ងរ​ ទាំង​នៅ​ក្នុង​ប្រទេស ​និង​នៅ​ក្រៅ​ប្រទេស​ ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​កំពុង​ធ្លាក់ចុះ​ ហើយ​​អស្ថិរភាព​ខាង​ក្រៅ និង​​ភាព​មិន​ច្បាស់លាស់​​កំពុង​កើន​ឡើង​»។​

លោក​បាន​ឲ្យ​ដឹង​​​ក្នុង​សុន្ទរកថា​ ​ដែល​ត្រៀម​ទុក​មួយ​​​ថា៖ «សេដ្ឋកិច្ច​កំពុង​ស្ថិត​ក្រោម​សម្ពាធ​​ធ្លាក់ចុះ​​ថ្មី​»។​

ទីក្រុង​ប៉េកាំង​​បាន​ដាក់​ឲ្យ​ប្រើប្រាស់​វិធានការ​ជា​ច្រើន​នៅ​ឆ្នាំ​នេះ ដើម្បី​ជំរុញ​សេដ្ឋកិច្ច ប៉ុន្តែ​​វិធានការ​ទាំង​នេះ​​មិន​គ្រប់គ្រាន់​ដើម្បី​ប៉ះប៉ូវ​ការ​ធ្លាក់ចុះ​​ក្នុង​ស្រុក​ និង​ការ​ចុះ​ខ្សោយ​តម្រូវការ​បរទេស​បាន​ឡើយ។ តម្រូវការ​បរទេស​ទទួល​រងគ្រោះ​​​កាន់​តែ​ខ្លាំង​ពី​​ការ​ដាក់​ទណ្ឌកម្ម​សង្គ្រាម​​​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ដែល​​​ជា​​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​ខ្លួន។​​

ការ​នាំចេញ​ទៅ​ពិភព​លោក​បាន​កើន​ឡើង​ត្រឹម​​តែ​ ០,១ ​ភាគរយ​ប៉ុណ្ណោះ​ ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ក្នុង​អំឡុង​ពេល​ ៦ ខែ​ដំបូង​។​

ក្រុម​អ្នក​វិភាគ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា ទីក្រុង​ប៉េកាំង​នឹង​ចាត់​វិធានការ​​បង្កើន​ការ​គាំទ្រ​សេដ្ឋកិច្ច​​ក្នុង​រយៈពេល​ជា​ច្រើន​ខែ​ខាង​មុខ​។​​

ក៏​​មាន​ចំណុច​វិជ្ជមាន​​សម្រាប់​​សេដ្ឋកិច្ច​​ផង​ដែរ​នៅ​ក្នុង​ទិន្នន័យ​សេដ្ឋកិច្ច​ដែល​បាន​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ចន្ទ​​នេះ។​

ទិន្នផល​ឧស្សាហកម្ម​បាន​កើន​ឡើង​​ ៦,៣ ភាគរយ ​កាល​​ពី​ខែ​មិថុនា ធៀប​នឹង​កំណើន​ ៥ ភាគរយ ​នៅ​ខែ​ឧសភា​ដែល​ជា​កំណើន​យឺត​បំផុត​ចាប់​តាំង​ពី​ឆ្នាំ ​២០០២។​

ការ​វិនិយោគ​ទ្រព្យ​សកម្ម​ថេរ ក៏​​បាន​កើន​ឡើង​ផង​ដែរ គឺ​កើន​ឡើង​ ៥,៨ ​ភាគរយ ​ក្នុង​រយៈពេល​ពី​ខែ​មករា​ដល់​ខែ​មិថុនា ធៀប​​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ខណៈ​ដែល​​​ពី​ខែ​មករា​ដល់​ខែ​ឧសភា​ ​សម្រេច​បាន​កំណើន ៥,៦ ភាគរយ​។​

ប៉ុន្តែ​កំណើន​ក្នុង​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ បាន​ធ្លាក់ចុះ​ធៀប​នឹង​កំណើន​ជិត ២០ ភាគរយ ​ដែល​សម្រេច​បាន​ក្នុង​​រយៈពេល​ជា​ច្រើន​ឆ្នាំ ដោយ​បាន​កើន​ឡើង​តែ ​៤,១ ភាគរយ ​ប៉ុណ្ណោះ​​ក្នុង​រយៈពេល​ពី​​ខែ​មករា​​​ដល់​ខែ​មិថុនា ហើយ​ការ​នាំចូល​ និង​ការ​នាំចេញ​ទាំង ​២ ​នេះ​បាន​ធ្លាក់ចុះ​នៅ​ខែ​មិថុនា​ធៀប​​​ខែ​មិថុនា​ឆ្នាំ ​២០១៧​។​

អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ទីក្រុង​បាន​កើន​ឡើង​ដល់ ​៥,១​ ភាគរយ ​ក្នុង​ខែ​មិថុនា ធៀប​នឹង​កំណើន ​៥ ​ភាគរយ ​​ដែល​សម្រេច​​បាន​កាល​​ពី​ខែ​ឧសភា​។​

អតិថិជន​​ចិន​​ដែល​មាន​ចំនួន ១,៣ ពាន់​លាន​នាក់​ បាន​​បន្ត​ចំណាយ​លើ​ការ​ទិញ​ទំនិញ​ប្រើប្រាស់​ ដែល​ជួយ​គាំទ្រ​ដល់​សេដ្ឋកិច្ច​៕​ AFP/LA​