ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​ត្រូវ​បង្កើន​កិច្ចខិតខំ​របស់ខ្លួន​ដើម្បី​បញ្ចប់​ការសាងសង់​តាម​ផែនការ​កំណត់ និង​អាច​បើក​ដំណើរការ​នៅមុន​ដំណាច់ឆ្នាំ​ ២០២១ ខណៈ​ការសាងសង់​ពេលនេះ​សម្រេចបាន​ជាង ៤៥ ​ភាគរយ​។

កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ទំហំ ៤ ​ហិកតា​ ស្ថិត​ក្នុង​ស្រុក​ទឹកឈូ ដោយ​មាន​ចម្ងាយ​ប្រមាណ ៦ ​គីឡូម៉ែត្រ​ពី​ក្រុង​កំពត​។ កំពង់ផែ​នេះ​មាន​ជម្រៅ​ទឹក ៤,៥ ​ម៉ែត្រ​ដែលមាន​តម្លៃ​ប្រមាណ ៨ លាន​ដុល្លារ​ ជា​ហិរញ្ញប្បទាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB)​។

ក្នុងពេល​ចុះ​ពិនិត្យ​ស្ថានភាព​នៅ​ការដ្ឋាន​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ ខេត្តកំពត កាលពី​ថ្ងៃទី​ ៤ ខែមករា​នេះ លោក ស៊ុន ចាន់ថុល បាន​និយាយថា បើ​តាម​ព័ត៌មាន​លោក​ទទួលបាន គឺ​ការសាងសង់​កំពង់ផែ​នេះ​បាន​ដើរ​យឺត​ជាង​ផែនការ​ (​តាម​ផែនការ​ត្រូវ​បញ្ចប់​ហើយ​) ហេតុនេះ​ក្រុមហ៊ុន​ត្រូវតែ​ជំរុញ​ការងារ​សាងសង់​ឱ្យ​បាន​លឿន​ចាប់ពី​ពេលនេះ​តទៅ​។

លោក​បន្តថា ក្រុមហ៊ុន​សាងសង់​ត្រូវដាក់​ផែនការ​សកម្មភាព​ការងារ​ឡើងវិញ​ដោយ​មិនអាច​ធ្វើឱ្យ​យឺត​ទៀត​ទេ ខណៈ​ផែនការ​ដែល​ដាក់ចេញ​កន្លងមក​បាន​ហួស​អស់ហើយ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ធ្វើ​យឺតយ៉ាវ​បែបនេះ​មិនល្អ​ទេ ខាង ADB មិន​សប្បាយចិត្ត ក្រសួង​ទេសចរណ៍​ក៏​មិន​សប្បាយចិត្ត គឺ​មិន​សប្បាយចិត្ត​ទាំងអស់​គ្នា​»​។ លោក​បន្ថែមថា​៖ «​ក្រុមហ៊ុន​សាងសង់​គួរ​បន្ថែម​មនុស្ស​ធ្វើការ​ទៀត ព្រោះ​ការងារ​យឺតយ៉ាវ​ច្រើនណាស់ ប៉ុន្តែ​មិនត្រូវ​ធ្វើ​ខុស​លក្ខណៈ​បច្ចេកទេស​នោះ​ទេ​នឹង​ត្រូវ​ធ្វើឱ្យ​រួចរាល់​ក្នុង​ខែ​ ៦ តាម​ការសន្យា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​អាច​បើក​ដំណើរការ​បាន​ក្នុង​ខែ​ ១២ (​ខែធ្នូ​)»​។

បើ​យោងតាម​អ្នកតំណាង​ក្រុមហ៊ុន បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​សម្រុក​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​អាច​បញ្ចប់​តាម​ការកំណត់​របស់​ក្រសួង​សេដ្ឋកិច្ច​ត្រឹម​ខែមិថុនា និង​បញ្ចប់​គម្រោង​ទាំងមូល​ត្រឹម​ចុង​ឆ្នាំ​ ២០២១​។

លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​អង្គារ​ថា នេះ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​ខេត្តកំពត ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ កំពង់ផែ​នេះ​នឹង​អាច​ស្រូប​ទាញ​ភ្ញៀវទេសចរ​ពី​ប្រទេស​ជិតខាង​តាមផ្លូវ​ទឹក និង​បម្រើ​សេវាកម្ម​ដឹក​ភ្ញៀវ​ទៅ​កម្សាន្ត​តំបន់​កោះ​នានា​ផងដែរ​។

លោក​បន្តទៀតថា នៅពេល​មាន​កំពង់ផែ​នេះ ខេត្តកំពត​នឹង​អាច​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​មួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទេសចរណ៍​ជា​កញ្ចប់​ជាមួយ​ប្រទេស​ជិតខាង​ផងដែរ​»​។

លោក​អះអាងថា​៖ «​បច្ចុប្បន្ន​តំបន់​កោះ​នៅ​កម្ពុជា និង​ប្រទេស​វៀតណាម កំពុង​មាន​ការអភិវឌ្ឍ​ច្រើន ហេតុនេះ​ពេល​បើក​ដំណើរការ ខ្ញុំ​គិតថា ខេត្ត​កំពត​នឹង​អាច​ទទួល​បាន​លំហូរ​ភ្ញៀវ​ពី​ប្រទេស​ជិតខាង​កាន់តែ​ច្រើន​»​។

កំពង់ផែ​នេះ​អាច​មាន​សមត្ថភាព​ទទួល​នាវា​ទេសចរណ៍​ដែល​ដឹក​អ្នកដំណើរ​បាន​ពី ២០០ ទៅ ៣០០ ​នាក់​។ នេះ​បើតាម​លោក ស៊ីណុល​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​និយាយថា កំពង់ផែ​ទេសចរណ៍​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​ពី​ប្រទេស​ជិតខាង និង​ប្រទេស​ទី​ ៣ ឱ្យ​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​កម្ពុជា​ដែល​ត្រូវគេ​ទទួលស្គាល់​ថា ជា​ឆ្នេរ​មាន​ធម្មជាតិ​ស្រស់​បំព្រង និង​មាន​ខ្សាច់​សស្អាត​។ ការបង្កើត​ផលិតផល​ថ្មី​នឹង​បង្កើនភាព​ទាក់ទាញ​ថ្មី​បន្ថែមទៀត​។

លោកស្រី​ថ្លែងថា​៖ «​ការសម្រុក​បញ្ចប់​ការសាងសង់​កំពង់ផែ​ទេសចរណ៍​ក្នុង​ខេត្តកំពត និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជាច្រើន ពិសេស​តាម​បណ្តា​ខេត្ត​គោលដៅ​ទេសចរណ៍​របស់​រដ្ឋាភិបាល​ពេលនេះ​នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការលើក​កម្ពស់​ភាពទាក់ទាញ​ក៏​ដូចជា​សក្តានុពល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ បញ្ចប់​ទៅវិញ​»​។

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ស្តីពី​ទេសចរណ៍​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ​ (GMS) ​ឱ្យដឹងថា កំពង់ផែ​សមុទ្រ​នេះ​នឹង​ផ្តល់​សេវា​ទេសចរណ៍​អន្តរជាតិ និង​ក្នុងស្រុក​ចំនួន ៣៦០ ០០០ ​នាក់​ ក្នុង​ ១ ​ឆ្នាំ​នៅ​ពេល​បើក​ដំណើរការ​។

ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ឱ្យដឹងថា ក្នុង​រយៈពេល ៤ ​ថ្ងៃ​នៃ​ពេល​ចូលឆ្នាំ​សកល​ (​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ៣ ខែ មករា ឆ្នាំ​ ២០២១) កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ ១,២៧ ​លាន​នាក់​។ ដោយឡែក​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ក្នុង​ខេត្ត​កំពត​មាន​ចំនួន ១៥២ ១១៩ ​នាក់​៕ LA