ក្រុងតូក្យូៈ ធ្លាប់ជាប្រទេសឈានមុខគេខាងផ្នែកប្រតិបត្តិការដោយមិនប្រើសាច់ប្រាក់ (Cashless payment) នៅពេលនេះជប៉ុនកំពុងស្ថិតនៅក្រោយគេ ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេជាច្រើនក្នុងពិភពលោកចាប់យកកាន់តែច្រើនឡើងៗនូវការទូទាត់តាមអេឡិចត្រូនិក ពីព្រោះប្រជាជនវ័យចំណាស់របស់ប្រទេសនេះនៅតែចូលចិត្តប្រើប្រាស់ប្រាក់រូបវន្ត។
ប្រតិបត្តិការទិញ ៤ ក្នុងចំណោម ៥ នៅតែត្រូវបានធ្វើឡើងជាមួយនឹងសាច់ប្រាក់ក្នុងប្រទេសជប៉ុន ទោះបីជាកេរ្តិ៍ឈ្មោះរបស់ខ្លួនជាប្រទេសទំនើប និងនវានុវត្តន៍ក្តី។ នៅកូរ៉េខាងត្បូងប្រតិបត្តិការប្រហែល ៩០ ភាគរយគឺជាឌីជីថល ខណៈប្រទេសស៊ុយអែតមានបំណងក្លាយជាសង្គមមិនប្រើប្រាស់សាច់ប្រាក់នៅដើមឆ្នាំ ២០២៣។
ប៉ុន្តែនៅជប៉ុនជាទីដែលបទឧក្រិដ្ឋ និងការក្លែងបន្លំគឺស្ទើរតែមិនមានសោះនោះ ដូច្នេះប្រជាជនមានអារម្មណ៍កក់ក្តៅខ្លាំងក្នុងការកាន់សាច់ប្រាក់ ហើយការឆ្លើយតបរបស់អ្នកប្រើប្រាស់ទៅនឹងបច្ចេកវិទ្យាមានភាពយឺតយ៉ាវ។
ក្នុងហាងជួសជុលកង់របស់លោក Katsuyuki Hasegawa អតិថិជនត្រូវបានអញ្ជើញឲ្យទូទាត់វិក្កយបត្ររបស់ពួកគេតាមរយៈកម្មវិធីទូទាត់ PayPay ដែលកម្មវិធីគ្រប់គ្រងរួមគ្នារវាងក្រុមហ៊ុន Softbank និងក្រុមហ៊ុន Yahoo ដោយប្រើកូដ QR តាមរយៈទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ។
ប៉ុន្តែលោក Hasegawa ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាមានមនុស្សតែ «២ ឬ ៣ នាក់» ប៉ុណ្ណោះក្នុងមួយសប្ដាហ៍ដែលប្រើប្រាស់សេវានេះ។
ម្ចាស់ហាងដែលមានអាយុ ៤០ ឆ្នាំរូបនេះបានថ្លែងថា៖ «នៅកន្លែងមួយបែបនេះ អ្វីៗគ្រប់យ៉ាងគឺយឺតបំផុត។ យើងទទួលបានអតិថិជនជាមនុស្សចាស់ៗជាច្រើនដែលចូលចិត្តជជែកគ្នាលេង ខណៈពួកគាត់ដកប្រាក់របស់ពួកគេចេញមកទូទាត់។ ពួកគេមិនត្រូវការប្រតិបត្តិការរហ័សនោះទេ»។
លោកបន្ថែមថា៖ «សម្រាប់ខ្លួនខ្ញុំ ខ្ញុំចង់បានសាច់ប្រាក់ជាង។ ជាមួយនឹងកម្មវិធីទូទាត់ប្រាក់ PayPay អ្នកមិនរាប់សាច់ប្រាក់របស់អ្នកទេ»។
ដោយជប៉ុនក្លាយជាសង្គម «មនុស្សចាស់ច្រើនបំផុត» លើកដំបូងដោយប្រជាជនជាង ២៨ ភាគរយមានអាយុ ៦៥ ឆ្នាំ ឬខ្ពស់ជាងនេះ វាកាន់តែពិបាកក្នុងការបញ្ចុះបញ្ចូលអតិថិជនឲ្យទទួលយកបច្ចេកវិទ្យាថ្មី។ នេះបើយោងតាមលោក Yuki Fukumoto អ្នកវិភាគប្រចាំវិទ្យាស្ថានស្រាវជ្រាវ NLI។
លោក Fukumoto បានថ្លែងថា៖ «បញ្ហាប្រឈមចាប់ពីពេលនេះតទៅគឺរបៀបក្នុងការលើកទឹកចិត្តមនុស្ស» ឲ្យផ្លាស់ប្តូរទម្លាប់របស់ពួកគេ។
នេះជាបញ្ហាប្រឈមធ្ងន់ធ្ងរមួយក្នុងប្រទេសមួយដែលមានម៉ាស៊ីន ATM ជាង ២ សែនគ្រឿង និងជាទីដែលហាងតូចៗភាគច្រើននឹងទទួលយកតែសាច់ប្រាក់ដើម្បីគេចផុតពីការចំណាយប្រតិបត្តិការខ្ពស់។
ប្រតិបត្តិការទូទាត់ជាច្រើនត្រូវបានផ្អាកនៅពេលក្រុមហ៊ុនលក់រាយឈានមុខគេ Seven & I Holdings ទទួលរងការវាយប្រហារភ្លាមៗពីការលួចយកទិន្នន័យ បន្ទាប់ពីដាក់ដំណើរការប្រព័ន្ធទូទាត់កូដ QR ថ្មី ហើយបានបង្ខំចិត្តបោះបង់ចោលគម្រោងនេះវិញ។
ភាពហួសសម័យ និងរបស់កម្រ
ប៉ុន្តែក្រឡេកមើលទៅក្រោយនៅទសវត្សរ៍ឆ្នាំ ១៩៩០ ជាពេលដែលក្រុមហ៊ុន Denso Wave របស់ជប៉ុនបានអភិវឌ្ឍកូដ QR លើកដំបូងដែលនៅពេលនេះ កូដនេះត្រូវបានប្រើប្រាស់ជាញឹកញាប់ក្នុងការទូទាត់មិនប្រើប្រាស់សាច់ប្រាក់ ខណៈដែលក្រុមហ៊ុន Sony បានផ្ដល់បន្ទះឈីបដែលប្រើប្រាស់នៅលើការដឹកជញ្ជូនសាធារណៈ និងសម្រាប់ការទូទាត់ការចំណាយចាប់តាំងពីទសវត្សរ៍ឆ្នាំ ២០០០។
ប័ណ្ណទូទាត់ការចំណាយសម្រាប់ប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងតូក្យូ និងបណ្ដាទីក្រុងផ្សេងទៀតជាញឹកញាប់ត្រូវបានប្រើប្រាស់សម្រាប់ការទិញខ្នាតតូចពីម៉ាស៊ីនលក់ស្វ័យប្រវត្តិ ឬហាងលក់ទំនិញ ប៉ុន្តែសាច់ប្រាក់នៅតែជាអ្វីដែលគេចង់បានសម្រាប់ប្រតិបត្តិការផ្សេងទៀត។
រដ្ឋាភិបាលជប៉ុនសង្ឃឹមថានឹងចាប់យកភ្ញៀវទេសចរជាច្រើនដែលរំពឹងថានឹងហូរចូលមកយ៉ាងច្រើនសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវក្តៅទីក្រុងតូក្យូឆ្នាំ ២០២០ ដើម្បីបង្កើនចំនួនទូទាត់អេឡិចត្រូនិកទ្វេដងដល់ ៤០ ភាគរយត្រឹមឆ្នាំ ២០២៥។
ជប៉ុនក៏គ្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធពិន្ទុផងដែរ ដើម្បីមួយផ្នែកផ្ដល់រង្វាន់ដល់អតិថិជនដែលចំណាយប្រាក់ដោយមធ្យោបាយមិនប្រើប្រាស់សាច់ប្រាក់។
ទីក្រុងតូក្យូប្រហែលជាបានផ្ដោតការយកចិត្តទុកដាក់លើការចំណាយនៃការពឹងលើសាច់ប្រាក់បែបនេះដែលត្រូវបានប៉ាន់ប្រមាណដោយការស្ទង់មតិរបស់ក្រុមហ៊ុន Boston Consulting Group ថាមានចំនួនប្រហែល ២ ពាន់ពាន់លានយ៉េន (១៨ ពាន់លានដុល្លារ) ដើម្បីរក្សាម៉ាស៊ីន ATM និងការដឹកជញ្ជូនប្រាក់ទៅមកដោយសុវត្ថិភាព។
ក្រុមហ៊ុនជាច្រើនកំពុងខិតខំប្រឹងប្រែងលើកកម្ពស់សង្គមមិនប្រើប្រាស់សាច់ប្រាក់ដែលកាលពីដើមឆ្នាំនេះក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Ra-kuten បានចាប់ផ្ដើមមណ្ឌលកីឡា «មិនប្រើប្រាស់សាច់ប្រាក់ ១០០ ភាគរយ» សម្រាប់ក្រុមកីឡាបេសស្បល និងក្រុមបាល់ទាត់របស់ខ្លួន។
លោកស្រី Akiko Yamanaka ដែលដំណើរការភោជនីយដ្ឋានទាន់សម័យមួយឈ្មោះថា Koguma បានឲ្យដឹងថាការបញ្ចុះតម្លៃ ១០ ភាគរយដែលផ្តល់ដោយក្រុមហ៊ុន PayPay សម្រាប់អ្នកបរិភោគអាហារល្ងាចដែលទូទាត់ការចំណាយដោយប្រើប្រាស់ប្រព័ន្ធរបស់ PayPay បានទាក់ទាញមនុស្សជាច្រើន។
ស្ត្រីវ័យ ៥៤ ឆ្នាំរូបនេះថ្លែងថា៖ «យុទ្ធនាការដូចនេះកាន់តែច្រើន មនុស្សកាន់តែច្រើននឹងផ្លាស់ប្តូរទៅជាការទូទាត់មិនប្រើប្រាស់សាច់ប្រាក់»។
លោក Hiroshi Mikitani ប្រធានក្រុមហ៊ុន Rakuten ត្រូវបានជឿជាក់ថា នៅពេលអនាគតគឺគ្មានការប្រើប្រាស់សាច់ប្រាក់ឡើយ សូម្បីតែក្នុងប្រទេសជប៉ុន។
លោកឲ្យដឹងតាមរយៈសារមួយដែលចេញផ្សាយថ្មីៗនេះថា៖ «នៅថ្ងៃណាមួយក្នុងពេលឆាប់ៗប្រាក់ដែលយើងបានស្គាល់វាដែលជាក្រដាសប្រាក់ជាកាក់ដែលយើងកាន់នឹងហួសសម័យ ហើយអាចក្លាយជារបស់មានតម្លៃ និងកម្រដូចជាថាសចម្រៀងខ្មៅនៅពេលនេះដែរ»៕ LA