ភ្នំពេញ: ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រកាស​ពី​អនុវត្ត​គម្រោង​ស្តីពី​ពិពិធ​កម្មវិស័យ​កសិកម្ម​នៅ​កម្ពុជា ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក និង​ថវិកាបដិភាគ​របស់​រដ្ឋាភិបាល​សរុប​ជាង ១០០​ ​លាន​ដុល្លារ​។ នេះ​បើ​តាម​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួងកសិកម្ម​។

ការប្រកាស​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង​ពិពិធកម្ម​វិស័យ​កសិកម្ម​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ១០ ខែ​តុលា ឆ្នាំ​ ២០១៩ ​នេះ​។

លោក សរ ចិត្រា នាយក​គម្រោង​ពិពិធ​កម្មវិស័យ​កសិកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ធនាគារពិភពលោក​បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​សម្រាប់​គម្រោង​សរុប ១០១,៦៧ លាន​ដុល្លារ​ក្នុង​នោះ​ថវិកាបដិភាគ​រដ្ឋាភិបាល​ចំនួន​ ១០ ​លាន​ដុល្លារ​។

លោក​បន្តថា គម្រោង​នេះ​ត្រូវ​បាន​ធនាគារពិភពលោក អនុម័ត​កាលពី​ខែ​មករា ឆ្នាំ​នេះ​ដែល​មាន​រយៈពេល​ ៦ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ ២០២៥​។ លោក​ថ្លែងថា​គម្រោង​នេះ​នឹង​អនុវត្ត​ក្នុង​ខេត្ត​គោលដៅ​ចំនួន ១២ គឺ​ខេត្ត​កំពង់ឆ្នាំង បាត់ដំបង ព្រះវិហារ សៀមរាប ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និង រាជធានី​ភ្នំពេញ​»​។

អ្នកស្រី Inguna Dobraja តំណាង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា គម្រោង​ពិពិធ​កម្មវិស័យ​កសិកម្ម​នៅ​កម្ពុជា​ (CASDP) ​នឹង​ជួយ​សម្របសម្រួល​ការវិនិយោគ​ធុរកិច្ច​កសិកម្ម ជំរុញ និង​លើកទឹកចិត្ត​ការវិនិយោគ​កសិដ្ឋាន និង​សម្ភារ​កសិកម្ម ពង្រឹង​និង​ផ្សារភ្ជាប់​ខ្សែចង្វាក់​តម្លៃ និង​ទីផ្សារ និង​លើក​ទឹកចិត្ត​ឲ្យ​មាន​កាលានុវត្តភាព​ធុរកិច្ច​កសិកម្ម ព្រមទាំង​ការកំណត់​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ផងដែរ​។ អ្នកស្រី​បន្តថា​៖ «​ធនាគារពិភពលោក​នឹង​នៅ​បន្តធ្វើ​ការគាំទ្រ និង​ឧបត្ថម្ភ​ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​»​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែងថា គម្រោង​នេះ​បាន​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ របស់​រាជរដ្ឋាភិបាល និង​កំពុង​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​កសិកម្ម​តាមរយ:​ការធ្វើ​ទំនើបកម្ម​លើ​វិស័យ​កែច្នៃ ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ ការបង្កើន​តម្លៃបន្ថែម ដើម្បី​ធ្វើការ​ប្រកួតប្រជែង​។ លោក​បន្តថា វិស័យ​កសិកម្ម​នៅតែ​បំពេញ​តួនាទី​យ៉ាង​សំខាន់ ដើម្បី​ចីរភាព​កំណើន​សេដ្ឋកិច្ច សង្គម​នៅ​ជនបទ ការកាត់បន្ថយ​ភាពក្រីក្រ និង​ធានាបាន​នូវ​ប្រព័ន្ធ​សន្តិសុខ​ស្បៀង​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​បាន​បន្ត​យកចិត្ត​ទុកដាក់​លើ​ការបង្កើន​ផលិតភាព ការធ្វើ​ពិពិធភាវូបនីយកម្ម និង​ពាណិជ្ជូបនីយកម្ម កសិកម្ម ការលើកកម្ពស់​ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម ការគ្រប់គ្រង ធនធាន​ជលផល និង​ព្រៃឈើ​ប្រកប​ដោយ​ចីរភាព​»​។

កាលពី​ថ្ងៃទី​ ១២ ខែ​កញ្ញា ឆ្នាំ​ ២០១៩ មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​កសិកម្ម (IFAD) របស់​អង្គការ​សហប្រជាជាតិ​បានអនុម័ត​ផ្តល់​កម្ចី​សរុប ៩២,១១ លាន​ដុល្លារ​លើ​គម្រោង​ទីផ្សារ​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព និង​គម្រោង​អាជីវកម្ម និង​ពាណិជ្ជកម្ម​កសិកម្ម​ដល់​រដ្ឋាភិបាល​កម្ពុជា​៕