ភ្នំពេញ: ក្រសួងកិច្ចការនារីបានអំពាវនាវដល់សហព័ន្ធ សមាគម សហគមន៍ និងសមាគមសហគ្រិនស្ត្រីក្នុងវិស័យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជាឲ្យចូលរួមក្នុងបណ្តាញសហគ្រិនស្ត្រីនៅកម្ពុជាដែលគ្រោងនឹងបង្កើតក្នុងពេលឆាប់ៗនេះក្នុងគោលបំណងប្រមូលផ្តុំសំឡេងស្ត្រីតែមួយតំណាងឲ្យកម្ពុជាក្នុងវិស័យធុរកិច្ច។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី។
បើតាមសេចក្តីប្រកាសព័ត៌មាន បណ្តាញសហគ្រិនស្ត្រីនៅកម្ពុជា (CamWen) គឺជាបណ្តាញថ្មីមួយដែលមានការផ្តួចផ្តើមបង្កើតឡើងដោយក្រសួងកិច្ចការនារី ដើម្បីចូលរួមក្នុងបណ្តាញសហគ្រិនស្ត្រីនៅកម្ពុជាសហព័ន្ធ ឬសមាគមស្ត្រីក្នុងសហគ្រាសខ្នាតតូច និងមធ្យមដែលត្រូវមានសមាជិកយ៉ាងតិច ២៥ នាក់។ ចំណែកសហគមន៍ ឬសមាគមសហគ្រិន និងធុរកិច្ច ត្រូវមានសមាជិកជាស្ត្រីយ៉ាងតិច ៥០ នាក់ឡើងទៅ។
លោក ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារីបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ក្រសួងកិច្ចការនារីបានផ្តួចផ្តើមឲ្យវិស័យឯកជនបង្កើតបណ្តាញសហគ្រិន CamWen ដើម្បីជាតំណាងឲ្យកម្ពុជាក្នុងវិស័យធុរកិច្ចក្នុងការលើកកម្ពស់ការអភិវឌ្ឍសហគ្រិនភាពជាស្ត្រីនៅលើឆាកអន្តរជាតិ។
លោកថ្លែងថា៖ «ការបង្កើតបណ្តាញនេះជាវេទិកាមួយសម្រាប់សហគ្រិនស្ត្រីខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជាមកជួបជុំគ្នា ដើម្បីលើកឡើងអំពីបញ្ហាប្រឈមនានាក្នុងវិស័យនេះ ហើយបណ្តាញនេះនឹងតំណាងឲ្យកម្ពុជាក្នុងការចូលរួមកិច្ចប្រជុំនានាលើឆាកអន្តរជាតិផងដែរ»។
លោកសង្ឃឹមថា បណ្តាញ CamWen នឹងអាចដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ និងទីផ្សារក្នុងវិស័យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមនៅកម្ពុជា ដែលពួកគេកំពុងជួបប្រទះសព្វថ្ងៃនេះ។
លោកបញ្ជាក់ថា៖ «ក្នុងវិស័យនេះពួកគាត់កំពុងជួបបញ្ហាប្រឈមនឹងផ្នែកហិរញ្ញវត្ថុ ការប្រកួតប្រជែងក្នុងការពង្រីកខ្លួនពីអាជីវកម្មលក្ខណៈគ្រួសារទៅជាអាជីវកម្មខ្នាតធំ ហើយការជ្រៀតចូលទៅទីផ្សារអន្តរជាតិក៏ជាបញ្ហាប្រឈមផងដែរ»។
លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុន LY LY Food Industry Co បានឲ្យដឹងថាកម្ពុជាចាំបាច់បង្កើតបណ្តាញសហគ្រិនស្ត្រី CamWen ដើម្បីឲ្យកម្ពុជាអាចចូលជាសមាជិកក្នុងបណ្តាញសហគ្រិនស្ត្រីអាស៊ាន។ លោកបន្ថែមថា នៅពេលកម្ពុជាក្លាយជាសមាជិកសហគ្រិនស្ត្រីអាស៊ាននឹងធ្វើឲ្យសហគ្រិនស្ត្រីនៅកម្ពុជាមានឱកាសពង្រីកអាជីវកម្មរបស់ខ្លួនក្នុងប្រទេសបណ្តាអាស៊ាន។
លោកស្រីថ្លែងថា៖ «វាល្អដោយសារយើងមានបណ្តាញស្ថិតក្នុងកម្រិតអន្តរជាតិ គឺអាស៊ាន កាលណាយើងបានចូលជាសមាជិកសហគ្រិនស្ត្រីអាស៊ាន វានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការទំនាក់ទំនងអាជីវកម្មរបស់យើង និងការចូលរួមចែករំលែកបទពិសោធគ្នាទៅវិញទៅមក»។
សេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា បណ្តាញសហគ្រិនស្ត្រីនៅកម្ពុជា គ្រោងនឹងដំណើរការនៅចុងឆ្នាំ ២០១៩ នេះ។
លោក ឈុនហាក់ រំពឹងថា សមាគមសហគ្រិនស្ត្រីធំៗចំនួន ៥ នឹងចូលក្នុងបណ្តាញ CamWen នេះដែលសមាគមទាំងនោះមានសមាជិកជាង ១០០ នាក់ឡើងទៅ។ លោកបន្ថែមថា៖ «យើងសង្ឃឹមថានៅពេលគាត់ប្រមូលផ្តុំគ្នា យើងនឹងផ្តល់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាព បញ្ហាប្រឈមផ្សេងៗទៀត ហើយវាជាចំណែកមួយចូលរួមក្នុងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍសហគ្រិននៅកម្ពុជា»។
ថ្មីៗនេះអង្គការ USAID បានផ្តួចផ្តើមបង្កើតគម្រោងថ្មីមួយហៅថា WE Act ដែលមានមូលនិធិ ១០ លានដុល្លារ ដើម្បីលើកកម្ពស់សហគ្រិនស្ត្រី។
បើតាមរបាយការណ៍ International Finance Corporation (IFC) បានបង្ហាញថា សហគ្រិនជាស្ត្រីនៅតែប្រឈមក្នុងការទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្មដែលមានត្រឹមតែ ៣ ភាគរយប៉ុណ្ណោះ ខណៈតម្រូវការឥណទានដែលសហគ្រិនស្ត្រីត្រូវការត្រូវបានប៉ាន់ប្រមាណថាមាន ៤,២ ពាន់លានដុល្លារ។
របាយការណ៍បង្ហាញថា បច្ចុប្បន្ននៅកម្ពុជាមានសហគ្រាស ៥១៣ ៧៥៩ ក្នុងនោះ ៩៧,៧ ភាគរយ ជាសហគ្រាសខ្នាតតូច និង ២,២ ភាគរយ សហគ្រាសខ្នាតធំ។ ស្ត្រីគ្រប់គ្រងសហគ្រាសខ្នាតតូច និងមធ្យម ២៦ ភាគរយ និងសហគ្រាសខ្នាតតូច ៦២ ភាគរយ៕LA