
សំណង់គម្រោងនានា ក្បែរតំបន់ឆ្នេរ នៅក្នុងខេត្តព្រះសីហនុ។ ហេង ជីវ័ន
ព្រះសីហនុ៖ ឆ្នេរសមុទ្រខេត្ត ព្រះសីហនុ ដែលជាប់ចំណាត់ថ្នាក់ជាឆ្នេរស្រស់ស្អាតបំផុតរបស់ពិភពលោករយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នាត្រូវបានគេមើលឃើញថា កំពុងទទួលរងនូវការបំពុលដោយគម្រោងអភិវឌ្ឍន៍ដែលកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លំហូរចូលយ៉ាងគំហុកទាំងភ្ញៀវទេសចរ និងវិនិយោគិនចិន បានធ្វើឲ្យទីក្រុងឆ្នេរមួយនេះលេចឡើងទាំងសំណង់ស្អេកស្កះ និងប៉ះពាល់បរិស្ថាន ដែលធ្វើឲ្យក្រុងនេះកំពុងប្រឈមនឹងបញ្ហាអវិជ្ជមានជាច្រើន ដែលអាចជះឥទ្ធិពលអាក្រក់ដល់វិស័យទេសចរណ៍របស់ខេត្ត។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃចន្ទបានជួបជាមួយអាជ្ញាធរខេត្តនិងភាគីពាក់ព័ន្ធជាច្រើនទៀតដើម្បីរកវិធីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការអភិវឌ្ឍទេសចរណ៍ខេត្ត ព្រះសីហនុ។
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ហាប្រឈមដែលកំពុងកើតឡើងក្នុងក្រុងព្រះសីហនុ មានដូចជា សន្តិសុខ បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងសេវាទេសចរណ៍ជាដើម។
លោក ថោង ខុន បានស្នើឲ្យអាជ្ញាធរទប់ស្កាត់មិនឲ្យមាន ការបង្ហូរទឹកកខ្វក់ហូរចូលសមុទ្រ និងការគ្រប់គ្រងសំរាម ឲ្យមានប្រសិទ្ធភាព។
ថ្មីៗនេះមានការរំលោភបំពានដោយការចាក់ដីលុបឆ្នេរព្រែកត្រែង ដែលធ្វើឲ្យមានការរិះគន់នោះរដ្ឋាភិបាលក៏បានបញ្ជាឲ្យកាយដីចេញវិញ។
របាយការណ៍មន្ទីរទេសចរណ៍ខេត្ត ព្រះសីហនុ ឲ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំនេះខេត្ត ព្រះសីហនុ មានភ្ញៀវទេសចរជាង ១,៣ លាននាក់កើនឡើង ១០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន៕LA