ភ្នំពេញ: ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បានដាក់​ឲ្យ​ដំណើរការ​សាកល្បង​នូវ​កម្មវិធី «​ផ្សារ​កសិកម្ម​កម្ពុជា ឬ CamAgriMarket» ដើម្បី​ជួយ​សម្របសម្រួល​រវាង​អ្នកលក់ និង​អ្នកទិញ​ក្នុង​ការទទួល​បាន​ព័ត៌មាន​អំពី​ទីផ្សារ​តម្លៃ និង​ទីកន្លែង​លក់​។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​កសិកម្ម​។

លោក មៀច យ៉ាឌី ប្រធាន​ការិយាល័យ​ទីផ្សារ​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​​ឲ្យ​ដឹងថា ក្រសួង​បាន​បង្កើត​កម្មវិធី «​ផ្សារកសិកម្ម​កម្ពុជា​» លើ​ទូរស័ព្ទដៃ​ក្នុង​គោលបំណង​ដើម្បី​ផ្សារភ្ជាប់​រវាង​អ្នកលក់ និង​អ្នកទិញ​បាន​យ៉ាង​ទូលំទូលាយ និង​ឆាប់រហ័ស​។

លោក​ថ្លែងថា​៖ «​កសិករ​អាច​ប្រកាស​លក់ទំនិញ​ហើយ​អ្នកទិញ​ក៏​អាច​ប្រកាស​ស្វែង​រក​ទិញ​ទំនិញ​អ្វីមួយ​នៅក្នុង​កម្មវិធី​នេះ យើង​រក​វិធី​ដោះស្រាយ​កុំ​ឲ្យ​គេ​ថា​​អ្នកលក់​មិនដឹង​លក់​នៅ​ទីកន្លែង​ណា ហើយ​អ្នកទិញ​មិនដឹង​ស្វែងរក​ទិញ​ទំនិញ​នៅ​កន្លែង​ណា​»​។ លោក​បន្តថា កម្មវិធី​នេះ​ទទួល​បាន​ការគាំទ្រ​ពី​ដៃគូ​សហការ​នៃ​ក្រសួង​កសិកម្ម​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​ក្រសួង​កសិកម្ម​កម្ពុជា​គ្រោង​នឹង​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែមីនា​ឆ្នាំ​ក្រោយ​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ឲ្យ​ដឹងថា កសិករ​ដាំ​បន្លែ និង​ចិញ្ចឹមសត្វ​នឹង​ទទួល​បាន​ព័ត៌មាន​ពី​តម្លៃ​ និង​ទីផ្សារ​ជាក់លាក់​បន្ថែមទៀត​តាមរយៈ​កម្មវិធី​ «​ផ្សារ​កសិកម្ម​កម្ពុជា​» ​លើ​ទូរស័ព្ទដៃ​នេះ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា​កម្មវិធី​នេះ​វា​ល្អ​សម្រាប់​កសិករ ព្រោះ​កន្លងមក​ពួកគាត់​ពិបាក​នឹង​ទទួល​បាន​ព័ត៌មាន​ពី​ទីផ្សារ និង​តម្លៃ កម្មវិធី​នេះ​នឹង​ជា​ជំនួយ​ដល់​គាត់​»​។

លោក​បន្តថា​៖ «​ដើម្បី​លើក​កម្ពស់​ទីផ្សារ​បន្លែ ត្រី សាច់ ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ទប់ស្កាត់​ការនាំ​ចូល​ដែល​មិន​គោរព​តាម​បទដ្ឋាន​របស់​ក្រសួង​ឲ្យ​តឹងរ៉ឹង​»​។

លោក សឿន សាំងទី កសិករ​ដាំបន្លែ​ប៉េងប៉ោះ​នៅ​ខេត្ត​កំពង់ស្ពឺ​ដែល​កំពុង​ប្រឈម​នឹង​ការ​គ្មាន​ទីផ្សារ​បាន​ឲ្យ​ដឹងថា លោក​នឹង​សាកល្បង​តាម​កម្មវិធី​នេះ​។ លោក​ថ្លែងថា​៖ «​ដោយសារ​គ្មាន​អ្នកទិញ​ផ្លែ​ប៉េងបោះ​ទុំ​ជ្រុស​ពេញ​ចម្ការ ខ្ញុំ​គិតថា កម្មវិធី​នេះ​ល្អ ខ្ញុំ​នឹង​សាកល្បង​ប្រើ​វា​»​។ លោក​បន្តថា ចម្ការ​លោក​អាច​ផ្គត់ផ្គង់​បន្លែ​ប៉េងបោះ​ចន្លោះ​ពី​ ៣០០ ទៅ ៤០០ ​គីឡូក្រាម​ ក្នុង​ការប្រមូលផល​ក្នុង​ ១ ​លើក​ដែល​ ២ ​ថ្ងៃ​ប្រមូលផល​ម្តង​។

លោកស្រី តុង ចាន់ធាង នាយិកា​អង្គការ​កសិកម្ម សេដាក និយាយថា កសិករ​មួយចំនួន​នឹង​ពិបាក​ទទួលបាន​ព័ត៌មាន​ពី​ទីផ្សារ និង​តម្លៃ​ពី​កម្មវិធី​នេះ​ដោយ​ចំណេះដឹង​ពួកគេ​នៅ​មាន​កម្រិត​នៅឡើយ​។ លោកស្រី​ថ្លែងថា​៖ «​កម្មវិធី​នេះ​ហាក់បីដូច​ជាថ្មី​សម្រាប់​ពួកគេ ខណៈ​ចំណេះដឹង​ពួកគាត់​មាន​កម្រិត​ក្នុង​ការប្រើប្រាស់​ទូរស័ព្ទ​ទំនើប និង​សេវា​អ៊ីនធឺណិត​មាន​កម្រិត​នៅ​តាម​ទីជនបទ​»៕ LA