ភ្នំពេញៈ ក្រសួងកសិកម្មបានប្រកាសឲ្យម្ចាស់ផ្ទះត្រចៀកកាំ ត្រូវចុះបញ្ជីនៅក្រសួងយោងតាមច្បាប់រដ្ឋបាលព្រៃឈើរបស់ក្រសួង។ នេះបើយោងតាម លោក យ៉ន យុវរិទ្ធិ មន្ដ្រីជំនាញរបស់រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម។
វិធានការនេះធ្វើឡើង ខណៈឧស្សាហកម្មដែលមិនត្រូវបានចុះបញ្ជីនេះ បានរកបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារ ហើយថា ការតម្រូវឲ្យចុះបញ្ជីអាជីវកម្មចិញ្ចឹមត្រចៀកកាំ ក៏ជាផ្នែកមួយនៃការជួយសម្រួលដល់ការនាំចេញផលិតផលសម្បុកត្រចៀកកាំផងដែរ។
យោងតាមសេចក្ដីប្រកាសកាលពីសប្ដាហ៍មុន បានលើកឡើងមាត្រា ៥០ នៃច្បាប់ព្រៃឈើ ដែលតម្រូវឲ្យ «គ្រប់កសិដ្ឋាន ឬកន្លែងចិញ្ចឹមសត្វស្ថិតក្នុងលក្ខខណ្ឌនៃសួនសត្វ ឬគ្រួសារ សម្រាប់សត្វព្រៃចាប់ពីប្រភេទមធ្យមត្រូវហាមឃាត់ លុះត្រាតែវាត្រូវបានចេញលិខិតយល់ព្រមដោយរដ្ឋបាលព្រៃឈើ» ដូច្នេះ ដើម្បីគោរពតាមច្បាប់ និងបញ្ជាក់ផលិតផលសម្បុកត្រចៀកកាំ ព្រមទាំងជួយសម្រួលនីតិវិធីនាំចេញ អាជីវកម្មផ្ទះត្រចៀកកាំលក្ខណៈគ្រួសារទាំងអស់ ត្រូវតែចុះបញ្ជីតាមរយៈរដ្ឋបាលព្រៃឈើ។
លោក យុន យុវរិទ្ធិ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា តាមច្បាប់ព្រៃឈើ អាជីវកម្មផ្ទះត្រចៀកកាំ ក៏ត្រូវបានរាប់ជាបក្សីជិតផុតពូជដែលវាតម្រូវឲ្យចុះបញ្ជីផងដែរ។
លោកថ្លែងថា៖ «តាមច្បាប់ ផ្ទះត្រចៀកកាំ គឺរាប់ក្នុងប្រភេទបក្សីអភិរក្ស និងជិតផុតពូជ ដូច្នេះវាតម្រូវឲ្យចុះបញ្ជី ខណៈអាជីវកម្មផ្ទះត្រចៀកកាំបន្តកើនឡើងស្ទើរតែទូទាំងប្រទេស ដូច្នេះយើងត្រូវការត្រួតពិនិត្យ និងការគ្រប់គ្រង»។
លោកបន្តថា៖«ការចុះបញ្ជី នឹងផ្ដល់អត្ថប្រយោជន៍ ដល់ម្ចាស់ផ្ទះត្រចៀកកាំ វានឹងបញ្ជាក់ដោយច្បាប់ និងកំណត់ផលិតផលដើមសម្រាប់ការនាំចេញផងដែរ»។
លោកបានបញ្ជាក់ថា និន្នាការអាជីវកម្មសម្បុកត្រចៀកកាំ កំពុងបង្ហាញពីកំណើន ហើយនឹងក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច ដោយសារតែតម្លៃផលិតផលសម្បុកត្រចៀកកាំ មានតម្លៃខ្ពស់នៅលើទីផ្សារ និងជាប្រភេទការវិនិយោគមួយដ៏ធំផងដែរ។
មកដល់ពេលនេះឧស្សាហកម្មសម្បុកត្រចៀកកាំនៅកម្ពុជាមិនស្ថិតក្រោមការនាំចេញផ្លូវការនៅឡើយទេ។
លោក អ៊ូ វង្សវីរៈ ម្ចាស់ផ្ទះត្រចៀកកាំ នៅក្នុងខេត្តកំពត ឲ្យដឹងថា ហាក់មិនចង់ឲ្យមានការចុះបញ្ជីអាជីវកម្មនេះពេលនេះទេ ដោយលើកឡើងថា ឧស្សាហកម្មផ្ទះត្រចៀកកាំ នៅតែតូចដែលមិនចាំបាច់ក្នុងការចុះបញ្ជីនោះទេ។
លោកលើកឡើងថា៖ «វាជាគំនិតល្អ សម្រាប់ការពង្រឹងច្បាប់ ប៉ុន្តែវាហាក់ដូចជាមិនចាំបាច់សម្រាប់ពេលនេះនៅឡើយទេ ដោយសារតែផ្ទះត្រចៀកកាំរបស់យើង នៅតែនៅមានកម្រិត ហើយយើងមិនអាចឈានទៅដល់ការនាំចេញនៅឡើយទេ»។
លោកបន្តថា ម្ចាស់ភាគច្រើន បានលក់សម្បុកត្រចៀកកាំ ឲ្យឈ្មួញកណ្ដាលជនជាតិចិន ដែលចំនួនការផលិតមិនគ្រប់គ្រាន់ ដើម្បីនាំចេញនោះទេ។
លោក អ៊ូ វង្សវីរៈ ឲ្យដឹងថា ការវិនិយោគលើការសាងសង់ផ្ទះត្រចៀកកាំស្ដង់ដារត្រូវចំណាយប្រហែលមិនតិចជាង ១០០ ០០០ ដុល្លារអាមេរិកនោះទេ ខណៈដែលសម្បុកត្រចៀកកាំមិនទាន់កែច្នៃលើ ទីផ្សារបច្ចុប្បន្នមានតម្លៃចន្លោះពី ៨០០ ដុល្លារទៅ ១ ១០០ដុល្លារក្នុង ១ គីឡូក្រាម និងសម្បុកត្រចៀកកាំដែលសម្អាតរួច មានតម្លៃចន្លោះពី ១ ៧០០ ដុល្លារទៅ ២ ២០០ ដុល្លារ ក្នុង ១ គីឡូក្រាម៕ LA