
សាច់ជ្រូកដែលអាជីវករលក់នៅផ្សារធំថ្មីនាពេលកន្លងមក។ ផា លីណា
ភ្នំពេញៈ កាលពីសប្តាហ៍មុនក្រសួងកសិកម្មបានចោទមន្ទីរសត្តឃាតទូទាំងប្រទេសថា បានឃុបឃិតគ្នាលើអាជីវកម្មពិឃាតសត្វក្នុងបំណងកំណត់ថ្លៃលើអាជីវកម្មផ្តាច់មុខនេះ ខណៈអាជ្ញាធរមូលដ្ឋានធ្វើមិនដឹងមិនឮ។
ការចោទប្រកាន់របស់ក្រសួងកសិកម្មនេះធ្វើឡើងក្នុងសេចក្តីប្រកាសមួយរបស់ក្រសួង ដែលប្តេជ្ញាថានឹងលុបបំបាត់អាជីវកម្មផ្តាច់មុខទាំងអស់ទាក់ទងនឹងការផ្គត់ផ្គង់ ការដឹកជញ្ជូន និងនាំចូលសាច់នៅក្នុងប្រទេសកម្ពុជា។
ក្នុងសារាចរដែលបានប្រើពាក្យធ្ងន់ៗចុះថ្ងៃទី ១៥ ខែកុម្ភៈ និងបានចេញផ្សាយកាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា ក្រសួងបាន «អង្កេតឃើញថា មានការឃុបឃិតមួយនៅក្នុងអាជីវកម្មសត្តឃាត» ការឃុបឃិតគ្នារវាងឈ្មួញលក់ដុំ និងលក់រាយក្នុងការកំណត់តម្លៃ និងការលក់អាជ្ញាប័ណ្ណបន្តជាដើម។
ក្រសួងកសិកម្មក៏បានអំពាវនាវផងដែរឲ្យអាជ្ញាធរមូលដ្ឋានដែលខ្លួនបានចោទប្រកាន់ថាមិនបានអនុវត្តច្បាប់ ឲ្យលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាពក្នុងទីផ្សារ។
មន្ត្រីក្រសួងបដិសេធផ្តល់ព័ត៌មានលម្អិតស្តីពីការស៊ើបអង្កេតដែលបានជូនដំណឹងក្នុងសារាចរនេះ។
លោក សេន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៅក្រសួងកសិកម្មបានថ្លែងថា៖ «ក្នុងរបាយការណ៍របស់យើង យើងពុំបានប្រាប់ពីឈ្មោះក្រុមហ៊ុន ឬបុគ្គលជាក់លាក់ណាមួយនោះទេ។ គោលដៅនៃការសិក្សាគោលនយោបាយនេះគឺកំណែទម្រង់គោលនយោបាយ ហើយវាមិនមានបំណងធ្វើឲ្យប៉ះពាល់ដល់នរណាម្នាក់នោះទេ»។ លោកបានបញ្ជាក់ថា៖ «យើងមិនចង់បង្កជម្លោះនោះទេ»។
លោក សេន សុវណ្ណ បានទទួលស្គាល់ថា មានការឃុបឃិតគ្នាក្នុងការបានទទួលការជំរុញពីអាជ្ញាធរមូលដ្ឋានចាប់ពីមន្ត្រីថ្នាក់ឃុំរហូតដល់អាជ្ញាធរមន្ទីរកសិកម្មខេត្ត តែលោកបានបញ្ជាក់ថា ពុំមានវិធានការដាក់ទោសទណ្ឌប្រឆាំងនឹងក្រុមអ្នកប្រព្រឹត្តល្មើសជារឿងចាំបាច់នោះទេ។
លោកបញ្ជាក់ថា៖ «នាពេលកន្លងមកពុំមានសារាចរបែបនេះនោះទេ ដូច្នេះពួកគាត់គ្រាន់តែអនុវត្តតាមចិត្តរបស់ខ្លួនប៉ុណ្ណោះ»។ លោកបានបន្តថា៖ «បច្ចុប្បន្នយើងមានសារាចរនេះហើយ ដូច្នេះអ្វីៗត្រូវតែប្រសើរឡើង»។
លោក សន ជ័យ នាយកប្រចាំប្រទេសសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) បានឲ្យដឹងថា កង្វះតម្លាភាព និងការអនុវត្តច្បាប់បានបង្កើតគំរូមិនល្អសម្រាប់ក្រុមអ្នកចូលរួមនៅពេលអនាគត។
លោកថ្លែងថា៖ «បើអាជ្ញាធរបានរកឃើញបញ្ហាហើយ តែមិនហ៊ានរាយការណ៍ពីអត្តសញ្ញាណក្រុមហ៊ុននោះ វាត្រូវបានចាត់ទុកថាជាជម្លោះផលប្រយោជន៍ដ៏ធំមួយ»។ លោកបានបន្តថា៖ «វាទំនងជាមានន័យថា ក្រុមហ៊ុនទាំងនោះត្រូវបានដំណើរការដោយ/ពាក់ព័ន្ធជិតស្និទ្ធជាមួយនឹងក្រុមមន្ត្រីរដ្ឋាភិបាល»។
លោក ស្រ៊ុន ភឿ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាដែលតំណាងឲ្យកសិករចិញ្ចឹមសត្វចំនួន ៤ ពាន់នាក់នៅក្នុងខេត្តកណ្តាលបានឲ្យដឹងថា ការលើកឡើងក្នុងសារាចរនេះដូចជាត្រឹមត្រូវដោយលោកបានកត់សម្គាល់ថា ក្រុមកសិករតែងតែព្យាយាមសុំអាជ្ញាប័ណ្ណដើម្បីប្រើប្រាស់ទីសត្តឃាត។
កសិករម្នាក់ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាលបានឲ្យដឹងថា លោកបានទទួលអាជ្ញាប័ណ្ណកាលពីខែមុន បន្ទាប់ពីបានដាក់ពាក្យសុំអស់រយៈពេលជាច្រើនខែមក។ ប៉ុន្តែលោកនៅតែមានចម្ងល់ថា លោកក្រទទួលបានអាជ្ញាប័ណ្ណនេះ។
កសិករដែលបានស្នើសុំមិនផ្តល់អត្តសញ្ញាណរូបនេះបានឲ្យដឹងទៀតថា លោកបានព្យាយាមអស់រយៈពេលជាច្រើនខែ ដើម្បីទទួលបានអាជ្ញាប័ណ្ណពីមន្ទីរកសិកម្មខេត្តវាដូចជា «ទៅសុំភ្លើងយក្យអ៊ីចឹង»។ លោកបន្តឲ្យថា៖ «នៅពេលខ្ញុំបានទៅដល់មន្ទីរកសិកម្មខេត្ត ស្នើសុំអាជ្ញាប័ណ្ណនោះ ក្រុមមន្ត្រីនៅទីនោះហាក់បីដូចជាមិនស្វាគមន៍ខ្ញុំទេ»។
លោក អ៊ុល ដូរិន ប្រធានការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វនៃមន្ទីរកសិកម្មខេត្តកណ្តាលបានផ្តល់ចម្លើយផ្ទុយពីនេះចំពោះសំណួរទាក់ទងនឹងស្ថានភាពផ្តល់អាជ្ញាប័ណ្ណនៅខេត្តកណ្តាល។
ដំបូងលោកបានបង្វែរការស្តីបន្ទោសពីកង្វះអាជ្ញាប័ណ្ណនេះទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅពេលលោកបញ្ជាក់ថាការពិតមន្ទីររបស់លោកទទួលខុសត្រូវចេញអាជ្ញាប័ណ្ណនេះលោកបានបដិសេធការចោទប្រកាន់ថា មិនដែលមានការលំបាកក្នុងការទទួលបានអាជ្ញាប័ណ្ណនេះនាពេលកន្លងមកនោះទេ។
លោកបានបន្តឲ្យដឹងថា៖ «បើពួកគាត់មានសិទ្ធិបើកទីសត្តឃាត ឬនាំយកសត្វរបស់ខ្លួនមកសម្លាប់នៅទីសត្តឃាតត្រឹមត្រូវមួយនោះយើងតែងតែផ្តល់អាជ្ញាប័ណ្ណដល់ពួកគាត់»៕ BP