
ភ្ញៀវទេសចរចម្រុះជាតិសាសន៍ទស្សនាប្រាសាទអង្គរវត្តឆ្នាំ ២០១៥។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងទេសចរណ៍នឹងដាក់ឱ្យដំណើរការកញ្ចប់ទេសចរណ៍ពិសេសមួយដែលហៅថា «Travel Bubble» ជាមួយប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ានបូក ៣ ដែលមានចិន ជប៉ុន និងកូរ៉េខាងត្បូងក្នុងការនាំភ្ញៀវទេសចរពីប្រទេសណាមួយ ឬតំបន់ណាមួយនៃបណ្តាប្រទេសទាំងនេះមកទស្សនានៅកម្ពុជាក្នុងការជួយស្តារឡើងវិញនៃវិស័យទេសចរណ៍ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ន។
លោក តុប សុភ័ក្ត្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យថា Travel Bubble នេះគឺជាកញ្ចប់ទេសចរណ៍ពិសេសដែលប្រទេសកម្ពុជាមានលទ្ធភាពនាំអ្នកទេសចរពីប្រទេសណាមួយ ឬពីគោលដៅនៃប្រទេសណាមួយដែលមានការគ្រប់គ្រងជំងឺកូវីដ ១៩ បានច្បាស់លាស់មិនមានការរីករាលដាលឆ្លងធំដុំ ឬពីប្រទេសណាដែលមានការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ បានល្អ ឬពីគោលដៅនៃប្រទេសណាមួយដែលអត់មានឆ្លងជំងឺកូវីដ ១៩។
លោក សុភ័ក្ត្រ បញ្ជាក់៖ «នេះជាផែនការយុទ្ធសាស្ត្រ និងជាគោលនយោបាយរបស់ក្រសួងទេសចរណ៍ យើងបានកំពុងសិក្សាអំពីលទ្ធភាពនៃការធ្វើ Travel Bubble ជាមួយបណ្តាប្រទេសនានានៅក្នុងអាស៊ាន ក៏ដូចជាអាស៊ានបូក ៣ ដែលមាន ប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិន។ តាមរយៈការសិក្សានេះ យើងសង្កេតឃើញថា យើងអាចធ្វើកិច្ចការនេះបាន ប៉ុន្តែនៅក្នុងកាលៈទេសៈនេះក៏យើងមិនទាន់អាចធ្វើអ្វីបានដែរ ឥឡូវយើងកំពុងតែធ្វើការ ១ ជំហានទៀតជាមួយក្រសួងសុខាភិបាល ដើម្បីរៀបចំឱ្យបានស្រួលបួល និងច្បាស់លាស់ពីព្រោះ Travel Bubble នេះគឺជាកញ្ចប់ទេសចរណ៍ពិសេសមួយដោយឡែក»។
លោកបន្ថែមថា៖ «យើងត្រូវរៀបចំនូវបែបបទនីតិវិធីនានាជាមួយក្រសួងសុខាភិបាលគឺយើងត្រូវធ្វើដោយល្អិតល្អន់ និងប្រុងប្រយ័ត្នដោយសារតែពេលយើងធ្វើយើងត្រូវចុះ MoU ជាមួយក្រុមហ៊ុន ឬភ្នាក់ងារទេសចរណ៍ណាមួយ ជិះយន្តហោះណា ក្រុមហ៊ុនណា មកស្នាក់នៅសណ្ឋាគារណា មកទទួលទានអាហារនៅភោជនីយដ្ឋានណា និងទៅទស្សនានៅតំបន់ ឬរមណីយដ្ឋានណាខ្លះ ដូច្នេះវាជាការនាំទេសចរណ៍មួយដែលមានការគ្រប់គ្រងច្បាស់លាស់ និងខុសពីមុនដែលភ្ញៀវទេសចរគាត់អាចដើរលេងទៅតាមចិត្តដោយខ្លួនឯង»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី ប៉ាស៊ីហ្វិក បានស្វាគមន៍ Travel Bubble ថា ជាកញ្ចប់ទេសចរណ៍នៃការផ្លាស់ប្តូររយៈពេលខ្លីដែលមានន័យថា គេធ្វើក្នុងរយៈពេលខ្លី ហើយវាសំខាន់ណាស់នៅក្នុងសម័យកូវីដ១៩ នេះ ដោយសារតែវិស័យទេសចរណ៍ស្ទើរតែស្លាប់ទៅហើយ នៅសល់តែសណ្ឋាគារនៅភ្នំពេញ និងខេត្តព្រះសីហនុដែលត្រៀមបម្រុងទុកនៃការធ្វើចត្តាឡីស័កតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ការដែលរដ្ឋាភិបាលត្រៀមធ្វើ Travel Bubble គឺសម្រាប់ខ្ញុំ វាជារឿងសំខាន់ដែលអាចផ្លាស់ប្តូរដំណើរទេសចរណ៍ និងវាអាចបន្ស៊ាំនៅក្នុងការរស់នៅក្នុងរបៀបថ្មី ( New Normal)។ បើសិនជាយើងអាចធ្វើបានជាមួយប្រទេសជិតខាង និងចិន កូរ៉េ និងជប៉ុននេះ គឺវាជួយដល់វិស័យទេសចរណ៍ បើទោះបីមិនច្រើនតែយ៉ាងហោចណាស់ក៏វានៅមានចរន្តទេសចរណ៍ឱ្យបានខ្លះ»។
បើយោងតាមលោក សុភ័ក្ត្រ ក្រសួងទេសចរណ៍កំពុងធ្វើកិច្ចការជាមួយភាគីពាក់ព័ន្ធ មុនដាក់ឱ្យអនុវត្ត Travel Bubble ដើម្បីបញ្ចៀសហានិភ័យ ដោយមិនទាន់កំណត់ពេលវេលាជាក់លាក់ទេ។
លោកបានថ្លែងថា៖ « បច្ចុប្បន្នយើងក៏កំពុងធ្វើការជាមួយវិស័យឯកជនផងដែរ ពីព្រោះយើងត្រូវធ្វើឱ្យបានល្អិតល្អន់មែនទែន ដោយសារបណ្តាប្រទេសមួយចំនួននៅលើពិភពលោកគេបានធ្វើមុនយើង ១ ជំហានហើយ តែធ្វើបើកបិទៗ ព្រោះការផ្ទុះនៃការរីករាលដាលជំងឺកូវីដ ១៩។ អ៊ីចឹងហើយបានជាយើងនៅតាមដានមើលការវិវឌ្ឍនៃកូវីដ១៩ នេះសិន មុននឹងយើងចាប់ផ្តើមដំណើការ»។
មកដល់បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ចេញវិធានការដល់ជុំទី ៧ សម្រាប់វិស័យអាកាសចរណ៍ និងទេសចរណ៍ក្នុងគោលបំណងដើម្បីរក្សាលំនឹងអាជីវកម្ម និងសម្រាលបន្ទុកនៃការចំណាយរបស់ពួកគេនៅក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩។
របាយការណ៍របស់ក្រសួងទេសចរណ៍ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ១,២៦ លាននាក់ ធ្លាក់ចុះ ៧៦,១ ភាគរយ បើធៀបនឹងរយៈពេល ១០ ខែ ឆ្នាំ ២០១៩ ដែលមានចំនួន ៥,២៩ លាននាក់ដោយភ្ញៀវទេសចរមកដល់កម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំង ៣ មាន ៧៣៤ ៣០៩ នាក់ ធ្លាក់ ៨០,២ ភាគរយ តាមផ្លូវគោក និងផ្លូវទឹក ៥៣៣ ៥៨១ នាក់ ធ្លាក់ ៦៦,៣ ភាគរយ៕
វីដេអូ៖