សៀមរាបៈ ក្រសួងទេសចរណ៍ បានរៀបចំវេទិកាវិនិយោគលើវិស័យទេសចរណ៍លើកដំបូងកាលពីម្សិលមិញ នៅខេត្តសៀមរាប ដើម្បីពិភាក្សាពីការវិនិយោគលើវិស័យទេសចរណ៍កម្ពុជា។
វេទិកានេះមានការចូលរួមដោយក្រុមហ៊ុនជាតិ និងអន្តរជាតិមកពីប្រទេស ១១ និងអ្នកឯកទេសខាងការអភិវឌ្ឍទេសចរណ៍ ដើម្បីពិភាក្សាលើការវិនិយោគវិស័យទេសចរណ៍កម្ពុជា។
លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានឲ្យដឹងថា លទ្ធផលនៃកិច្ចពិភាក្សាបានពីវេទិកានេះ នឹងជាមូលដ្ឋានសម្រាប់ផែនការយុទ្ធសាស្ដ្រ នៃការវិនិយោគស្ដីពីវិស័យទេសចរណ៍ ដែលនឹងផ្អែកលើយុទ្ធសាស្ដ្ររបស់រដ្ឋាភិបាល និងគោលបំណងរបស់វិនិយោគិន។
លោកថ្លែងថា៖ «យើងរៀបចំរួចហើយ ដើម្បីការពារគម្រោងវិនិយោគទាំងអស់ ទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌ បរិស្ថាន និងនិរន្តរភាពទេសចរណ៍»។
លោកបន្តថា៖ «ការអភិរក្សបម្រើដល់ការអភិវឌ្ឍ និងការអភិវឌ្ឍបម្រើដល់ការអភិរក្ស»។
លោកបន្តថា នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងផលិតផលទេសចរណ៍របស់ក្រសួងទេសចរណ៍ នឹងបន្តជួយសម្រួល សហការ និងត្រួតពិនិត្យគម្រោងវិនិយោគនានា ទាំងឯកជន និងសាធារណៈ ដើម្បីធានានិរន្តរភាពការវិនិយោគ និងការទទួលខុសត្រូវ ផ្អែកលើនិន្នាការសកល។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិក ឲ្យដឹងថា នេះជាវេទិកាលើកដំបូង ក្នុងការពិភាក្សាលើការវិនិយោគវិស័យទេសចរណ៍ដើម្បីលើកកម្ពស់ និងបញ្ជ្រាបដល់វិនិយោគិនអន្តរជាតិ។
ក្រសួងទេសចរណ៍ឲ្យដឹងថារហូតដល់ឆ្នាំ ២០៣០ កម្ពុជា នឹងត្រូវការបន្ទប់ស្នាក់នៅ ១០០ ០០០ ដែលនឹងស្វាគមន៍ភ្ញៀវទេសចរ ៣០ លាននាក់ទាំងអន្តរជាតិ និងជាតិ ខណៈបច្ចុប្បន្នមានបន្ទប់ស្នាក់នៅតែ ៤៥ ០០០ ប៉ុណ្ណោះ៕LA