ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គ្រោងនឹងដាក់ឲ្យអនុវត្តលេខកូដរួមមួយដែលបានបង្កើតរួចហើយនៅពាក់កណ្តាលខែមិថុនាខាងមុខ។
លេខកូដនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្តាច់រាល់សេវាកម្មពីក្រុមហ៊ុនទូរគមនាគមន៍ដែលបានភ្ជាប់ដើម្បីចៀសវាងការកាត់លុយជាស្វ័យប្រវត្តិតទៅទៀត។
សេចក្តីជូនដំណឹងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលចេញផ្សាយកាលពីថ្ងៃសុក្របានឲ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជំរុញឲ្យនិយតករទូរគមនាគមន៍កម្ពុជា (TRC) សហការជាមួយប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់នៅកម្ពុជានៅក្នុងការពន្លឿនការអនុវត្តលេខកូដរួមមួយដែលបានបង្កើតរួចហើយ ដើម្បីឲ្យអ្នកប្រើប្រាស់អាចពិនិត្យ និងផ្តាច់រាល់សេវាកម្មបន្ថែមភ្លាមៗ។ ការបង្កើតកូដរួមនេះក្នុងបំណង ដើម្បីដោះស្រាយក្នុងការចៀសវាងការកាត់លុយជាស្វ័យប្រវត្តិតទៅទៀត ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។
ការពន្លឿននេះធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែររបស់សាធារណជនពីការកាត់លុយតាមទូរស័ព្ទដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនដឹងខ្លួន។ នេះបើយោងតាមសេចក្តីជូនដំណឹង។
សេចក្តីជូនដំណឹងនេះបន្តថា ទន្ទឹមនឹងនេះអ្នកប្រើប្រាស់គួរយល់ដឹងពីទំហំសេវាដែលខ្លួនទទួល និងសុពលភាពលើការប្រើប្រាស់សេវាកម្ម និងសេវាបន្ថែមរបស់បណ្តាក្រុមហ៊ុនឲ្យបានច្បាស់លាល់នៅពេលមានការភ្ជាប់គម្រោងផ្សេង។
សេវាកម្មទាំងនេះរួមមាន ការផ្លាស់ប្តូរគម្រោង ការប្តូរលុយ សេវា Calltune សេវាឆ្នោត សេវាហោរាសាស្ត្រ សេវាស្តាប់ចម្រៀង លទ្ធផលព័ត៌មានកីឡាសេវាខ្ចីប្រាក់មុនពីក្រុមហ៊ុន និងសេវាកម្មហៅចេញដោយមិនបញ្ចេញលេខ ជាដើម។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ក្រសួងសូមអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់មុននឹងធ្វើការតភ្ជាប់សេវាកម្មណាមួយគប្បីមានការប្រុងប្រយ័ត្ន និងពិនិត្យឲ្យបានច្បាស់លាស់»។
លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយតករទូរគមនាគមន៍កម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា វិធានការនេះនឹងជួយដោះស្រាយភាពមន្ទិលរបស់អ្នកប្រើប្រាស់ ហើយវានឹងជួយបង្កើនជំនឿចិត្តដល់ក្រុមហ៊ុនទូរគមនាគមន៍ផងដែរ។ លោកបន្តថា អ្នកប្រើអាចចុចលេខ ១ ២០០ ដើម្បីធ្វើការផ្តាច់កញ្ចប់សេវាកម្មនានាភ្លាមៗរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត នៅពេលលេខកូដនេះដាក់ឲ្យអនុវត្តជាផ្លូវការ។
លោកថ្លែងថា៖ «យើងដាក់លេខកូដមួយ ប្រសិនបើអ្នកប្រើមិនសប្បាយចិត្តជាមួយនឹងកញ្ចប់សេវាកម្មរបស់ក្រុមហ៊ុន ឬសង្ស័យថាមានកញ្ចប់សេវាកម្មណាចេះតែដាក់ឲ្យគាត់ អ៊ីចឹងពួកគាត់អាចចុចលេខ ១ ២០០ គឺផ្តាច់បានហើយ បើគាត់ចង់ភ្ជាប់សេវាកម្មណាវិញ គាត់អាចធ្វើការភ្ជាប់វាដោយខ្លួនឯងឡើងវិញ»។
លោកបន្តថា៖ «យើងកំពុងធ្វើការលើបច្ចេកទេសនេះហើយក្រសួងក៏បានជំរុញបន្ថែមថា ឲ្យនិយតករទូរគមនាគមន៍កម្ពុជាជំរុញឲ្យលឿនក្នុងរឿងនេះ ដើម្បីដោះស្រាយកុំឲ្យមានការភាន់ច្រឡំ ការមិនទុកចិត្តគ្នាទៅវិញទៅមក»។
លោកបានឲ្យដឹងថា លេខកូដនេះនឹងអាចប្រើប្រាស់បានគ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់។ លោកបន្តថា ក្រសួងក៏ដូចជា TRC កំពុងខិតខំប្រឹងប្រែងដើម្បីជំរុញក្នុងការពន្លឿនកិច្ចការនេះ ដើម្បីអាចដាក់ឲ្យអនុវត្តលេខកូដនេះនៅពាក់កណ្តាលខែមិថុនាខាងមុខ។
លោកនិយាយថា៖ «ឥឡូវនេះយើងឲ្យប្រតិបត្តិករធ្វើការកែសម្រួលកម្មវិធី Software របស់ពួកគាត់ ដើម្បីឲ្យទទួលស្គាល់លេខកូដ ១ ២០០ ដើម្បីឲ្យអ្នកប្រើប្រាស់អាចចុចលេខនេះធ្វើការផ្តាច់សេវាកម្មណាមួយបានគ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់»។
លោកបន្តថា៖ «យើងអំពាវនាវឲ្យអ្នកប្រើប្រាស់មុននឹងទិញកញ្ចប់សេវាកម្មត្រូវមើលលក្ខខណ្ឌឲ្យបានច្បាស់មុននឹងទិញ។ យើងមានទិសដៅយ៉ាងយូរនៅពាក់កណ្តាលខែមិថុនានឹងចេញជារូបរាង»៕LA
វីដេអូ៖