ភ្នំពេញ: ក្រសួងពាណិជ្ជកម្មបានសម្រេចបង្កើតក្រុមការងារបច្ចេកទេសសម្រាប់សិក្សា និងចងក្រងសេចក្តីព្រាងគោលនយោបាយស្វាយចន្ទីកម្ពុជា ដើម្បីលើកកម្ពស់ផលិតផល និងការនាំចេញស្វាយចន្ទី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារ។
បើតាមសេចក្តីប្រកាសព័ត៌មានក្រុមនេះមានសមាសភាព ១៣ រូប មកពីក្រសួងពាណិជ្ជកម្ម និងអង្គការសង្គមស៊ីវិល។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា៖ «ក្រុមការងារបច្ចេកទេសនឹងសម្របសម្រួលផែនការ សកម្មភាពកិច្ចប្រជុំផ្តល់យោបល់លើរបាយការណ៍បច្ចុប្បន្នភាពចង្វាក់ផលិតកម្មស្វាយចន្ទី និងសិក្ខាសាលាពិគ្រោះយោបល់ស្វែងរកធាតុចូល សិក្សាស្រាវជ្រាវ សែ្វងរកដៃគូ និងសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ក្នុងគោលបំណងបង្កើតគោលនយោបាយស្វាយចន្ទីកម្ពុជា»។
លោក ហុង សេងហាក់ ប្រធានការិយាល័យកសិឧស្សាហកម្មនៃមន្ទីរកសិកម្មខេត្តកំពង់ធំបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកគាំទ្រការបង្កើតក្រុមការងារបច្ចេកទេសសម្រាប់សិក្សា និងចងក្រងសេចក្តីព្រាងគោលនយោបាយស្វាយចន្ទីកម្ពុជានេះ។
លោកបញ្ជាក់ថា គោលនយោបាយស្វាយចន្ទីនឹងជួយលើកកម្ពស់ចង្វាក់ផ្គត់ផ្គង់ ខណៈកម្ពុជាកង្វះរោងចក្រកែច្នៃស្វាយចន្ទី។ លោកបន្តថា៖ «ខ្ញុំគិតថាវាជាសញ្ញាល្អប្រសិនបើយើងមានគោលនយោបាយស្វាយចន្ទី ដែលវានឹងផ្តល់ជាជំនួយបច្ចេកទេសដល់កសិករ ហើយក៏នឹងជួយទាក់អ្នកវិនិយោគនៅពេលអនាគតផងដែរ»។ លោកបន្ថែមថា កសិករបានចាប់ផ្តើមប្រមូលផលចន្ទីតាំងពីដើមខែកុម្ភៈមក ដែលតម្លៃចន្លោះពីជាង ៤ ០០០ រៀល ទៅ ៦ ០០០ រៀលក្នុង ១ គីឡូក្រាមនៅដើមរដូវប្រមូលផលនេះ។
លោកបន្តថា៖ «ដំណាំស្វាយចន្ទីជាដំណាំមួយប្រភេទមានការពេញនិយមដាំដុះសម្រាប់កសិករនៅខេត្តកំពង់ធំ បន្ទាប់ពីកៅស៊ូ និងដំឡូងមី។ ខ្ញុំរំពឹងថា ចន្ទី នឹងមានតម្លៃថេរក្នុងឆ្នាំនេះ»។ លោកបន្ថែមថា ដំណាំស្វាយចន្ទីដាំដុះលើផ្ទៃដី ៧៨ ០០០ ហិកតានៅខេត្តកំពង់ធំ។ លោកបញ្ជាក់ថា៖ «ស្វាយចន្ទីផ្តល់ផលជាមធ្យមចន្លោះពី ១ ទៅ ២ តោនក្នុង ១ ហិកតា»។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រហែល ២០២ ៣១៨ តោន កាលពីឆ្នាំមុនទៅទីផ្សារបរទេសកើនឡើងជិត ១០០ ភាគរយធៀបនឹងឆ្នាំ ២០១៨។
លោក ខាន់ សំបាន ប្រធាននាយកដ្ឋានកសិឧស្សាហកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីខែមុនថា ការនាំចេញសរុបបង្ហាញពីកំណើនដ៏រឹងមាំ ដោយសារតែក្រសួងបានកាត់បន្ថយភាពស្មុគស្មាញមួយចំនួននៃបែបបទនាំចេញ។
របាយការណ៍បានពីក្រសួងបានបង្ហាញថា ទិសដៅនាំចេញគ្រាប់ស្វាយចន្ទីសំខាន់ៗរបស់កម្ពុជាគឺប្រទេសវៀតណាម រុស្ស៊ី កូរ៉េខាងត្បូង ចិន ប៉េរូ មីយ៉ាន់ម៉ា ឥណ្ឌា អូស្ត្រាលី កោះតៃវ៉ាន់ សិង្ហបុរី និងម៉ាឡេស៊ី។ ផ្ទៃដីសរុបនៃការដាំដុះស្វាយចន្ទីមាន ១៤៩ ៦៦០ ហិកតា ទូទាំងប្រទេស។ ជិត ៦០ ភាគរយ ត្រូវបានប្រមូលផលដែលអាចផ្តល់ទិន្នផល ១១៦ ៣៤៣ តោនកាលពីឆ្នាំមុន។ នេះបើតាមតួលេខរបស់ក្រសួងកសិកម្ម៕LA