ភ្នំពេញៈ ​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម បាន​ច្រាន​ចោល​សំណើ​សុំ​រំលាយ​សហគមន៍​អំបិល​ ដោយ​​អះអាង​ថា​ អាជ្ញាធរ​នឹង​ស្វែងរក​ការ​ដោះស្រាយ​​បញ្ហា​នៅ​​ក្នុង​ឧស្សាហកម្ម​នេះ។​ ​នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​ក្រសួង​ឧស្សាហកម្ម​។

ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​នៅ​​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ចន្ទ​ រវាង​​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ​និងសិប្បកម្ម ​លោក ​ចម ​ប្រសិទ្ធ ​ជា​មួយ​នឹង​ភាគី​ពាក់ព័ន្ធ​​ក្នុង​ឧស្សាហកម្ម​ផលិត​អំបិល​។ សហគមន៍​អំបិល​កំពត​ កែប ​កាល​ពី​សប្តាហ៍​មុន​បាន​ដាក់​​លិខិត​សុំ​រំលាយ​សហគមន៍​នេះ​ចោល​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោយ​លើក​​ឡើង​ពី​បញ្ហា​នៃ​ការ​មិន​រួបរួម​គ្នា​ក្នុង​​ចំណោម​អ្នក​ផលិត​ក្នុង​ស្រុក​។​

លោក​ អ៊ុំ​ សុថា ​អ្នក​នាំពាក្យ​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម ​បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ​ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ ​ក្រសួង​សម្រេច​​រក្សា​ទុក​សហគមន៍​នេះ​នៅ​ដដែល​​។

លោក​ថ្លែង​ថា៖ ​«នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ​យើង​បាន​បើក​ឲ្យ​មាន​ការ​ពិភាក្សា​ដើម្បី​ស្តាប់​ពី​បញ្ហា​ប្រឈម​ពី​ភាគី​ពាក់ព័ន្ធ ពេល​នេះ​យើង​បាន​ប្រមូល​បញ្ហា​ទាំង​អស់​នេះ​ ហើយ​នឹង​បង្កើត​ក្រុម​ការងារ​ដើម្បី​ស៊ើប​អង្កេត​បន្ត​ដល់​កម្រិត​មូលដ្ឋាន​ដើម្បី​ស្វែងរក​បញ្ហា​ពិត​ប្រាកដ​ពី​កសិករ​»។

លោក​បន្ត​ទៀត​ថា៖ «ដំបូង​យើង​មិន​​ឯកភាព​ឲ្យ​រំលាយ​សហគមន៍​អំបិល​នេះ​ទេ ​យើង​ឲ្យ​​ពួក​គេ​ត្រូវ​រង់ចាំ​មើល​ដំណោះស្រាយ​ពី​យើង​សិន»​។

លោក ​អ៊ុំ​ សុថា ​បាន​និយាយ​ថា ​សហគមន៍​ផលិត​អំបិល ​គឺ​ស្ថិត​នៅ​ក្រោម​​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម ​ពួក​គេ​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​នោះ​ទេ​។

លោក ​ប៊ុន ​បារំាង ​សហ​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត ​កែប ​បាន​និយាយ​ថា ​សហគមន៍​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​។

លោក​ថ្លែង​ថា៖ ​«យើង​ក៏​មិន​ចង់​រំលាយ​វា​ចោល​ដែរ ​ព្រោះ​យើង​សម្រេច​​បាន​សមិទ្ធផល​ដ៏​ធំ​ក្នុង​រយៈពេល ​១៥ ​ឆ្នាំ​មក​នេះ ​ដូច្នេះ​យើង​រង់ចាំ​មើល​លទ្ធផល​ពី​ក្រសួង»​។

តាម​លោក ​ប៊ុន ​បារាំង​ សហគមន៍​ផលិត​អំបិល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០០៩ ​ដែល​មាន​អាណត្តិ ​៥ ឆ្នាំ ​និង​គ្រប់គ្រង​ផ្ទៃដី​ផលិត​អំបិល​ ៤​ ៦​០​០ ​​ហិកតា​ក្នុង​ខេត្ត​កំពត​ និង​កែប​។ ​

សុំ​សិទ្ធិ​ផ្តាច់មុខ​នាំចូល​អំបិល

ទោះបី​យ៉ាង​នេះ​ក្តី ​លោក​ បារាំង ​បាន​ឲ្យ​ដឹង​ថា ​សហគមន៍​បាន​ស្នើសុំ​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​នាំចូល​អំបិល​ដើម្បី​បំពេញ​ទីផ្សារ​ក្នុង​ស្រុក ​ក្នុង​ករណី​​ដែល​មាន​ការ​ខ្វះខាត​។

លោក​ថ្លែង​ថា៖​ «ដូច្នេះ​យើង​អាច​គ្រប់គ្រង​ពី​ចំនួន​អំបិល​ដែល​នាំ​ចូល​មក​បំពេញ​តម្រូវការ​ក្នុង​ស្រុក ​យើង​មិន​ចង់​ឃើញ​ការ​នាំចូល​លើស​តម្រូវ​ការ ​[ពី​ឈ្មួញ] ​ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ផលិត​ក្នុង​ស្រុក ​និង​ធ្វើ​ឲ្យ​តម្លៃ​ក្នុង​ស្រុក​​ធ្លាក់​ចុះ​នោះ​ទេ»​។

សំណើ​នេះ​ក៏​ត្រូវ​បាន​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម​ច្រានចោល​ដែរ ​ដោយ​សំអាង​ថា ​កម្ពុជា​កំពុង​អនុវត្ត​គោល​​នយោបាយ​ទីផ្សារ​​សេរី​។

លោក ​អ៊ុំ ​សុថា លើក​ឡើង​ថា៖ ​«​យើង​​ជា​ទីផ្សារ​សេរី​ អ្នក​គ្រប់គ្នា​មាន​សិទ្ធិ​នាំចេញ​ នាំចូល​ យើង​មិន​អាច​ខ្ទុប​​ទីផ្សារ​ ឬ​ផ្តល់​សិទ្ធិ​សម្រាប់​ទីផ្សារ​ផ្តាច់មុខ​បាន​ទេ ​យើង​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​»​។​

លោក​ ឃឿន ​ស៊ុនធាន ​អ្នក​ផលិត​អំបិល​​មួយ​រូប ​ដែល​មាន​ស្រែ​អំបិល ​១៦ ​​ហិកតា​ ក្នុង​ខេត្ត​កំពត​ និង​ដែល​មិន​ចង់​ឲ្យ​ការ​រំលាយ​សហគមន៍​អំបិល​បាន​និយាយ​ថា ​ការ​មាន​សហគមន៍​នឹង​ជួយ​ឲ្យ​តម្លៃ​មាន​ស្ថិរភាព​ ហើយ​កសិករ​ក៏​អាច​ទទួល​បាន​ជំនួយ​ជា​ហិរញ្ញវត្ថុ​ផង​ដែរ​។

លោក​បាន​ដាក់​ការ​សង្ស័យ​ថា ​បំណង​នៃ​ការ​ចង់​រំលាយ​សហគមន៍​នេះ​ទំនង​​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​សហគមន៍​។​ លោក​ថ្លែង​ថា​៖ «បញ្ហា​អាច​នៅ​ក្នុង​ចំណោម​ក្រុម​គ្រប់គ្រង​សហគមន៍ ​ខណៈ​​កន្លង​មក​មាន​សមាជិក​ខ្លះ​មិន​អាច​ស្នើ​ជំនួយ​ជា​ហិរញ្ញវត្ថុ​តាម​ដែល​ពួក​គេ​ចង់​បាន​ ហើយ ​ទីផ្សារ​ចេះ​តែ​ដាំ​ក្បាល​ចុះ»។ ​

លោក​បាន​​បន្ត​ថា៖​ «​ទោះបី​យើង​មាន​​បញ្ហា​ តែ​ខ្ញុំ​សង្ឃឹម​ថា​ ក្រសួង​នឹង​ស្វែង​រក​ដំណោះស្រាយ​បាន​»៕​