
អតិថិជនម្នាក់និយាយទូរស័ព្ទមុខក្រុមហ៊ុន Smart។
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានពន្យារពេលសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ក្នុងការរួមចំណែកមូលនិធិរយៈពេល ១ ខែ បន្ទាប់ពីក្រុមហ៊ុនភាគច្រើនមិនបានបង់ប្រាក់។ នេះបើយោងតាមអ្នកគ្រប់គ្រងមូលនិធិនេះ។
ច្បាប់ទូរគមនាគមន៍ឆ្នាំ ២០១៦ បានបង្កើតមូលនិធិ ២ គឺមូលនិធិនៃការកសាងសមត្ថភាព និងស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (CBRD) និងមូលនិធិកាតព្វកិច្ចសកលទូរគមនាគមន៍ (USO) ដែលមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវានៅតំបន់ជនបទដែលក្រុមហ៊ុនមិនអាចវិនិយោគបានព្រមទាំងការលើកកម្ពស់ការស្រាវជ្រាវ និងជំរុញទេពកោសល្យថ្មីៗនៅក្នុងឧស្សាហកម្មនេះ។
ក្រុមហ៊ុនទូរគមនាគមន៍ត្រូវបានតម្រូវឲ្យបង់ប្រាក់ ១ ភាគរយនៃប្រាក់ចំណេញប្រចាំឆ្នាំរបស់ពួកគេទៅក្នុងមូលនិធិនេះជារៀងរាល់ឆ្នាំ។
លោក តុល ញ៉ាក់ ដែលត្រួតពិនិត្យមូលនិធិ USO បានថ្លែងកាលពីម្សិលមិញថា ការកំណត់ពេលវេលាដំបូងគឺត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ប៉ុន្តែពេលនេះត្រូវបានពន្យារពេលរហូតដល់ចុងខែមីនា ដោយសារតែប្រតិបត្តិករជាច្រើនកំពុងចរចាជាមួយក្រសួងក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងការបង់ប្រាក់ ដោយសារតែបញ្ហាលំហូរសាច់ប្រាក់។
ក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់ ដែលត្រូវបានរាយការណ៍ថា បានបង់ប្រាក់ ៣,៥ លានដុល្លារនៅពេលនោះ ខណៈក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេដូចជា ក្រុមហ៊ុន Cellcard និងក្រុមហ៊ុន Metfone មិនបានបង់ប្រាក់ពេញលេញនោះទេ៕ LA