ភ្នំពេញៈ ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ (MoU) ​ជាមួយ​ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន (Yamato Green) ​របស់​ជប៉ុន​ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​លើ​ផលិតផល​កសិពាណិជ្ជកម្ម​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​កំពុង​ទទួលជោគជ័យ​លើ​ការដាំ​បន្លែ​សុវត្ថិភាព​នៅ​ខេត្ត​បាត់ដំបង និង​មណ្ឌលគិរី​។

MoU នេះ​ចុះហត្ថលេខា​រវាង​លោក សំរឹទ្ធ សាកុរា អគ្គនាយក​ស្តីទី​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុង​ប្រទេស និង​ជា​នាយក​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​ (AIMS) ​ជាមួយ​នឹង លោក Nabeshima Katsuhito អគ្គនាយក​ក្រុមហ៊ុន Yamato Green កាលពី​ថ្ងៃ​ទី​ ៦ ខែ​ មករា ឆ្នាំ​ ២០២១ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ក្រោម​អធិបតីភាព​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក Mikami Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

លោក ប៉ាន សូរស័ក្តិ បាន​ថ្លែងថា MoU នេះ​ជា​ការឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​វិស័យ​កសិពាណិជ្ជកម្ម​នៅ​កម្ពុជា​។ លោក​បន្តថា MoU នេះ​នឹង​បង្កើត​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​ការរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ខ្សែចង្វាក់​តម្លៃ និង​ពង្រឹង​ផលិតភាព គុណភាព ដើម្បី​ឆ្លើយតប​ទៅ​ទីផ្សារ​។

លោក​ថ្លែងថា​៖ «​ក្នុង​នាម​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​កសិពាណិជ្ជកម្ម ក្រុមហ៊ុន Yamato Green នឹង​ក្លាយជា​ដៃគូ​សមស្រប​មួយ​សម្រាប់​អភិវឌ្ឍ​ផលិតកម្ម​កសិពាណិជ្ជកម្ម​ប្រកប​ដោយ​និរន្តរភាព និង​ការផ្តល់​បច្ចេកទេស​កែច្នៃ ការវេចខ្ចប់ ព្រមទាំង​នីតិវិធី​ផ្សេងៗ​ដើម្បី​បង្កើន​ឱកាស​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ប្រកបដោយ​ប្រសិទ្ធភាព​»​។

លោក​បន្តទៀតថា ការចូលរួម​របស់​ក្រុមហ៊ុន Yamato Green ក្នុង​ការអភិវឌ្ឍ​ម៉ូដែល​ផលិតកម្ម​មួយ​ដែលមាន​បច្ចេកវិទ្យា​ជឿនលឿន នឹង​ជំរុញ​ផលិតកម្ម​ក្នុងស្រុក​នាពេល​បច្ចុប្បន្ន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ទាក់ទង​នឹង​ផលិតកម្ម​តាម​គំរូ​អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព​នៅក្នុង​យុគសម័យ​ឌីជីថល​។

លោក​ឱ្យដឹង​ទៀត​ថា​៖ «​ក្រុមហ៊ុន សហគ្រាស​ធុន​តូច និង​មធ្យម និង​ក្រុម​កសិករ​ផលិត​នឹងមាន​លទ្ធភាព​បង្កើត​ខ្សែចង្វាក់​តម្លៃ​ផ្គត់ផ្គង់​ប្រកប​ដោយ​បរិយាប័ន្ន និង​ទទួលបាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង​សម្រាប់​ជ្រៀតចូល​ទីផ្សារ និង​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ឱ្យ​មាន​វិសាលភាព​ទូលំទូលាយ​»​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន​ Tropicam Fruit and Vegetable Co., Ltd ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​អនុស្សរណៈ​ក្នុង​ភាព​ជា​ដៃគូ​នេះ​គឺជា​កិច្ច​ខំប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ការបើក​ទីផ្សារ​នាំចេញ​បន្លែ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

លោក​បាន​និយាយថា​៖ «​តាមរយៈ​ការសហការ​នេះ ក្រុមហ៊ុន​ជប៉ុន​នឹង​អាចជួយ​ឱ្យ​កសិផល​របស់​យើង​មាន​ស្តង់ដា និង​អាច​នាំចេញ​បាន​នាពេលខាងមុខ​»​។

លោក​ឱ្យដឹង​ទៀត​ថា MoU នេះ​ក៏​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​កសិករ​ជា​អ្នក​ផលិត ប្រសិនបើ​ក្រុមហ៊ុន​នេះ​ធ្វើការ​នាំចេញ​បន្លែ​ពី​កម្ពុជា​បាន ហើយ​វា​ក៏​បញ្ជាក់ថា កម្ពុជា​អាច​ផលិត​បន្លែ​តាម​ស្តង់ដា​ផងដែរ​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​មើលឃើញថា បន្លែ​យើង​ដែលមាន​សក្តានុពល ដូចជា ស្លឹកគ្រៃ ម្រុំ ខ្ញី និង​ម្រេច ជាដើម ដែលជា​ប្រភេទ​បន្លែ​ធន់​នឹង​ការដឹកជញ្ជូន និង​មិនសូវ​មាន​ការផលិត​ច្រើន​នៅក្រៅ​ប្រទេស​។ បន្លែ​ទាំងអស់នេះ​យើង​អាច​ផលិត​បាន​ច្រើន ហើយ​មាន​ស្តង់ដា​ខ្ពស់​»​។

ជាមួយ​គ្នា​នេះ​លោក សូរស័ក្តិ បានផ្តល់​អនុសាសន៍​ឱ្យ​ភាគី​ទាំង​ ២ ​គួរ​មាន​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​មួយ​ជាក់លាក់​សម្រាប់​ចែករំលែក​ភារកិច្ច​ទៅតាម​មុខងារ និង​ផ្តល់ព័ត៌មាន​ទៅវិញ​ទៅមក​ទាន់ពេល ហើយ​ក្រុមការងារ​គួររៀបចំ​ប្រព័ន្ធ​សម្របសម្រួល និង​យន្តការ​សម្រាប់​រយៈពេល​មធ្យម និង​វែង ដើម្បី​ធានាថា ជំនួយ​បច្ចេកទេស និង​អត្ថប្រយោជន៍​ផ្តល់​ដល់​ក្រុមហ៊ុន សហគ្រាស​ធុន​តូច និង​មធ្យម និង​ក្រុម​កសិករ​ផលិត​៕ LA