ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ពុំ​មាន​ការ​យក​​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​​ព្រះសីហនុ​ ដែល​ជា​ការ​​គ្រប់គ្រង​របស់​វិនិយោគិន​ចិន ​ធ្វើ​​ជា​កន្លែង​នាំចេញ​ទំនិញ​ចិន​ទៅ​​អាមេរិក ​ដើម្បី​គេច​ពី​ការ​បោះបង់​ពន្ធ​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ។

អ្នក​នាំពាក្យ​នៃ​ស្ថានទូត​អាមេរិក​​ប្រចាំ​កម្ពុជា ​លោក Arend Zwartjes ​​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​នាយកដ្ឋាន​សន្តិសុខ​អាមេរិក​បាន​​ពិន័យ​ទៅ​លើ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​​នៅ​​ក្នុង​តំបន់​សេដ្ឋកិច្ច​​ពិសេស​ក្រុង​ព្រះសីហនុ ​ដែល​​បាន​បំពាន​បម្រាម​គយ​របស់​​អាមេរិក​ ដោយ​​បាន​​បញ្ជូន​​ទំនិញ​ពី​ប្រទេស ​ចិន ​មាន​ដូច​​ជា ទៅ​អាមេរិក​តាមរយៈ​កម្ពុជា​ទៅ​អាមេរិក​ ដើម្បី​គេច​ពី​ការ​​បង់​ពន្ធ​។ លោក​មិន​បាន​បញ្ជាក់​ពី​មុខ​​ទំនិញ​ដែល​នាំចេញ​នោះ​ទេ​។

ប៉ុន្តែ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​ភាគី​អាមេរិក​​បាន​អះអា​ថា ​ទំនិញ​ចិន​ដែល​នាំចេញ​ពី​កម្ពុជា​រួម​មាន អាស៊ីតអាមីណូ​ ម្សៅ​អាហារ​​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ (ពោត ​ស្រូវ ​ឬ​ដំឡូង)​ និង​បំពង់​ដែក​ថែប។​

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ថា​ ក្រសួង​បាន​បញ្ជូន​ក្រុម​ការងារ​​ទៅ​ស៊ើប​​អង្កេត​ភ្លាមៗ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​លើ​ករណី​នេះ ​និង​បាន​បង្ហាញ​​ពី​លទ្ធផល ​២ ថ្ងៃ​ក្រោយ​​ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​នេះ​ ដោយ​ច្រាន​ចោល​នូវ​ការ​លើក​​ឡើង​របស់​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក។​

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​​ទៅ​ស្រាវជ្រាវ​រួច​មក​ ក្រសួង​ពាណិជ្ជកម្ម​សូម​បញ្ជាក់​ថា ការ​លើក​ឡើង​នោះ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ ​ព្រោះ​នៅ​ក្នុង​ SSEZ មិន​មាន​ក្រុមហ៊ុន​ណា​ផលិត​ផលិតផល​ដូច​ការ​អះអាង​នោះ​ទេ។​

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​លោក ​ស៊ាង​ ថៃ កាល​ពី​ម្សិលមិញ បាន​​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​លើក​ឡើង​​​របស់​​មន្ត្រី​នៃ​ស្ថានទូត​អាមេរិក ​មិន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ពិត​ជាក់ស្តែង​នោះ​ទេ ព្រោះ​ផលិតផល​ចំនួន ​២ ​មុខ គឺ​ម្សៅ​អាហារ​ធ្វើ​​ពី​គ្រាប់​ធញ្ញជាតិ ​និង​បំពង់​ដែក​ថែប​ មិន​មាន​ផលិត​នៅ​ក្នុង SSEZ ចំណែក​​ផលិតផល​អាស៊ីត​អាមីណូ បាន​ឈប់​​ដំណើរការ​តាំង​ពី​ឆ្នាំ ​២០១៧ មក​ម្ល៉េះ។​ ទោះ​យ៉ាង​ណា​លោក​បញ្ជាក់​ថា៖​ «​ការ​លើក​ឡើង​របស់​ស្ថានទូត​អាមេរិក​ប្រហែល​ជា​គេ​អាច​មាន​អំណះអំណាង​​អ្វី​មួយ​ដែល​ខ្ញុំ​មិន​ដឹង ប៉ុន្តែ​សម្រាប់​យើង​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ យើង​បាន​ដាក់​អ្នក​ជំនាញ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ភ្លាមៗ​ តែ​យើង​មិន​បាន​រក​ឃើញ​​អ្វី​នោះ​ទេ​»​។​

តាម​ក្រសួង​ពាណិជ្ជកម្ម​ កន្លង​​​ក្រុមហ៊ុន​ Infinite Manufacturing Co., Ltd ដែល​បាន​ទទួល​ច្បាប់​​អនុញ្ញាត​ឲ្យ​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ លើ​ការ​​ផលិត​​​អាស៊ីត​អាមីណូ តាំង​ពី​ដើម​ខែ​កុម្ភៈ ​ឆ្នាំ ​២០១៥ និង​ចាប់​ផ្តើម​ធ្វើ​ប្រតិបត្តិការ​ផលិត​ និង​នាំចេញ​រហូត​​ ខែ​សីហា ឆ្នាំ ​២០១៧ ​បាន​បញ្ឈប់​ប្រតិបត្តិការ​តាំង​ពី​​ខែ​​កញ្ញា​ ឆ្នាំ ២០១៧​ មក​ម្ល៉េះ​។

មិន​អាច​សុំ​អត្ថាធិប្បាយ​ពី​ អ្នក​នាំពាក្យ​​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​លោក Arend Zwartjes បានទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ​។

ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា SSEZ គឺ​ជា​តំបន់​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​ពហុ​បំណង ​ដែល​ប្រមូល​ផ្ដុំ​ដោយ​សហគ្រិន​ចិន ​កម្ពុជា​ អាមេរិក​ ជប៉ុន​ បារាំង​ កូរ៉េ​ខាង​ត្បូង​ អៀរឡង់ ​វៀតណាម​ និង​ថៃ ជា​ដើម​ ដោយ​មាន​ទំនិញ​ចម្រុះ​ដូច​ជា វាយនភណ្ឌ សម្លៀក​​បំពាក់ ​កាបូប​ និង​ផលិតផល​ស្បែក​ជើង ​និង​ឧបករណ៍​ផ្សេង​ទៀត៕LA