ភ្នំពេញ៖ ក្រុមហ៊ុន ហ្គ្រីន​ត្រេដ ដែល​គ្រប់គ្រង​ដោយ​ក្រសួង​ពាណិជ្ជកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​រួម​គ្នា បញ្ជាក់​ពី​សុវត្ថិភាព​ស្បៀង​អាហារ និង​អំពាវនាវ​ឲ្យ​ប្រជាជន​កុំ​មាន​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​ខ្វះអ​ង្ករ ដែល​នាំ​ឲ្យ​មាន​ជន​ឆ្លៀត​ពេល​នៃ​ការ​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន របស់​រដ្ឋាភិបាល ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

សេចក្តី​ប្រកាស​រួម​គ្នា​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ ១៥ ខែ​មេសានេះ គឺ ១ ថ្ងៃ​ក្រោយ​ពី​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ​ផ្អើល​នាំ​គ្នា​ទិញ​ស្បៀង​អាហារ​រក្សា​ទុក ដោយ​ព្រួយ​បារម្ភ​អំពី​ការ​បិទ​ខ្ទប់។

តាមរយៈ​សេចក្តី​ប្រកាស​រួម​នោះ បញ្ហា​អង្ករ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​បរិមាណ​សន្និធិ​គ្រប់គ្រាន់ ទាំង​ស្រូវ​វស្សា​ជាង ២,៥ លាន​ហិកតា ដែល​ទើប​បញ្ចប់​ការ​ប្រមូល​ផល​ក្នុង​ខែ​មករា និង​ស្រូវ​ប្រាំង​ជិត ១ លាន​ហិកតា បាន​និង​កំពុង​ប្រមូល​ផល​បាន​ជាង ៩០% ហើយ​ដែល​មាន​សុវត្ថិភាព និង​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង​អាហារ​គោល​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា និង​អាច​នាំចេញ​ទៅ​ក្រៅ​ប្រទេស រហូត​ដល់​ប្រមូល​ផល​រដូវកាល​បន្ទាប់​ខាង​មុខ។

ក្នុង​សេចក្តី​ប្រកាស​នោះ ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ទីតាំង​លក់​អង្ករ​នានា​ក្នុង​តម្លៃគោល ចាប់​ពី​កណ្តាល​ទីក្រុង​រហូត​ដល់​ជាយ​ក្រុង៕