ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​នាំ​ចេញ​រួសរាន់​មក​ចុះបញ្ជី​ឈ្មោះ​ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ​របស់​សហភាព​អឺរ៉ុប ដើម្បី​ទទួល​បាន​ការអនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ EBA ​និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (GSP) ពី​ប្រទេស​ន័រវែស ស្វ៊ីស និង​តួកគី ​ត្រឹម​ចុងខែ​ធ្នូ​។

ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ​គឺជា​ប្រព័ន្ធ​នៃ​ការបញ្ជាក់​ប្រភពដើម​ទំនិញ​ដែល​អនុវត្ត​នៅក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប (GSP) ចាប់តាំងពី​ថ្ងៃទី​ ១ ខែ​មករា ឆ្នាំ​ ២០១៧​។ វា​ផ្អែកលើ​គោលការណ៍​នៃ​ការបញ្ជាក់​ដោយ​​ខ្លួនឯង​ដោយ​ប្រតិបត្តិករ​អំពី​ប្រភពដើម​នៃ​ទំនិញ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា​៖ «​ក្រសួងពាណិជ្ជកម្ម​បាន​អង្កេត​ឃើញថា សេចក្ដី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ទី​ ៣ ​ហើយ​មកទល់​ពេល​នេះ មាន​ក្រុមហ៊ុន​ជាច្រើន​ដែល​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប ប្រទេស​ ន័រវែស ស្វ៊ីស និង​តួកគី មិនបាន​ចុះបញ្ជី​នោះទេ​។ ដើម្បី​ចៀសវាង​ការបាត់បង់​សិទ្ធិ​ណាមួយ​ជុំវិញ​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម ពួកគេ​ត្រូវតែ​ចុះបញ្ជី​នៅក្នុង​ប្រព័ន្ធ REX ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ​»​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​កាលពី​ថ្ងៃ​ពុធ​។

លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) កាលពី​ខែតុលា​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​សេចក្ដី​ប្រកាស​នេះ​បាន​ធ្វើឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម និង​សមាគម​ជាច្រើន​ដង​រួច​​មក​តាំងពី​ចុង​ឆ្នាំ​ ២០១៨ មាន​សមាជិក​សមាគម​តិចតួច​បាន​ចុះបញ្ជី​នៅក្នុង​ប្រព័ន្ធ REX​។

លោក​ថ្លែងថា​៖ «​យើង​ចង់​ជំរុញ​ឲ្យ​សមាជិក​ទាំងអស់​ត្រូវ​ចុះបញ្ជី​ជា​បន្ទាន់​នៅក្នុង​ប្រព័ន្ធ REX ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​តាម​កាលបរិច្ឆេទ​របស់​សហភាព​អឺរ៉ុប​។ បន្ទាប់ពី​កាលបរិច្ឆេទ​នេះ​សហភាព​អឺរ៉ុប​នឹង​លែង​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ដែល​​ចេញ​ដោយ​ក្រសួង​ពាណិជ្ជកម្ម ហើយ​ផ្ទុយ​ទៅវិញ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នាំចេញ​ទាំងអស់​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ REX ដើម្បី​ទទួល​បាន​សិទ្ធិ​សម្រាប់​ការប្រកាស​ដើមកំណើត​ទំនិញ​»​។

លោក​បន្តថា​៖ «GMAC ចង់​ណែនាំ​សមាជិក​ទាំងអស់​ដែល​ជា​ក្រុមហ៊ុន​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប ដើម្បី​ចាប់ផ្ដើម​ចុះបញ្ជី​នៅក្នុង​ប្រព័ន្ធ REX តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​ចាប់ពី​ពេល​នេះ​តទៅ​» ។

ប្រទេស​ កម្ពុជា​ នាំចេញ​សរុប​នៃ​សម្លៀកបំពាក់ ស្បែកជើង និង​វាយនភណ្ឌ​ទៅ​សហភាព​អឺរ៉ុប​មាន​ជាង ៤០ ​ភាគរយ​៕LA