ភ្នំពេញ: ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) បាន​លុប និង​ព្យួរ​អាជ្ញាប័ណ្ណ​ប្រតិបត្តិករ​ទូរគមនាគមន៍​ចំនួន ១៧ ​ដែល​បរាជ័យ​ក្នុង​ការអនុវត្ត​តាមច្បាប់ និង​លក្ខខណ្ឌ​នៃ​អាជ្ញាប័ណ្ណ ខណៈ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​សេវា​អន់​របស់​ក្រុមហ៊ុន​ដែល​កំពុងផ្តល់​សេវា​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​អំឡុងពេល​ចុះ​ជួប​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ម្សិលមិញ​គឺ​ ១ ​ថ្ងៃ​ក្រោយ​ការសម្រេច​របស់​ MPTC​។

លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា​ (TRC) ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ថា ​ក្រុមហ៊ុន​ដែល​ក្រសួង​បាន​លុប និង​ព្យួរ​អាជ្ញាប័ណ្ណ​គឺមាន​អាជ្ញាប័ណ្ណ​សម្រាប់​ប្រតិបត្តិការ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត អាជ្ញាប័ណ្ណ​សម្រាប់​ផ្តល់​សេវា​អ៊ីនធឺណិត​ (ISP) និង ហ្វ្រេកង់ស៍​សម្រាប់​ដំណើរការ Broadband Wireless Access (BWA) ព្រមទាំង​អាជ្ញាប័ណ្ណ​សម្រាប់​ផ្តល់​សេវា​សំឡេង​តាមរយៈ​ពិធីការ​អ៊ីនធឺណិត​ (VoIP) និង​អាជ្ញាប័ណ្ណ​សម្រាប់​ប្រព័ន្ធ​បណ្តាញ និង​សេវា​កំណត់​ទីតាំង និង​តម្រង់ទិស​តាម​ផ្កាយរណប​។

លោក​ថ្លែងថា​៖ «​យើង​តែងតែ​ក្រើនរំឭក​គាត់ និង​បន្ធូរបន្ថយ​ឱ្យ​គាត់​ហើយ ដោយ​ជូនដំណឹង​គាត់​ឱ្យ​មក​បង់ពន្ធ​ជូន​រដ្ឋ ដោយ​ស្ម័គ្រចិត្ត ប៉ុន្តែ​គាត់​មិន​ព្រម​មក​បង់ពន្ធ អ៊ីចឹង​យើង​ចាត់​វិធានការ​តាមច្បាប់​ហើយ​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ជា​សាធារណៈ​ចំពោះ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ដែល​បាន​ផ្តល់​សេវា​អ៊ីនធឺណិត​ឥត​ខ្សែ​ដែលមាន​សេវា​អន់​នៅក្រៅ​តំបន់​ប្រជុំជន​៖ «​អា​ [​ក្រុមហ៊ុន​] ​ខ្លះ [​មាន​សេវា​] ​បាន​តែ​នៅក្នុង​ក្រុង​ធំៗ ដល់​តែ​តំបន់​ផ្សេងទៀត អត់មាន​សេវា ធ្វើ​អី​វា​!»៕ LA