ភ្នំពេញៈ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ម្ចាស់​ផ្សារ​ទំនើប​ទាំងអស់​នៅ​កម្ពុជា​ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក​ដែល​មាន​ស្តង់ដា​អនាម័យ​គ្រប់គ្រាន់​ក្នុង​ការយក​ទៅ​ដាក់​តាំង​លក់​ក្នុង​ផ្សារ​របស់​ពួកគេ​។

ការអំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​ក្រសួង​ឧស្សាហកម្ម​ជាមួយ​នឹង​តំណាង​ផ្សារ​ទំនើប​នៅ​កម្ពុជា ក្រោម​ប្រធានបទ​ «​ការជំរុញ និង​លើកកម្ពស់​ផលិតផល​ខ្មែរ​» (Promoting Khmer Products) ​នៅ​ទីស្តីការ​ក្រសួង​កាលពី​ថ្ងៃ​អង្គារ​។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក គឹម ទូច បាន​ថ្លែងថា ការពិភាក្សា​គ្នា​នេះ​ផ្តោតលើ​ការពង្រឹង​ស្តង់ដា​អនាម័យ និង​បញ្ហា​ប្រឈម​នានា​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ហើយ​ការពិភាក្សា​នេះ​ក៏​នឹង​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ផលិតផល​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​អាចឈាន​ជើង​ចូល​ទៅ​ក្នុង​ផ្សារ​ទំនើប​បាន​ដោយ​ជោគជ័យ​។

លោក​ថ្លែងថា​៖ «​ការពិភាក្សា​នេះ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការរក​ដំណោះស្រាយ​បញ្ហា និង​ការសម្របសម្រួល​ក្នុងការ​ផ្តល់ឱកាស​គាំទ្រ​ដល់​ផលិតផល​ក្នុងស្រុក ពិសេស​វិស័យ​ម្ហូបអាហារ និង​មិនមែន​ម្ហូបអាហារ​»​។

លោក​កត់សម្គាល់ថា មាន​ផលិតផល​ក្នុង​ស្រុក​ខ្លះ​ត្រូវបាន​ដាក់លក់​ក្នុង​ផ្សារ​ទំនើប​ក្នុង​ទីក្រុង​ភ្នំពេញ​រួច​មក​ហើយ ប៉ុន្តែ​នៅមាន​បរិមាណ​តិចតួច​នៅឡើយ ដូច្នេះ​ចាំបាច់​ត្រូវ​មាន​ការសហការ​គ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​លើកកម្ពស់​ផលិតផល​ក្នុង​ស្រុក​ឱ្យ​រីកចម្រើន​ឡើង​ថែមទៀត​។

លោក​ថ្លែង​ទៀតថា​៖ «​ក្នុង​នាម​ជា​អាណាព្យាបាល​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ក្រសួង​ប្តេជ្ញា​នឹង​បន្ត​ពិភាក្សា​ជាមួយ​ម្ចាស់​ផ្សារ​ទំនើប​នានា ដើម្បី​ឱ្យ​បន្ធូរបន្ថយ​នូវ​លក្ខខណ្ឌ​តម្រូវ​ស្តង់ដា​សមស្រប​ណាមួយ​ដែល​អាច​អនុគ្រោះ​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការនាំ​យក​ផលិតផល​របស់​គាត់​ចូល​ក្នុង​ផ្សារទំនើប​នានា​»​។

លោក ថែល វាសនា ប្រធាន​ផ្នែក​បញ្ជា​ទិញ​អាហារ​នៃ​ក្រុមហ៊ុន AEON Cambodia បាន​ឱ្យ​ដឹងថា ផ្សារ​ទំនើប​អ៊ីអន​បាន​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា ហើយ​រហូតមក​ដល់ពេល​នេះ​មាន​ផលិតផល​ក្នុងស្រុក​សរុប​ជាង ២ ០០០ ​មុខ​ ត្រូវបាន​តាំង​លក់​នៅ​ផ្សារ​ទំនើប​អ៊ីអន​ទាំង​ ២ នៅ​ទីក្រុង​ភ្នំពេញ​។

ទោះយ៉ាងណា​លោក​លើកឡើង​ថា​៖ «​យើង​សូម​អំពាវនាវ​ឱ្យ​ម្ចាស់​សហគ្រាស​ទាំងអស់​ត្រូវ​ពង្រឹង​គុណភាព​ស្តង់ដា​អនាម័យ ដើម្បី​អាចឈាន​ជើង​ចូលក្នុង​ទីផ្សារ​របស់​យើង​»​។

ជាមួយ​គ្នា​នេះ​លោក ឧត្តម តំណាង​មកពី​ក្រុមហ៊ុន​ម៉ាក្រូ​ (​ខេមបូឌា) បាន​ឱ្យ​ដឹងថា ផ្សារ​ទំនើប Makro បាន​ចូលរួម​ជំរុញ និង​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​រួចមកហើយ ដោយ​កាលពី​ខែ​កញ្ញា ផ្សារ​ Makro បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​នឹង​ក្រសួង​ពាណិជ្ជកម្ម តាមរយៈ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិករ​ខ្នាតតូច​ (AIMS)​ស្តីពី​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ផលិតផល​កសិពាណិជ្ជកម្ម ដើម្បី​ផ្គត់ផ្គង់​រាល់​ផលិតផល​របស់ខ្លួន​នៅ​គ្រប់​សាខា​នៃ​ផ្សារ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​ពិតជា​គាំទ្រ​ផលិតផល​ក្នុងស្រុក សព្វថ្ងៃ​ផលិតផល​ក្នុងស្រុក​ជាច្រើន​បាន​តាំង​លក់​រួច​ទៅ​ហើយ​នៅ​ផ្សារ Makro ហើយ​ផលិតផល​មួយចំនួន​ក៏​ទទួល​បាន​ការគាំទ្រ​យ៉ាងខ្លាំង​ផងដែរ​»​។

លោក ហ៊ត ផេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម បានឱ្យ​ដឹងថា មុន​ដំណាក់កាល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩ សហគ្រាស​ធុន​តូច និង​មធ្យម​​មាន​ចំនួន ៥២ ១៥៤ ​មូលដ្ឋាន ប៉ុន្តែ​នៅ​ដំណាក់កាល​ជំងឺ​កូវីដ​១៩ មាន​សហគ្រាស​ធុន​តូច និង​មធ្យម បាន​បិទ និង​ព្យួរការងារ​សរុប ១៣ ៦៩០ ​មូលដ្ឋាន ដែល​ភាគច្រើន​ជា​សហគ្រាស​ផ្នែក​ម្ហូបអាហារ ភេសជ្ជៈ និង​បារី​។

លោក​ថ្លែងថា​៖ «​យើង​ចាំបាច់​ត្រូវតែ​ពង្រឹង​ស្តង់ដា​អនាម័យ​ដើម្បី​មាន​ភាពប្រកួតប្រជែង​ទាំង​ការផលិត គុណភាព ការវេចខ្ចប់​ដើម្បី​ចាប់យក​ឱកាស​ទីផ្សារ​អន្តរជាតិ​»៕ LA

វីដេអូ៖