ភ្នំពេញៈ ក្រសួងកសិកម្មសហការជាមួយអង្គការ GIZ បានរៀបចំសិក្ខាសាលាមួយកាលពីថ្ងៃអង្គារស្តីពីគោលការណ៍ណែនាំជាជំហានៗសម្រាប់ការនាំចេញផ្លែឈើកម្ពុជាទៅទីផ្សារប្រទេសចិន បន្ទាប់ពីបានរកឃើញថា ផលិតផលទាំងនេះពិបាករកទីផ្សារ។
ដោយបានលើកឡើងថាការចេញការបញ្ជាក់ភោគាមអនាម័យមិនមែនជាឧបសគ្គចម្បងមន្ត្រីមកពីក្រសួងកសិកម្មបានជំរុញឲ្យកសិករខ្នាតតូច និងក្រុមហ៊ុននាំចេញចាំបាច់ត្រូវបង្កើនផលិតភាពតាមរយៈការបង្កើតសហករណ៍កសិកម្ម និងចុះបញ្ជីដើម្បីអនុវត្តតាមលក្ខខណ្ឌនាំចេញ។
លោក Florian Miss ប្រធានកម្មវិធីគាំទ្រដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងកិច្ចផ្តួចផ្តើមមហាអនុតំបន់ក្នុងតំបន់អាស៊ីឲ្យដឹងថា សិក្ខាសាលានេះនឹងផ្តល់គោលការណ៍ណែនាំដើម្បីទទួលបានឱកាសធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារចិន ដែលមានសារៈសំខាន់សម្រាប់កសិករខ្នាតតូច ក្រុមហ៊ុននាំចេញ និងភាគីពាក់ព័ន្ធដែលមិនសូវយល់ច្បាស់អំពីដំណើរការនេះដែលសំខាន់ផលផលិតផលផ្លែចេក ស្វាយ និងផ្លែមៀន។
លោកបន្តថា៖ «ដូច្នេះយើងសង្ឃឹមថា សិក្ខាសាលានេះនឹងផ្តល់ការអភិវឌ្ឍជាបន្តនូវសមត្ថភាពបច្ចេកទេសជាមួយនឹងវិស័យឯកជននៅកម្ពុជាទាក់ទងនឹងដំណើរការនាំចេញទៅប្រទេសចិន»។
ទោះជាយ៉ាងនេះក្តីបញ្ហា ភោគាមអនាម័យនៅតែជាឧបសគ្គសម្រាប់ផលិតផលកសិកម្មកម្ពុជា ខណៈកសិករក៏ដូចជាភាគីពាក់ព័ន្ធខ្វះការយល់ដឹងពីពាណិជ្ជកម្មសេរី និងពីរបៀបក្នុងការលើកកម្ពស់ចង្វាក់តម្លៃ។
លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបានឲ្យដឹងថាភោគាមអនាម័យត្រូវបានរឹតបន្តឹងនៅប្រទេសចិន ដែលប្រទេសនេះព្រួយបារម្ភអំពីគុណភាព និងសុវត្ថិភាពចំណីអាហារ។
លោកថ្លែងថា៖ «កសិករមានខ្នាតតូចរបស់យើងមិនអាចឈានដល់ការនាំចេញផ្លែចេកនៅឡើយទេ ដោយសារយើងមិនទាន់អាចឆ្លើយតបតាមលក្ខខណ្ឌតម្រូវបានពួកគាត់ត្រូវធ្វើកសិកម្មដោយផ្អែកលើតម្រូវការទីផ្សារ»។
លោកបន្តថា បញ្ហាប្រឈមផ្សេងទៀតរបស់កសិករ គឺការមិនសាមគ្គីគ្នា ហើយពួកគេចាំបាច់ត្រូវបង្កើតសហករណ៍មួយ ដើម្បីបង្កើនផលិតភាព។
លោក ឌីន ដែន កសិករដាំមៀន និងទិញមៀនក្នុងខេត្តបាត់ដំបងបានឲ្យដឹងថា ផ្លែមៀនរបស់លោកពឹងផ្អែកលើទីផ្សារប្រទេសថៃ ដែលលោកប្រឈមនឹងការផ្តល់តម្លៃក្រៅផ្លូវការនៅតាមព្រំដែន។
លោកថ្លែងថា៖ «បញ្ហាលំបាកភាគច្រើនក្នុងការបញ្ជូនផលិតផលទៅកាន់ប្រទេសថៃ គឺការចំណាយសោហ៊ុយនៅច្រកព្រំដែនកម្ពុជា»។
លោក អ៊ិន ឆាយវ៉ាន់ ប្រធានសមាគមស្វាយខេត្តកំពង់ស្ពឺដែលបានចូលរួមក្នុងសិក្ខាសាលានេះបានឲ្យដឹងថា សិក្ខាសាលានេះបានផ្តល់ចំណេះដឹងច្រើន និងសញ្ញាវិជ្ជមាន ដើម្បីនាំផលិតផលទៅដល់ទីផ្សារប្រទេសចិន។
លោកថ្លែងថា៖ «បច្ចុប្បន្នយើងកំពុងខិតកាន់តែជិតទីផ្សារប្រទេសចិនហើយ ក្រសួងកសិកម្មកំពុងព្យាយាមសម្របសម្រួល ដើម្បីទទួលបានភោគាមអនាម័យទៅទីផ្សារប្រទេសចិន»៕ BP