ខេត្តព្រះសីហនុៈ ទិដ្ឋភាព​នៅ​ខេត្ត​ព្រះសីហនុ​នាពេល​នេះ​មាន​ភាព​ខុស​ប្លែក​គ្នា​ឆ្ងាយ​​បើ​ធៀប​នឹង​ពី​ ២-៣ ​ឆ្នាំ​មុន​។

អគារ​ខ្ពស់ៗ​ដែល​ភាគច្រើន​ជា​សណ្ឋាគារ ខុនដូ និង​កាស៊ីណូ​បាន​លេច​ចេញ​នូវ​អគារ​ស្នាក់នៅ​ទាំង​នេះ កើត​មាន​ឡើង​ដោយសារ​កំណើន​ជនជាតិ​ចិន​ទាំង​ទេសចរ និង​វិនិយោគិន​។

វា​មិន​មាន​បញ្ហា​សម្រាប់​ជនជាតិ​ចិន​ដែល​បាន​ទិញ ឬ​ជួល​សណ្ឋាគារ​ទាំងមូល ប៉ុន្តែ​កង្វះ​បន្ទប់​ស្នាក់នៅ និង​ភាពរញ៉េរញ៉ៃ​ដែល​បង្ក​ដោយ​ជនជាតិ​ចិន​បាន​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ក្នុង​ស្រុក​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​នឹង​តំបន់​ឆ្នេរ​នេះ​ខ្លាំង​ដូច​មុន​ទេ​។

តាម​ការសង្កេត​របស់​អ្នក​យក​ព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ទៅ​ដល់​ទី​នោះ​កាលពី​ថ្ងៃ​សៅរ៍ ការដឹក​ជញ្ជូន​ដី និង​សម្ភារ​នានា ដើម្បី​ប្រើប្រាស់​សម្រាប់​ការសាងសង់​បាន​ធ្វើឲ្យ​ផ្លូវ​សំខាន់ៗ​ខូច​បែក​ភក់​ពេល​មាន​ភ្លៀង មាន​ធូលី​ពេល​ស្ងួត ខណៈ​សំរាម ថង់ប្លាស្ទិក រាយប៉ាយ​តាម​ដង​ផ្លូវ​ស្ទើរ​គ្រប់​ទីកន្លែង​សូម្បី​តែ​ទីប្រជុំជន​។

លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​កំពុង​ក្លាយ​ជា​កន្លែង​ដ៏ទាក់ទាញ​សម្រាប់​អ្នកទេសចរ និង​វិនិយោគិន​មកពី​ប្រទេស​ចិន ដោយ​គេ​ឃើញ​មាន​សំណង់​ធំៗ​លេច​ឡើង​យ៉ាង​ច្រើន​។

លោក​ទទួល​ស្គាល់​ថា ការអភិវឌ្ឍ​វិស័យ​សំណង់​នៅពេល​នេះ​ពិតជា​បាន​ធ្វើឲ្យ​សណ្តាប់ធ្នាប់ និង​ស្ថានភាព​បរិស្ថាន​មាន​ការ​ធ្លាក់ចុះ​បន្តិចបន្តួច​មែន ព្រោះ​ពេល​មាន​ការ​សាងសង់​តែងតែ​មាន​សំរាម និង ការវាយចោល ឬ​ជីក​កាប់​គាស់ ដោយ​ចៀស​មិន​ផុត​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​ក្រុង​ព្រះសីហនុ​កំពុង​មាន​ការអភិវឌ្ឍ​ខ្លាំង​លើ​គ្រប់​ផ្នែក​ពិសេស​ការ​សាងសង់​កន្លែង​ស្នាក់នៅ​ និង​សណ្ឋាគារ​ដែល​ធ្វើឲ្យ​ទីក្រុង​មិន​សូវ​ស្អាត តែ​វា​នឹង​ល្អ ស្អាត​នៅ​ពេល​មាន​ការ​អភិវឌ្ឍ​រួចរាល់​»​។

ខណៈ​មាន​ការ​រិះគន់​ថា ខេត្ត​ព្រះសីហនុ ស្ទើរ​តែ​ក្លាយ​ជា​ទីក្រុង​ចិន​ទៅ​ហើយ​នោះ​សម្រាប់​អ្នក​រស់នៅ​ក្នុង​ក្រុងព្រះសីហនុ និង​អាជីវកម្ម​ភោជនីយដ្ឋាន សេវា​ស្នាក់នៅ​កំពុង​តែ​រីករាយ​ប្រៀប​បាន​នឹង​ការ​ត្រូវ​ឆ្នោត ដោយសារ​តែ​ឥទ្ធិពល​នៃ​ការវិនិយោគ​របស់​ចិន​។ តម្លៃ​ជួល-លក់ អចលនទ្រព្យ​ឡើង​កប់​ពពក ដែល​អ្នក​រស់នៅ​ទី​នោះ​ស្ទើរតែ​ទាំងអស់​បាន​លក់ ឬ​ជួល​បន្ត​ឲ្យ​ចិន​ក្នុង​តម្លៃ​ដែល​ពួកគេ​មិន​ដែល​នឹកស្មាន​ដល់​។

ម្ចាស់​ភោជនីយដ្ឋាន ៨៨៨ នៅ​ឆ្នេរ​អូរ​ឈើទាល​គឺជា​ឧទាហរណ៍​ស្រាប់​។ លោក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា​ជាមួយ​នឹង​ការកើនឡើង​នៃ​ចំនួន​ទេសចរ​ចិន លោក​បាន​កត់សម្គាល់​ថា​ចំនួន​ភ្ញៀវ​ក្នុង​ស្រុក និង​មកពី​លោក​ខាង​លិច​ពិតជា​បាន​ថយ​ចុះ​យ៉ាង​ច្រើន​ដែល​មិន​អាច​ប្រកែក​បាន​។

ប៉ុន្តែ​លោក​ថា​វា​ល្អ​សម្រាប់​អាជីវកម្ម​របស់​លោក​ទៅ​វិញ​។ លោក​ថ្លែង​ថា​៖ «​ពេល​នេះ​នៅ​ក្រុង​ព្រះសីហនុ​មាន​សុទ្ធតែ​ភ្ញៀវ​ជនជាតិ​ចិន​។ ភ្ញៀវ​ជនជាតិ​ចិន​ភាគច្រើន​គឺជា​អ្នក​ហ៊ាន​ចំណាយ​ច្រើន​ដែល​ធ្វើឲ្យ​អាជីវកម្ម​របស់​ខ្ញុំ​កើន​ឡើង​ជា​បន្តបន្ទាប់​»​។

ម្ចាស់​ភោជនីយដ្ឋាន​រូប​នេះ​និយាយ​ថា​៖ «​សម្រាប់​ខ្ញុំ​ការរកស៊ី​គឺ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ ពី​មុន​ខ្ញុំ​មាន​ហាង​ ២-៣ តែ​ពេល​នេះ​ដោយសារ​មាន​ភ្ញៀវ​ចិន​មក​ជួល​បន្ត​ឲ្យ​តម្លៃ​ខ្ពស់​នោះ ខ្ញុំ​ក៏​បាន​ជួល​ហាង​ ១ ឲ្យ​ចិន​តែ​ម្តង​»​។

ការ​លើក​ឡើង​ថា ការ​មក​ដល់​យ៉ាង​ច្រើន​នៃ​ភ្ញៀវទេសចរ​ចិន​កំពុង​ធ្វើឲ្យ​ចំនួន​អ្នក​ទេសចរ​ក្នុង​ស្រុក និង​មកពី​លោក​ខាង​លិច​ដែល​និយម​មក​កម្សាន្ត​តំបន់​ឆ្នេរ​នេះ​ធ្លាក់​ចុះ​យ៉ាងច្រើន​នោះ​លោក យន្ត មីន បាន​អះអាង​ថា​មាន​ការ​ធ្លាក់​ចុះ​តិចតួច​ប៉ុណ្ណោះ ហើយ​ការធ្លាក់​ចុះ​នោះ​ដោយសារ​តែ​ពួកគេ​ពិបាក​ក្នុង​ការ​ស្វែងរក​កន្លែង​សម្រាក​តែ​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​៖ «​កង្វះខាត​កន្លែង​ស្នាក់នៅ និង​ការកើនឡើង​នៃ​តម្លៃ​បន្ទប់​ស្នាក់នៅ​គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ក្នុងស្រុក និង​មកពី​តំបន់​អឺរ៉ុប​មាន​ការ​ធ្លាក់ចុះ​តិចតួច​នៅក្នុង​ក្រុង​ព្រះសីហនុ​»​។

បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​មាន​សណ្ឋាគារ​ចំនួន ៦៩ ស្មើនឹង​ជាង ៤ ០០០ ​បន្ទប់ ក្នុង​នោះ​សណ្ឋាគារ​ប្រណីត​មាន​ជាង ១ ០០០ ​បន្ទប់​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​។

ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ខេត្ត​នេះ​ត្រូវការ​បន្ទប់​សណ្ឋាគារ​បន្ថែម​រហូត​ដល់​ ៣ ​ម៉ឺន​បន្ទប់​ត្រឹម​ឆ្នាំ​ ២០៣០ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ ២ ​លាន​នាក់ និង​ទេសចរ​ជាតិ​ប្រមាណ ៣ ​លាន​នាក់​ត្រឹម​ឆ្នាំ​ ២០៣០​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​ពី​ការ​ព្យាករ​នេះ​ដល់​វិនិយោគិន​ចិន​នៅ​ក្នុង​ពិធី​បើកសម្ពោធ សណ្ឋាគារ​ព្រីនស៍​ថាម កាលពី​ថ្ងៃ​ទី​ ១ ខែ​កញ្ញា ឆ្នាំ​ ២០១៨ នៅ ខេត្ត​ព្រះសីហនុ​។

លោក​បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ និង​អំពាវនាវ​ឲ្យ​មាន​ការ​វិនិយោគ​បន្ថែម​ទៀត​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត និង​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការគ្រប់គ្រង តំបន់​ឆ្នេរ​សមុទ្រ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ទេសចរ និង​និរន្តរភាព​ទេសចរណ៍​នាពេល​បច្ចុប្បន្ន និង​ពេល​អនាគត​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​និយាយ​ថា ចំនួន​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ដែល​មក​លេង និង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ បាន​កើនឡើង​យ៉ាង​គំហុក​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​កំណើន​នេះ​បាន​ធ្វើឲ្យ​ខេត្ត​ព្រះសីហនុ​ប្រឈម​នឹង​កង្វះ​កន្លែង​ស្នាក់នៅ​ជាច្រើន​នាពេល​នេះ​។ ​

លោក​ថ្លែង​ថា​៖ «​កំណើន​ភ្ញៀវទេសចរ​បាន​ធ្វើឲ្យ​មុខមាត់​ខេត្ត​ព្រះសីហនុ​មាន​ការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ទៅ​លើ​វិស័យ​មួយ​ចំនួន​ដូចជា សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន និង​ការដឹកជញ្ជូន​ជាដើម​»៕LA