ធនាគារ ភីភីស៊ីប៊ែង ដែល​ជា​ធនាគារ​កូរ៉េខាងត្បូង បាន​ប្រកាស​ពី​ការ​ចាត់​តាំង​ប្រធាន​នាយក​ប្រតិបត្តិ​ថ្មី​របស់​ខ្លួន គឺ​លោក Baek Jongil ដែល​នឹង​ចាប់​ផ្ដើម​ចូល​កាន់​ការិយាល័យ​នៅ​ខែ​មេសា​ឆ្នាំ​ ២០២១ នេះ។

លោក Baek Jongil ក៏​ធ្លាប់​ជា​ប្រធាននាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន JB Asset Management​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ របស់​សម្ព័ន្ធ Jeonbuk Financial​ ដែល​ជា​ម្ចាស់​ភាគ​ហ៊ុន​​ធំ​របស់​ធនាគារ ភីភីស៊ីប៊ែង ផងដែរ។

លោក​​ Baek Jongil​ ដែល​នឹង​បន្ត​ដំណែង​ពី​លោក Shin Chang Moo ធ្លាប់​មាន​បទ​ពិសោធន៍​រយៈពេល ៣០ ឆ្នាំ ក្នុង​វិស័យហិរញ្ញវត្ថុ។ លោក​ក៏​ធ្លាប់​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​ប្រឹក្សាភិបាល​របស់​ធនាគារ​ ភីភីស៊ីប៊ែង កាល​ពី​ខែ​កញ្ញា ឆ្នាំ​ ២០១៦ រហូតដល់​ខែ សីហា ឆ្នាំ ២០១៩ ហើយ​ក៏​បាន​មក​ទស្សនៈកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ឳកាស​ផ្សេងៗ​ជាច្រើន​លើក​ផង​ដែរ។

លោក Baek Jongil បាន​មាន​ប្រសាសន៏​ថា​ ខ្ញុំ​ពិត​ជា​រំភើប​ចំពោះ​ឳកាស​នេះ​ដែល​អាច​ឲ្យ ខ្ញុំ​យល់​ច្បាស់ និង​អាច​ជួយ​ជំរុញលើ​ការ​អភិវឌ្ឍ​នៃ​វិស័យ​ធនាគារ​នៅ​ប្រទេស​កម្ពុជា។ ហើយ​ខ្ញុំ​ចាប់​ផ្តើម​ការងារ​ក្នុង​ពេល​ដ៏​លំបាក​មួយ​ដែល​ទីក្រុង​ភ្នំពេញ និង តាខ្មៅ កំពុង​ស្ថិត​នៅ​ក្នុង​ការ​បិទខ្ទប់​ដោយសារ​ព្រឹត្តិការណ៍ ២០ កុម្ភៈនៃ​ការ​ផ្ទុះ​វីរុសកូវីដ១៩។ ជំងឺ​រាតត្បាត​សាកល​នេះ​បាននឹង​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស​លោក និង​បណ្ដាល​ប្រទេស​ទូទាំង​សកល​លោក។ ម្ចាស់​ភាគហ៊ុន​របស់​ធនាគារ​ចង់​ផ្ញើសារ​តាម​រយៈ​ខ្ញុំ ថា​ពួកយើង​ប្ដេជ្ញា​ចិត្ត​នៅតែ​បម្រើ​សេវា​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​ជានិច្ច​ទោះ​ស្ថិត​ក្នុង​ស្ថានការណ៍​បែបណា​ក៏​ដោយ។

នៅឆ្នាំ ២០២០ ទ្រព្យ​សកម្ម​សរុប​របស់​ធនាគារ ភីភីស៊ីប៊ែង បាន​កើន​រហូត​ដល់​ជាង ១ ពាន់​លាន​ដុល្លារ​អាមេរិក ហើយធនាគារ​ក៏​បាន​ប្រកាស​ពី​ប្រាក់​ចំណេញ​សុទ្ធ​ជាង ១៦ លាន​ដុល្លារ​អាមេរិក​ដែល​មាន​ភាគហ៊ុន​សរុប ១៥៥.០៥៥ លានដុល្លារអាមេរិក។

លោក​បាន​បន្ថែម​ទៀត​ថា បើ​ទោះបីជា​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បណ្ដាល​មក​ពី​វីរុស​កូវីដ១៩ ក៏​ដោយ តែ​យើង​នៅ​តែអាច​ដំណើរការ​ទៅ​យ៉ាង​ប្រក្រតី ដោយ​មាន​ការ​ជឿ​ទុក​ចិត្ត និង​គាំទ្រ​ពី​សំណាក់​អតិថិជន​របស់​យើង។ យើង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​នូវ​រាល់​ជំនឿ​ទុក​ចិត្ត​របស់​លោក​អ្នក​មក​លើ​ធនាគារ ភីភីស៊ីប៊ែង។ យើង​នឹង​បន្ត​អភិវឌ្ឍ​បន្ថែម​នូវ​រាល់ផលិតផល និង​សេវាកម្ម​របស់​យើង​តាម​រយៈការ​វិភាគ​ទិន្នន័យ​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​និង​ផលិតភាព​នៃ​សេវាកម្ម​របស់​យើង ដោយ​ធានា​បាន​នូវ​សុវត្ថិភាព​និង​ភាព​ងាយស្រួល​ដល់​អតិថិជន។

ចូល​ទៅ​កាន់​តំណ​នេះ សម្រាប់​សារ​ពី​លោក​ប្រធាន​នាយក​ប្រតិបត្តិ៖ https://www.ppcbank.com.kh/km/president-message/

អំពីធនាគារភីភីស៊ីប៊ែង (PPCBank)

ធនាគារ​ ភីភីស៊ីប៊ែង​ គឺ​​ជា​ធនាគារ​របស់ប្រទេស​កូរ៉េខាងត្បូង​មួយ​ដែល​​​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កញ្ញា ឆ្នាំ​២០០៨​ ដែលជាក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​នៃ​ក្រុមហ៊ុន JB Financial Group និងក្រុមហ៊ុន Apro Financial Co។ ធនាគារ​ ភីភីស៊ីប៊ែង កំពុង ធ្វើ​ប្រតិបត្ដិការ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​តាម​រយៈសាខា​ចំនួន ១៦​​ សាខា​នៅ​រាជធានី​ភ្នំពេញ និង​សាខា​ចំនួន​ប្រាំពីរ នៅ​​តាមបណ្ដាល​ខេត្ត​សំខាន់ៗ​មួយ​ចំនួន និង​មាន​ទូ ATM សរុប​ចំនួន ៦៥។

ធនាគារ​ ភីភីស៊ីប៊ែង​ ​​បាន​ផ្តល់​ជូន​សេវា​ធនាគារ​ដែល​រួម​មាន​ទាំង​សេវា​ធនាគារ​លក្ខណៈ​ប្រពៃណី​ និង​បែប​ឌីជីថល​រាប់​បញ្ចូល​ទាំង​សេវា​ប្រាក់​បញ្ញើ ឥណទាន ​សេវាកម្ម​ឌីជីថល​ smartBiz និង​សេវា​ប្រឹក្សា​យោបល់​អតិថិជន​ទាំង​នៅ​ក្នុង​ និង​ក្រៅ​សាខាផងដែរ​​។​ ក្នុងឆ្នាំ ២០២០ ធនាគារ​ ភីភីស៊ីប៊ែង​ បានចុះ​បញ្ជី​មូលបត្រ​ក្រុមហ៊ុន​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា។

ធនាគារ​ ភីភីស៊ីប៊ែង​ ចូលរួម​គាំទ្រ​យ៉ាង​សកម្ម​ក្នុង​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម (CSR Initiative) ដោយ​ក្លាយ​ជា​ធនាគារ​ដំបូង​បង្អស់​ដែល​បាន​ផ្តួច​ផ្តើម​​គំនិត​ក្នុង​ការ​លើក​កម្ពស់​បុគ្គលិក​ដែល​មាន​ពិការភាព ​តាម​រយៈ​កិច្ច​សហការ និង​អនុញ្ញាតិ​​ឲ្យ​មាន​​​ហាង​កាហ្វេ Socials Coffee ​នៅ​ក្នុង​អគារ​ការិយាល័យ​​របស់​ខ្លួន​។ បន្ថែម​ពី​នេះ​ទៅ​ទៀត​ កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​របស់ធនាគារ​ក៏​បាន​គាំទ្រ​ដល់​អង្គការ​សម្អាត​មីន​នៅ​កម្ពុជា ដូចជា អង្គការ APOPO និង កណ្តុរ​ហិតមីន «HeroRATs» ដែល​កំពុងធ្វើ​ការ​បោស​សម្អាត​មីន ដើម្បី​លុប​បំបាត់​គ្រាប់​មីន​នៅ​ប្រទេស​កម្ពុជា៕