ភ្នំពេញៈ គម្រោងវិនិយោគដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០១៩ មានតម្លៃសរុបជាង ១,៨ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យដែលត្រូវបានគណនាដោយភ្នំពេញ ប៉ុស្តិ៍។
តាមការគណនាទិន្នន័យបង្ហាញថា ក្នុងអំឡុងពេលនេះមានគម្រោងវិនិយោគសរុបចំនួន ១០២ គម្រោង ដែលត្រូវបានអនុម័ត ដែលអាចបង្កើតការងាររហូតដល់ជិត ១៣ ម៉ឺនកន្លែង ប្រសិនបើគម្រោងទាំងនោះដំណើរការ។
គម្រោងដែល CDC បានអនុម័តទាំងនេះភាគច្រើនជាគម្រោងវិនិយោគរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្តជាដើម។
ចំណែកគម្រោងបន្ទាប់បន្សំ មានរោងចក្រផលិតប្លាស្ទិក សម្ភារបរិក្ខារពេទ្យ គ្រឿងផ្គុំដំឡើងបន្ទះសូឡា រោងចក្រកែច្នៃជ័រកៅស៊ូ រោងចក្រកែច្នៃផ្លែឈើ សម្ភារក្មេងលេង រោងចក្រកែច្នៃក្រដាសកាតុង រោងចក្រផលិតសម្ភារសំណង់ កសិដ្ឋានដាំដំណាំកសិឧស្សាហកម្ម ចិញ្ចឹមសត្វ រោងចក្រ ផលិតបារី អំបោះ ខ្សែភ្លើង ជាដើម។
សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានធ្វើឲ្យក្រុមហ៊ុនបរទេសជាច្រើន ពិសេសក្រុមហ៊ុនចិនខ្លួនឯងតែម្តងបានស្វែងរកទីតាំងផលិតក្រៅប្រទេស ចិន ដើម្បីគេចពីការបង់ពន្ធនាំចូលទៅអាមេរិក ២៥ ភាគរយ។ យោងតាមសារព័ត៌មាន Nikkei Asian Review កាលពីដើមខែនេះ បានរាយការណ៍ថា មានក្រុមហ៊ុន ១៦ ប្រកាសពីការប្តូរទីតាំងពីចិនមកអាស៊ីអាគ្នយ៍ ក្នុងនោះមានមកវៀតណាមរហូតដល់ ១០ ក្រុមហ៊ុន។
ទោះបីយ៉ាងនេះក្តីនៅក្នុងចំនួនក្រុមហ៊ុនដែលត្រូវបានអនុម័តដោយ CDC ក្នុងអំឡុងពេលមិនមានការបញ្ជាក់ណាមួយថា ក្រុមហ៊ុននោះបានប្តូរទីតាំងពីប្រទេស ចិន នោះទេ។
សម្រាប់គម្រោងដែល CDC បានអនុម័តធំជាងគេ គិតចាប់ពីដើមឆ្នាំ ២០១៩ រហូតមកទល់ពេលនេះ គឺគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ «TEMI» របស់ក្រុមហ៊ុនចិន Union City Development Group Co.,Ltd ដែលមានតម្លៃ ៥០០,៤ លានដុល្លារ។ គម្រោងនេះ រួមមាន សណ្ឋាគារលំដាប់ផ្កាយ៥ មជ្ឈមណ្ឌលពាណិជ្ជកម្ម តារាងវាយកូនគោល បឹងហ្គាឡូ វីឡា រមណីយដ្ឋានទេសចរណ៍ សួនកម្សាន្ត ចំណតកប៉ាល់ និងគម្រោងមួយចំនួនទៀត។ គម្រោងនេះស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង ដោយអាចបង្កើតការងារបានចំនួន ៥ ១៥០ កន្លែង។
UDG ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដែលគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋ Wanlong Group ដែលទទួលបានដីសម្បទាន ៤៥ ០០០ ហិកតា នៅស្រុកបទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង រយៈពេល ៩៩ ឆ្នាំកាលពីឆ្នាំ ២០០៨ ដើម្បីបង្កើតរមណីយដ្ឋានមាត់សមុទ្រ តារាសាគរ ដែលរួមមានកាស៊ីណូ និងគម្រោងទីធ្លាវាយកូនគោល នៅក្នុងឧទ្យានជាតិបទុមសាគរ៕LA