ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៤ ដែលមាន​តម្លៃ​សរុប ១៧,៤ ​លាន​ដុល្លារ​នៅក្នុង​សប្តាហ៍​ទី​ ២ ​នៃ​ខែមីនា ឆ្នាំ​ ២០២០​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC​។

សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC បាន​ឲ្យ​ដឹងថា​គិត​ត្រឹម​ថ្ងៃទី​ ១០ ខែកុម្ភៈ ឆ្នាំ​ ២០២០ CDC បានអនុម័ត​គម្រោង​ចំនួន​ ៤ ដែល​រួមមាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កាតុង​របស់​ក្រុមហ៊ុន Timberpack Carton Co., Ltd. ស្ថិត​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល​មាន​ទុនវិនិយោគ ៣,៨ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៣៦ ​កន្លែង​។ គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​របស់​ក្រុមហ៊ុន Fortress International Co., Ltd នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ ៥,៦ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១ ៩២៨ ​កន្លែង​។

ចំណែក​គម្រោង​ ២ ផ្សេងទៀត​រួមមាន គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​ស្បែកជើង​របស់​ក្រុមហ៊ុន Qi You Footwear (Cambodia) Co., Ltd មាន​ទីតាំងនៅ​ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​ទុនវិនិយោគ ៥,៥ ​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ១ ៨៣៤ ​កន្លែង និង​គម្រោង​វិនិយោគ​លើ​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ កន្សែង​បង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូ គ្រប់​ប្រភេទ និង​វាយនភណ្ឌ​បម្រើ​ក្នុងផ្ទះ (Home Textiles) របស់​ក្រុមហ៊ុន Texssel (Cambodia) Co., Ltd ដែល​ស្ថិតនៅ​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ​មាន​តម្លៃ ២,៥ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១ ០៣៤ ​កន្លែង​។

លោក សុក ចិន្តាសោភា អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ចុងខែ​កុម្ភៈ​កន្លងមក​បាន​និយាយថា បើទោះបី​ជា​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បាត់បង់​ការផ្តល់​ភាពអនុគ្រោះ​ពន្ធ ២០ ​ភាគរយ​សម្រាប់​ការនាំ​ចូល​ទៅ​សហភាព​អឺរ៉ុប​ក្នុង​ខែសីហា​ខាងមុខ និង​បញ្ហា​ប្រឈម​ជា​សកល​ស្តីពី​ការរីក​រាលដាល​នៃ​វីរុស​កូវីដ​ ១៩ ក៏ដោយ ក៏​ការដាក់​ពាក្យស្នើសុំ​ការចុះបញ្ជី​នៅ CDC ដើម្បី​ទទួលបាន​លើកទឹកចិត្ត​ជា​បន្តបន្ទាប់​។

លោក​អះអាង​ថា​៖ «​ក្នុង​ខែមករា និង​កុម្ភៈ ឆ្នាំ​ ២០២០ បើទោះបី​ជា​មាន​ព័ត៌មាន​ភ្លៀង ផ្គរ និងរន្ទះ ថា​នឹង​មក​ក៏ដោយ ប៉ុន្តែ​បើតាម​តួលេខ​រហូតមក​ដល់ពេល​បច្ចុប្បន្ន​កម្ពុជា​នៅតែ​ទទួល​បាន​ការវិនិយោគ​មិនតិចជាង​ឆ្នាំមុន​»​។

ទោះយ៉ាងណា​លោក​អះអាង​ថា ដោយសារ​វិបត្តិ​ដែល​ជា​សកល​កំពុង​កើតមាន​នោះ ហេតុនេះ​ផលប៉ះពាល់​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​ពិតជា​កើតមាន​ខ្លះ​ជាមិនខាន​។ លោក​ថ្លែងថា​៖ «​មាន​ការផ្អាក និង​បិទ​គម្រោង​ខ្លះ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ក៏មាន​អ្នកថ្មី​មក​ដែរ​»​។

លោក​បន្តថា CDC ក៏មាន​យុទ្ធសាស្ត្រ​ជាច្រើន​ក្នុងការ​រក្សា និង​បន្ត​ការ​ទាក់ទាញ​ឲ្យ​បានការ​វិនិយោគ​ថ្មីៗ​ចូលមក​កម្ពុជា​ផងដែរ​៕LA