វៀងចន្ទន៍ៈ ក្រុមសហគ្រិនវ័យក្មេងរបស់ប្រទេស ឡាវ បានអញ្ជើញក្រុមសហគ្រិនរបស់កម្ពុជាទៅធ្វើការវិនិយោគ និងធ្វើពាណិជ្ជកម្មកាន់តែច្រើនទៀតនៅក្នុងប្រទេស ឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកិច្ចការសហគ្រិនរវាងភាគីទាំង ២ នេះ។
កាសែត Vientiane Times បានរាយការណ៍ថា លោក Khamsen Sisavong ប្រធានសមាគមសហគ្រិនវ័យក្មេងរបស់ប្រទេស ឡាវ (YEAL) បានថ្លែងក្នុងព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្មរវាង YEAL និងសមាគមសហគ្រិនវ័យក្មេងកម្ពុជានៅទីក្រុងវៀងចន្ទន៍កាលពីសប្ដាហ៍មុនថា កិច្ចសហប្រតិបត្តិការនេះនឹងជួយសហគ្រិនវ័យក្មេងរបស់ប្រទេស ឡាវ និងកម្ពុជា ក្នុងការបង្កើតបណ្ដាញសម្រាប់ភាពជាដៃគូនៅពេលអនាគត និងការវិនិយោគ ដើម្បីពង្រីកពាណិជ្ជកម្មរបស់ពួកគេ។
សមាជិករបស់ YEAL បានចាប់អារម្មណ៍លើវិស័យពាណិជ្ជកម្មផ្សេងៗដូចជាការអប់រំ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ កសិកម្ម ថាមពល សំណង់ និងវារីអគិ្គសនី។
លោក Khamsen ថ្លែងថា៖ «យើងជឿជាក់ថាភាពជាដៃគូពាណិជ្ជកម្មកាន់តែច្រើនរវាងប្រទេស ឡាវ និងកម្ពុជា នឹងមានបន្ថែមទៀត ដើម្បីភាពរីកចម្រើនសេដ្ឋកិច្ចសង្គម និងវិបុលភាពរបស់យើង»។
ព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្មនេះជាឱកាសដ៏ល្អមួយសម្រាប់សហគ្រិនឡាវ និងកម្ពុជាក្នុងការពិភាក្សាការវិនិយោគ សក្ដានុពល ឱកាសពាណិជ្ជកម្ម និងបញ្ហាប្រឈមព្រមទាំងពីរបៀបដែលពួកគេអាចសហការដោយពិតប្រាកដ និងដោយរបៀបណា។
កម្ពុជា និងឡាវ បានសន្យាថានឹងបង្កើនពាណិជ្ជកម្ម និងការវិនិយោគ ទោះបីជាទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៥ និងឆ្នាំ ២០១៧ ក៏ដោយ។ នេះបើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសឡាវ។
កាលពីឆ្នាំ ២០១៥ ទំហំពាណិជ្ជកម្មរវាងប្រទេសឡាវ និងកម្ពុជាមានជាង ២៤,៧ លានដុល្លារ ប៉ុន្តែវាបានធ្លាក់ចុះមកនៅត្រឹម ១៨ លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៦ និងបន្ទាប់មកមកនៅត្រឹម ១៦ លានដុល្លារ កាលពីឆ្នាំ ២០១៧។
កាលពីឆ្នាំមុនតម្លៃនៃការនាំចេញរបស់ឡាវមកកម្ពុជាបាន ៦,៤ លានដុល្លារ ហើយតួលេខនេះត្រូវបានរំពឹងថានឹងកើនឡើងដល់ ៧ លានដុល្លារអាមេរិក នៅឆ្នាំនេះ។
ប៉ុន្តែមិនមានទិន្ន័យផ្លូវការពីតម្លៃនៃការនាំចូលពីប្រទេស កម្ពុជា នោះទេ។
លោកស្រី Khemmani Pholsena នៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសឡាវគាំទ្រការលើកកម្ពស់សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំង ២ និងស្នើឲ្យកម្ពុជាលើកទឹកចិត្តវិស័យឯកជនខ្លួនទៅវិនិយោគនៅឡាវ៕ Vientiane Times/LA