ភ្នំពេញៈ ទោះបី​ជា​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយចំនួន​បាន​ព្យាករ​អំពី​កំណើន​សេដ្ឋកិច្ច​ធ្លាក់ចុះ​របស់​កម្ពុជា​នៅ​ឆ្នាំនេះ​ក៏ដោយ ក៏​ម្ចាស់​រោងចក្រ​បោះទីតាំង​ផលិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) ដែល​ជា​តំបន់​ឧស្សាហកម្ម​ឈានមុខ​គេ​នៅ​កម្ពុជា​កំពុង​រៀបចំ​ផែនការ​ពង្រីក​អាជីវកម្ម​នៅ​ក្រោយ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

លោក Hiroshi Uematsu នាយក​គ្រប់គ្រង PPSEZ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទោះបី​ជា​រោងចក្រ​ជាច្រើន​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​ការរីករាលដាល​វីរុស​កូរ៉ូណា​ក៏ដោយ ក៏​រោងចក្រ​មួយចំនួន​កំពុង​រៀបចំ​ការពង្រីក​នៅ​ក្រោយ​ជំងឺ​កូវីដ​១៩​។

គិត​ត្រឹម​ចុងខែ​ឧសភា ចំនួន​កម្មករ​សរុប​នៅ PPSEZ មាន​ចំនួន​ ២០ ៥៤០ នាក់​ដែល​ធ្លាក់ចុះ​ ២,៦៨ ​ភាគរយ​ធៀប​នឹង​ខែមករា​ឆ្នាំនេះ​។ ទោះ​យ៉ាងណា ក្រុមហ៊ុន​មួយចំនួន​ដូចជា​ក្រុមហ៊ុន Denso (Japan) ​ក្រុមហ៊ុន Laurelton Diamonds (USA) ក្រុមហ៊ុន Marvel Garment (China) និង​ក្រុមហ៊ុន Sumi Wiring Systems (Japan) ​កំពុង​ធ្វើ​ ឬ​រៀបចំ​ការពង្រីក​សម្រាប់​ពេល​ក្រោយ​ជំងឺ​កូវីដ​១៩​។

លោក​ថ្លែងថា​៖ «​តាម​បទពិសោធ​របស់​យើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត យើង​អាច​មើលឃើញ​ថា ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​រថយន្ត​ដូចជា​ក្រុមហ៊ុន Denso ក្រុមហ៊ុន Sumi Wiring Systems កំពុង​ពង្រីក​ប្រតិបត្តិការ​»​។

លោក​បញ្ជាក់ថា ក្រុមហ៊ុន​ផលិត​ផលិតផល​អាហារ​ជាច្រើន​ក៏បាន​ធ្វើ​ដូចគ្នា​ដែរ​។

ធនាគារ​ពិភពលោក​បាន​កែតម្រូវការ​ព្យាករ​របស់ខ្លួន​លើ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ថា នឹង​ធ្លាក់​ចុះ​នៅ​ចន្លោះ​ពី​ -១ ​ទៅ​ -២,៩ ​ភាគរយ​នៅ​ឆ្នាំនេះ ដោយ​លើកឡើង​ពី​ការរីករាលដាល​ជំងឺ​កូវីដ​១៩ កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កតា្ត​ជំរុញ​សំខាន់ៗ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ដូចជា​វិស័យ​ទេសចរណ៍ ការនាំចេញ​ផលិតកម្ម និង​សំណង់ ដែល​រួមគ្នា​មាន​ចំនួន​ជាង​ ៧០ ​ភាគរយ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ជិត​ ៤០ ​ភាគរយ​នៃ​ការងារ​មាន​ប្រាក់ខែ​។

របាយការណ៍​នេះ​បាន​រាយការណ៍​ថា ការធ្លាក់ចុះ​នៃ​កតា្ត​ជំរុញ​កំណើន​ទាំងនេះ​បាន​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច និង​បានដាក់​ការងារ​យ៉ាងហោចណាស់​ ១,៧៦ ​លាន​ឲ្យ​មាន​ហានិភ័យ​។ របាយការណ៍​ក៏​ព្រមាន​ថា លំហូរ​ចូល​មូលធន​នឹង​ធ្លាក់ចុះ​ផងដែរ ដែល​ជា​បន្តបន្ទាប់​កំពុង​ជំរុញ​ឲ្យ​មានការ​ធ្លាក់ចុះ​តម្លៃ​ទីផ្សារ​អចលនទ្រព្យ ដូចជា​ការបញ្ចប់​ការកើនឡើង​ការសាងសង់​ផងដែរ​។ ជាមួយនឹង​ឥណទាន​ចំនួន​ច្រើន​នៅពេល​បច្ចុប្បន្ន​ដល់​វិស័យ​សំណង់ អចលនទ្រព្យ និង​កម្ចី​ទិញ​ផ្ទះ កម្ចី​មិន​ដំណើរការ​អាច​កើនឡើង​។

លោក Stephen Higgins ដៃគូ​គ្រប់គ្រង​នៅ​ក្រុមហ៊ុន Mekong Strategic Partners (MSP) បាន​ឲ្យ​ដឹងថា វិស័យ​ផលិតកម្ម​របស់​ប្រទេស​កម្ពុជា​នឹង​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​រហ័ស​នៅ​ក្រោយ​ពេល​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។ លោក​ថ្លែងថា​៖ «​ក្រោយ​ជំងឺ​កូវីដ​១៩ ខ្ញុំ​មាន​សុទិដ្ឋិនិយម​យ៉ាងខ្លាំង​អំពី​ចក្ខុវិស័យ​សម្រាប់​ផលិតកម្ម​នៅ​ប្រទេស​កម្ពុជា​។ បញ្ហា​នេះ​កំពុង​កំណត់​ថា នៅពេល​ក្រោយពី​កូវីដ​១៩»​។

ទោះយ៉ាងណា​លោក​បាន​បញ្ជាក់ថា ភាព​ពិត​គឺថា​ភាគច្រើន​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា អ្វីៗ​នឹង​មិន​ត្រឡប់​ទៅរក​ភាពធម្មតា​វិញ​នៅ​ឆ្នាំនេះ​ទេ ហើយ​សម្រាប់​វិស័យ​មួយ​ចំនួន​ដូចជា​វិស័យ​ទេសចរណ៍ វា​ទំនង​ជា​នឹង​ស្ទុះងើប​ឡើង​វិញ​នៅ​ឆ្នាំ​ ២០២២ មុនពេល​អ្វីៗ​ចាប់ផ្ដើម​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​វិញ​។

លោក Higgins បន្ថែមថា​៖ «​វិស័យ​កាត់ដេរ​គួរតែ​ត្រឡប់​ទៅរក​ភាព​ធម្មតា​វិញ​ត្រឹម​ចុងឆ្នាំ​នេះ ខណៈ​ដែល​វិស័យ​សំណង់​ទំនង​ជា​នឹង​មាន​ការធ្លាក់ចុះ​ជា​ប្រចាំ​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំនេះ​»​។

លោក Uematsu បានផ្ដល់​យោបល់​ដល់​រដ្ឋាភិបាល​ឲ្យ​កែតម្រូវ​ច្បាប់​វិនិយោគ និង​ច្បាប់​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី​ទាក់ទាញ​ក្រុម​វិនិយោគិន​កាន់តែ​ច្រើន​ថែមទៀត​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​ផ្ដល់យោបល់​ថា រដ្ឋាភិបាល​នឹង​កែតម្រូវ​ច្បាប់​វិនិយោគ និង​អនុម័ត​ច្បាប់ SEZ នៅក្នុង​មធ្យោបាយ​ដើម្បី​គាំទ្រ​ដល់​ឧស្សាហកម្ម​ទាំងនេះ ដើម្បី​កម្ពុជា​អាច​ធ្វើ​ពិពិធកម្ម​ឧស្សាហកម្ម​បាន​។ ដូចជា​មនុស្ស​ជាច្រើន​យល់ដឹង​រួចហើយ​ថា ប្រទេស​កម្ពុជា​ត្រូវតែ​ធ្វើ​ពិពិធកម្ម​ឧស្សាហកម្ម​។ ខ្ញុំ​ផ្ដល់​យោបល់​ដល់​រដ្ឋាភិបាល​ត្រូវ​កំណត់​ឧស្សាហកម្ម​ជា​អាទិភាព ដោយ​មាន​ការលើក​ទឹកចិត្ត​ដែល​គួរ​ឲ្យ​ទាក់ទាញ​ដើម្បី​ «​ស្វាគមន៍​ពួកគេ​មកកាន់​កម្ពុជា​កាន់តែ​ច្រើន​»៕LA