ក្រុងញូវដែលីៈ ក្រុមហ៊ុន​បច្ចេកវិទ្យា​ផលិត​ទូរស័ព្ទ​ចល័ត OnePlus របស់​ប្រទេស​​ ចិន ​បាន​ចាប់ផ្តើម​នាំចេញ​ទូរស័ព្ទដៃ​ទំនើប​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា​ទៅកាន់​ទីផ្សារ​លោក​ខាងលិច រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​។ នេះ​បើ​យោងតាម​កាសែត​ឥណ្ឌា​ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​។

កាសែត​ប្រចាំថ្ងៃ Economic Times បាន​ដកស្រង់​សម្តី​របស់​លោក Carl Pei សហស្ថាបនិក​របស់​ក្រុមហ៊ុន OnePlus ខណៈពេល​ដែល​លោក​ថ្លែងថា​៖ «​ឆ្នាំ​ ២០១៩ ជា​ឆ្នាំ​ល្អ​បំផុត​រហូតមក​ដល់ពេល​នេះ (​នៅ​ឥណ្ឌា​)​។ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ឥណ្ឌា​មាន​ភាពចាស់ទុំ ហើយ​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ផលិតកម្ម​កើនឡើង​ពិតជា​មាន​លទ្ធភាព​ដើម្បី​បន្ត​ការវិនិយោគ​នៅទីនេះ​»​។

លោក Pei បាន​ថ្លែងថា​៖ «​ក្រុមហ៊ុន OnePlus បាន​បង្កើត​បណ្តាញ SMT គ្រប់គ្រាន់​សម្រាប់​បរិមាណ​ដែល​ត្រូវបាន​ព្យាករ​របស់ខ្លួន​នៅ​ឆ្នាំនេះ ហើយ​បានចាប់ផ្តើម​នាំចេញ​ទូរស័ព្ទ OnePlus 7 Pro ដែល​ផលិត​នៅ​ឥណ្ឌា​ទៅកាន់ ទីផ្សារ​របស់​ប្រទេស​លោក​ខាងលិច រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​»​។

លោក​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា បើ​គុណភាព​មាន​កម្រិត​ខ្ពស់​គ្រប់គ្រាន់ ហើយ​ថ្លៃដើម​ល្អ​នៅពេល​នោះ​វា​សម​ហេតុផល​ដែល​យក​ឥណ្ឌា​ធ្វើជា​មជ្ឈមណ្ឌល​នាំចេញ​មួយ​។

OnePlus កំពុង​នាំមុខគេ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​តម្លៃ​ថ្លៃ​ខ្ពស់ជាង ៤២៨ ​ដុល្លារ​ ដោយ​មាន​ចំណែក​ទីផ្សារ ៤៣ ​ភាគរយ បន្ទាប់មក​ក្រុមហ៊ុន Samsung និង Apple៕ People''s Daily/KC