ភ្នំពេញ: ខេត្តបាត់ដំបងកំពុងទាក់ទាញវិនិយោគិនចិនសម្រាប់គម្រោងវិនិយោគថ្មីមួយដោយបង្កើតមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ ស្របពេលខេត្តនេះធ្លាប់ត្រូវបានសិក្សាពីលទ្ធភាពដើម្បីស្នើចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកចំពោះសំណង់អគារខ្លះបន្សល់ពីសម័យបារាំង។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានអះអាងថា តំណាងក្រុមហ៊ុន Angkor Culture Investment and Development Group នាពេលថ្មីៗនេះបានជួបជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបងដើម្បីបង្ហាញពីបំណងវិនិយោគលើការបង្កើតមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍នៅខេត្តនេះ។
លោក ប៊ុនរិទ្ធិ បានឲ្យដឹងថា លោក Wang Yin Phing តំណាងក្រុមហ៊ុននេះបានជួបពិភាក្សាជាមួយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីពិភាក្សាលើគម្រោងនេះ ខណៈក្រុមហ៊ុនចិនក៏មានការវិនិយោគលើមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ក្នុងខេត្តសៀមរាបដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តយល់ព្រមរួចហើយ។
លោកបន្តថា ក្នុងជំនួបនេះក្រៅពីការជជែកលើគម្រោងដែលក្រុមហ៊ុនចង់បង្កើតអភិបាលខេត្តបាត់ដំបងក៏បានស្នើសុំឲ្យក្រុមហ៊ុននេះ សម្លឹងមើលសក្តានុពលសម្រាប់បង្កើតឱកាសវិនិយោគលើវិស័យកសិកម្មពិសេសលើការកែច្នៃស្រូវអង្ករដ៏ល្បីល្បាញក្នុងខេត្តនេះ។
ក្រៅពីនោះលោកអភិបាលក៏បានស្នើឲ្យក្រុមហ៊ុននេះសិក្សាពីលទ្ធភាពវិនិយោគលើវិស័យបដិសណ្ឋារកិច្ចមានសណ្ឋាគារជាដើម ដើម្បីរួមចំណែកការអភិវឌ្ឍបាត់ដំបងឲ្យកាន់តែមានការរីកចម្រើន។
លោកឲ្យដឹងថា ក្រុមហ៊ុននេះបានសន្យាថា ខ្លួននឹងសិក្សាពីសក្តានុពលខេត្តនេះដើម្បីឈានដល់ការបោះទុនវិនិយោគលើគម្រោងនេះក្នុងអនាគត។
លោកនិយាយថា៖ «គេមានការចាប់អារម្មណ៍ខ្លាំងពីសក្តានុពលរបស់ខេត្តយើង ហើយពួកគាត់កំពុងពិចារណាថា តើសក្តានុពលអ្វីក្នុងខេត្តនេះ គួរបោះទុនវិនិយោគមុន?»។
យោងតាមរបាយកាណ៍របស់រដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា ក្រុមហ៊ុន និងរោងចក្រសហគ្រាសចំនួន ៦១៩ កំពុងប្រតិបត្តិការរួមមាន រោងម៉ាស៊ីនកិនស្រូវ រោងចក្រកែច្នៃដំឡូងមី ពោត រោងចក្រស៊ីម៉ងត៍ រោងចក្រផលិតថ្នាំពេទ្យ រោងចក្រផលិតក្រដាស និងរោងចក្រផលិតស្បែកជើងជាដើម។
ជាមួយគ្នានេះខេត្តនេះទទួលបានភ្ញៀវទេសចរ ៦៦៨ ៣៣២ នាក់កាលពីឆ្នាំ ២០១៩ កើនឡើង ៨,១២ ភាគរយ ធៀបឆ្នាំ ២០១៨ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ១០០ ៧៤៤ នាក់ ហើយសំណង់អគារបុរាណក្នុងខេត្តនេះជាគោលដៅអភិរក្ស៕