ភ្នំពេញៈ ក្រុមហ៊ុនចិន Henan Yuguang International Economic and Technical Cooperation បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើឃ្លាំងស្ដុក និងសម្ងួតស្រូវ ដ៏ធំមួយនៅកម្ពុជា ជាគម្រោងដែលត្រូវបានស្វាគមន៍ដោយរដ្ឋាភិបាល និងឧស្សាហកម្មស្រូវអង្កររបស់ប្រទេសនេះ។
ក្នុងអំឡុងកិច្ចប្រជុំជាមួយលោក ប៉ាន សូរស័កិ្ដ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះ បានបង្ហាញផែនការសាងសង់ឃ្លាំងស្ដុកស្រូវ ដែលមានសម្ថភាពស្តុកស្រូវបាន ១ លានតោន។ ប្រសិនបើគម្រោងនេះក្លាយជាការពិត ឃ្លាំងស្ដុកនេះមានសមត្ថភាពសម្ងួតស្រូវ ១០០ ០០០ តោនក្នុង ១ ថ្ងៃ ដែលនឹងលើកកម្ពស់ការនាំចេញអង្ករចំនួន ៥០០ ០០០តោនក្នុង ១ ឆ្នាំ។
ក្រសួងពាណិជ្ជកម្ម បានស្វាគមន៍គម្រោងនេះ ដោយលើកឡើងថា វានឹងបង្កើនការនាំចេញអង្ករកម្ពុជា និងកាត់បន្ថយលំហូរចេញស្រូវទៅប្រទេសជិតខាង ខណៈសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបញ្ជាក់ថា ការអភិវឌ្ឍឃ្លាំងស្ដុក និងឡសម្ងួតស្រូវ ជាតម្រូវការសម្រាប់ឧស្សាហកម្មស្រូវអង្ករកម្ពុជា។
រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យក្រុមហ៊ុននេះធ្វើការងារជាមួយអង្គការក្រុមហ៊ុននាំចេញអង្ករ ហ្រ្គីន ត្រេដ ដែលគ្រប់គ្រងដោយរដ្ឋ ដើម្បីសិក្សាបន្ថែមលើផែនការនេះ ព្រមទាំងតម្លៃការសាងសង់ផងដែរ។
លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ទោះបីបច្ចប្បន្នវិស័យនេះមានស្ដុកស្រូវនិងឡសម្ងួតរួចហើយក្តី ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់ ខណៈការផលិតបន្តការកើនឡើង។
លោក ហ៊ុន ឡាក់ បច្ចុប្បន្នវិស័យនេះអាចផលិតស្រូវបានរហូតដល់ ៩ លានតោនក្នុង ១ ឆ្នាំ។ លោកថ្លែងថា៖ «វាជាឱកាសល្អបំផុតសម្រាប់ក្រុមវិនិយោគិន ខណៈឃ្លាំងស្ដុកស្រូវរបស់យើង នៅតែមិនឆ្លើយតបតាមតម្រូវការ»។
លោកបន្តថា៖ «ឃ្លាំងស្ដុកស្រូវគួរតែមានយន្តការច្បាស់លាស់សម្រាប់ការបម្រើកសិករ និងរោងម៉ាស៊ីនកិនស្រូវ ដើម្បីទទួលអត្ថប្រយោជន៍រួមគ្នា»។ លោកបញ្ជាក់ថា ឃ្លាំងស្ដុកស្រូវ គួរតែផ្ដល់ជម្រើសកាន់តែប្រសើរសម្រាប់រោងម៉ាស៊ីន កិនស្រូវតូចៗ ដូចជាតម្លៃជួលឃ្លាំង ឬការសម្ងួតស្រូវជាដើម។
ស្ថិតក្រោមការគាំទ្ររបស់រដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (RDB) ឧស្សាហកម្មស្រូវអង្ករ ទទួលបានមូលនិធិ ១៥ លានដុល្លារសម្រាប់ការសាងសង់ឃ្លាំងស្ដុកស្រូវនៅខេត្តកំពង់ធំ ព្រៃវែង និងតាកែវ ឃ្លាំងស្ដុកនីមួយៗ មានសមត្ថភាពស្ដុកស្រូវ ៥០០ ០០០ តោន និងអាចសម្ងួតស្រូវ ១ ៥០០ តោនប្រចាំថ្ងៃ។
កាលពីពាក់កណ្ដាលឆ្នាំនេះ ក្រសួងកសិកម្មបានដាក់ឲ្យ ដំណើរការឃ្លាំងស្ដុកស្រូវ ដែលបានផ្ដល់មូលនិធិដោយរដ្ឋាភិបាលរបស់ប្រទេស កូរ៉េ នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម មានតម្លៃ ២,៨ លានដុល្លារ អាចសម្ងួតស្រូវ ៨០ តោន ក្នុង ១ ថ្ងៃ និងស្ដុកស្រូវបាន ៦០០ តោន៕LA