ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍ «រថភ្លើងលើអាកាស» របស់ចិន បានឲ្យដឹងថា ខ្លួនសង្ឃឹមថា នឹងអាចបង្ហាញគម្រោងរថភ្លើងលើអាកាសនៅប្រទេសកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រតិភូរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសចិន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន ECNS។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុន Zhongtang Sky Train Group មានមូលដ្ឋាននៅក្នុងទីក្រុង Chengdu ក្នុងខេត្ត Sichuan ដែលមានជំនាញផ្នែកតភ្ជាប់បច្ចេកវិទ្យាផ្លូវដែក បានទទួលស្វាគមន៍ប្រតិភូមួយក្រុមរបស់រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃចន្ទក្នុងសប្តាហ៍នេះ។
ក្រុមហ៊ុននេះ ក៏បានផ្តល់ព័ត៌មានលម្អិតស្តីពីការតភ្ជាប់បច្ចេកវិទ្យា «រថភ្លើងលើអាកាស» ទៅដល់គណៈប្រតិភូកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍។
សេចក្តីរាយការណ៍ដដែលមិនបានបង្ហាញឈ្មោះស្ថាប័ននៃប្រតិភូកម្ពុជា ដែលបានទៅទស្សនកិច្ចនៅក្រុមហ៊ុននេះទេ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា តំណាងក្រុមហ៊ុនធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំមុន ហើយថា ដំណើរទស្សនកិច្ចរបស់ភាគីកម្ពុជានៅពេលនេះ នឹងជំរុញការវិវឌ្ឍកាន់តែច្រើន។
យោងតាមផែនការនេះ «រថភ្លើងលើអាកាស» នឹងរត់លើផ្លូវប្រវែង ១០ គីឡូម៉ែត្រ តភ្ជាប់ពីស្ថានីយរថភ្លើងកណ្តាលក្រុងទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គម្រោងផ្សេងទៀត រួមមាន មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិភ្នំពេញ សណ្ឋាគារផ្កាយ ៥ និងផ្សារទំនើបនានា ក៏នឹងត្រូវសាងសង់ស្របតាមខ្សែផ្លូវ រថភ្លើងនេះផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍ខាងលើ។
កន្លងមកគេដឹងថា គម្រោងសាងសង់ ផ្លូវរថភ្លើងលើអាកាស ពីកណ្តាលក្រុងភ្នំពេញ ទៅព្រលានយន្តហោះភ្នំពេញ ត្រូវបានរដ្ឋាភិបាលកម្ពុជាកំពុងពិភាក្សាជាមួយនឹងប្រទេសជប៉ុនដើម្បីអភិវឌ្ឍគម្រោងនេះ៕ BP