ភ្នំពេញៈ ក្រុមហ៊ុន​ចុះបញ្ជី​ ២ គឺ​ក្រុមហ៊ុន RMA Cambodia និង​ក្រុមហ៊ុន​ប្រាសាក់​ (​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​) បានចាប់ផ្ដើម​ដំណើរការ​ធ្វើ​បរិវិសកម្ម​លើ​ការចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​របស់​ពួកគេ​ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ដល់​ថ្ងៃទី​ ២២ ខែមេសា សម្រាប់​វិនិយោគិន​សាធារណៈ​ដែល​ចង់​វិនិយោគ​លើ​​ទីផ្សារ​សញ្ញា​បណ្ណ​សាជីវកម្ម​។

យោងតាម​សេចក្ដីប្រកាស​បាន​ពី​ក្រុមហ៊ុន​ធានា​ប្រមូល​ទិញ​មូលបត្រ SBI Royal Securities Plc ការធ្វើ​បរិវិសកម្ម​របស់​ក្រុមហ៊ុន RMA ចាប់ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី​ ៨ ខែ​មេសា និង​ចាប់ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី​ ២២ ខែមេសា​ សម្រាប់​ក្រុមហ៊ុន​ប្រាសាក់ បន្ទាប់ពី​ក្រុមហ៊ុន​ទាំង​ ២ ​បាន​ទទួល​ការយល់ព្រម​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) ​កាលពី​ថ្ងៃទី​ ៣១ ខែមីនា​។

ការផ្ដល់​តម្លៃ​ក្នុង​ ១ ​សញ្ញា​បណ្ណ​សាជីវកម្ម​របស់​ក្រុមហ៊ុន RMA មានតម្លៃ​ ២៥ ​ដុល្លារ​ជាមួយ​នឹង​អត្រា​គូប៉ុង ៥,៥ ​ភាគរយ ​ក្នុង​ ១ ​ឆ្នាំ​ ដោយ​មាន​ឥណប្រតិទាន​រយៈពេល​ ៥ ​ឆ្នាំ (​គូប៉ុង​នឹងត្រូវ​បង់​ប្រចាំឆ្នាំ​) ជាមួយ​នឹង​ចំនួន ៨០០ ០០០ ​សញ្ញាបណ្ណ​។ ចំនួន​ការវិនិយោគ​អប្បបរមា ៥ ​លាន​ដុល្លារ និង​ច្រើនជាង​ ១ ​លាន​ដុល្លារ​ ផ្ដល់ជូន​តែ​​វិនិយោគិន​គុណវុឌ្ឍិ​ប៉ុណ្ណោះ​។

ចំណែក​ការផ្ដល់​តម្លៃ​របស់​ប្រាសាក់​ក្នុង​មួយ​សញ្ញា​បណ្ណ​មាន​តម្លៃ​ ២៥ ​ដុល្លារ ដោយមាន​អត្រា​គូប៉ុង ៧,៥ ​ភាគរយ​ ក្នុង​ ១ ​ឆ្នាំ​ ជាមួយ​នឹង​ឥណប្រតិទាន​រយៈពេល​ ៣ ​ឆ្នាំ (​គូប៉ុង​នឹងត្រូវ​បង់​រៀងរាល់​ឆមាស​)​។ ចំនួន​សញ្ញាបណ្ណ​សាជីវកម្ម​សរុប​ដែល​បោះផ្សាយ​លក់ ១ ២៧២ ០០០ សញ្ញាបណ្ណ និង​ចំនួន​វិនិយោគ​អប្បបរមា ៨០០ ​លាន​រៀល និង​មាន​ចំនួន​ ៤០០ ​លាន​រៀល ​ផ្ដល់ជូន​សម្រាប់តែ​វិនិយោគិន​គុណវុឌ្ឍិ​ប៉ុណ្ណោះ​។

លោក សេង ចាន់ធឿន នាយក​គ្រប់គ្រង SBI Royal Securities Plc បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ក្រុមហ៊ុន​ទាំង​ ២ ​នេះ​បានទទួល​ការយល់ព្រម​ពី SECC កាលពី​ថ្ងៃទី​ ៣១ ខែមីនា ស្ដីពី​ការបោះ​ផ្សាយ​លក់​សញ្ញាបណ្ណ​សាជីវកម្ម​ការបើក​ដំណើរការ​ធ្វើ​បរិវិសកម្ម​សម្រាប់​ក្រុមហ៊ុន RMA ចាប់ពី​ថ្ងៃទី​ ៦ ​ដល់​ថ្ងៃទី​ ៨ មេសា និង​ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី​ ២២ មេសា សម្រាប់​ប្រាសាក់​។

លោក​បាន​ឲ្យ​ដឹងថា សញ្ញា​បណ្ណ​សាជីវកម្ម​ទាំង​ ២ ​ត្រូវបាន​ធានា​ទាំងស្រុង​ដោយ​ស្ថាប័ន Credit Guarantee and Investment Facility (CGIF) ជា​មូលនិធិបរធន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​។ CGIF ធានា​ផ្ដល់​អត្ថប្រយោជន៍​មួយចំនួន​ដែល​នឹង​ត្រូវបាន​ចែករំលែក​ដោយ​ភាគទុនិក​។

លោក​បញ្ជាក់ថា​៖ «​សញ្ញាបណ្ណ​សាជីវកម្ម​ទាំងនោះ​ជា​សញ្ញា​បណ្ណ​លើកដំបូង​ដែល​ធានា​ដោយ CGIF​។ សញ្ញា​បណ្ណ​សាជីវកម្ម​ទាំង​ ២ ​នេះ​ក៏​ត្រូវបាន​ចុះបញ្ជី​ស្ថិតក្រោម​កម្មវិធី ASEAN+3 Multi-Currency Bond Issuance Framework (AMBIF) និង​ក្រុមហ៊ុន​ក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា​។ សញ្ញា​បណ្ណ​សាជីវកម្ម​ទាំង​ ២ ​នេះ​នឹងធ្វើឲ្យ​ក្រុម​វិនិយោគិន​បរទេស​កាន់តែ​មាន​យល់ដឹង​ច្បាស់​ពី​ទីផ្សារ​មូលធន​កម្ពុជា ដោយសារ​តែ​ស្ថានភាព​មូលធន​ដ៏រឹងមាំ និង​ការវាយតម្លៃ​ឥណទាន​ខ្ពស់​របស់ CGIF​។ CGIF ត្រូវបាន​វាយតម្លៃ AA ដោយ​ទីភ្នាក់ងារ​វាយតម្លៃ S&P Global ប្រកបដោយ «​ស្ថិរភាព​»​។

លោក Jong Weon HA អនុប្រធាន​ផ្សារមូលបត្រ​កម្ពុជា (CSX) ​បាន​ឲ្យ​ដឹងថា CSX គ្រាន់តែ​ផ្ដល់​ការយល់ព្រម​ជាគោលការណ៍​ប៉ុណ្ណោះ​លើ​ការពិនិត្យ​ឡើងវិញ​សិទ្ធិ​ចុះបញ្ជី​ដល់​ក្រុមហ៊ុន RMA Cambodia កាលពី​ថ្ងៃទី​ ៣០ ខែ​មីនា ឆ្នាំ​ ២០២០ និង​ប្រាសាក់​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​នោះ​ពួកគេ​នឹង​រាយការណ៍​លទ្ធផល​ការធ្វើ​បរិវិសកម្ម ដល់ SECC ហើយ​បន្ទាប់មក​នឹង​រៀបចំ​ឯកសារ​ដាក់ពាក្យ​សុំ​ចុះបញ្ជី​ផ្លូវការ​ដល់ CSX​។ បន្ទាប់ពី​សញ្ញាបណ្ណ​សាជីវកម្ម​ចុះបញ្ជី​នៅ CSX រួចហើយ​ក្រុម​វិនិយោគិន​នឹង​មាន​ការធ្វើ​ពិពិធកម្ម​ផ្សេងទៀត​ដែលជា​ការវិនិយោគ​ហានិភ័យ​ទាប ដោយសារ​តែ​សញ្ញា​បណ្ណសា​ជីវកម្ម​នេះ​ត្រូវបាន​ធានា​ ១០០ ​ភាគរយ​ ដោយ CGIF​។ យើង​សង្ឃឹមថា សញ្ញា​បណ្ណសា​ជីវកម្ម​នេះ​នឹង​នាំមក​នូវ​ក្រុម​វិនិយោគិន​កាន់តែ​ច្រើន និង​សន្ទនីយភាព​កាន់តែ​ខ្ពស់​សម្រាប់​ទីផ្សារ​នេះ​»​។

លោក ចាន់ធឿន បាន​ពន្យល់ថា ការវាយតម្លៃ​ឥណទាន​ខ្ពស់​របស់ CGIF អនុវត្ត​ចំពោះ​សញ្ញាបណ្ណ​សាជីវកម្ម​ដែល​បាន​ធានា និង​អាច​ឲ្យ​ក្រុមហ៊ុន​បោះផ្សាយ​លក់​ផ្ដល់​អត្រា​គូប៉ុង​កាន់តែ​ទាប បន្ទាប់មក​នឹង​អាចមាន​ការធានា​ «​នេះ​មានន័យថា ក្រុមហ៊ុន​បោះផ្សាយ​លក់​អាច​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ប្រតិបត្តិការ​របស់​ពួកគេ​ជាមួយនឹង​តម្លៃ​កាន់តែ​ទាប ដែល​អាច​ឲ្យ​មាន​ប្រាក់ចំណេញ​កើនឡើង​»​។

SECC បាន​ឲ្យ​ដឹង​នៅក្នុង​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន​ថា កាលពី​ឆ្នាំមុន​មូលធនីយកម្ម​ទីផ្សារ​នៅ​ CSX បាន​កើនឡើង​ ១៥៧ ​ភាគរយ​ដល់​ ៨០០,៣៩ ​លាន​ដុល្លារ​។ ត្រឹម​ចុង​ឆ្នាំមុន CSX បាន​ទាក់ទាញ​ក្រុម​វិនិយោគិន ២២ ៤៤៦ ​នាក់ ​ដែល​កើនឡើង​ជិត​ ១៥១ ​លាន​ដុល្លារ​ សម្រាប់​ក្រុម​ទាំង​ ៥ ​ដែល​បាន​ចុះបញ្ជី​នៅ​ទីផ្សារ​គោល និង​ក្រុមហ៊ុន​ ៣ លក់​សញ្ញាបណ្ណ​សាជីវកម្ម​។

ជា​មធ្យម​ប្រហែល​ ១,៧ ​លាន​ភាគហ៊ុន​ ត្រូវបាន​ជួញដូរ​នៅ​រាល់​ខែ ដែល​មាន​ចំនួន​ ៤,២ ​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​របស់ SECC៕ LA