ភ្នំពេញៈ ក្រុមហ៊ុនមួយចំនួនដែលចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ប្រតិបត្តិការអាជីវកម្មល្អប្រសើរកាលពីឆ្នាំមុន បើទោះបីភាពតានតឹងនៃសេដ្ឋកិច្ចដែលបានបណ្ដាលមកពីការរីករាលដាលជំងឺកូវីដ ១៩ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសក្នុងតំបន់ និងពិភពលោករួមទាំងកម្ពុជាក៏ដោយ។
បើយោងតាមឯកសារផ្ញើទៅ CSX កាលពីសប្ដាហ៍មុន ធនាគារអេស៊ីលីដា (ABC) បានរាយការណ៍កំណើនដ៏រឹងមាំជាមួយនឹងប្រាក់ចំណូលសរុបជាង ១៤១,៦៦ លានដុល្លារ គិតត្រឹមចុងខែធ្នូឆ្នាំមុនធៀបនឹងជាង ១២០,៩៨ លានដុល្លារ កាលពីឆ្នាំ ២០១៩ កើនឡើង ១៧,១៧ ភាគរយ។
ធនាគារនេះឱ្យដឹងថា៖ «ការកើនឡើងនេះភាគច្រើនដោយសារតែការកើនឡើងប្រាក់ចំណូលអត្រាការប្រាក់សុទ្ធចំនួន ១៦,៣៧ ភាគរយ ស្មើនឹង ៥៥ ៣៥០ លានរៀល បើធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០១៩»។
ខណៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលគ្រប់គ្រងដោយរដ្ឋក៏បានរាយការណ៍កំណើនដ៏រឹងមាំនៃប្រាក់ចំណូលសុទ្ធនៅត្រីមាសទី៤ ឆ្នាំមុនដែលកើន ១៥,៦ ភាគរយ សម្រេចបានប្រហែល ២,៧១៨ លានដុល្លារ ធៀបនឹង ២,៣៤៩ លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែក្នុងអំឡុងត្រីមាសនេះប្រាក់ចំណូលបានពីការលក់របស់កំពង់ផែមួយនេះបានធ្លាក់ចុះបន្តិច ៧,៥៩ ភាគរយ។
កំពង់ផែមួយនេះបានលើកឡើងថា៖ «ការថយចុះចំណូលការកើនឡើងនៃចំណេញប្រតិបត្តិការ និងចំណេញសុទ្ធ នេះបណ្ដាលមកពីបរិមាណទំនិញរាយ និងប្រេងឆ្លងកាត់មានការថយចុះ និងការខាតពីអត្រាប្តូរប្រាក់យ៉េន (មិនទាន់សម្រេច) បានកើនឡើងធៀបនឹងត្រីមាសទី៤ ឆ្នាំ ២០១៩ ប៉ុន្តែដោយទំនិញកុងតឺន័របានកើនឡើងវិញ និងចំណាយពន្ធពន្យារលើប្រាក់ចំណេញ (Deferred Tax Expense)»។
លោក Jong Weon Ha អនុប្រធាន CSX បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ក្រុមហ៊ុនទាំង ២ ជាពិសេសប្រតិបត្តិការរបស់អេស៊ីលីដា គឺនៅតែរឹងមាំ ខណៈប្រាក់ចំណូល និងប្រាក់ចំណេញកើនឡើងក្នុងរយៈពេល ១ ឆ្នាំ ចំណែក PAS ដែលប្រភេទអាជីវកម្មរបស់ខ្លួនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវីរុសនេះ នៅតែអាចរកប្រាក់ចំណេញបានកាលពីឆ្នាំ ២០២០។
លោកថ្លែងថា៖ «នេះបង្ហាញថា ក្រុមហ៊ុនទាំងពីរបានគ្រប់គ្រងស្ថានភាពរបស់ខ្លួនល្អប្រសើរ និងមានយុទ្ធសាស្ដ្រល្អក្នុងការកាត់បន្ថយ និងធ្វើឱ្យចុះខ្សោយផលប៉ះពាល់ដែលបានបណ្ដាលមកពីជំងឺកូវីដ ១៩»។
លោកពន្យល់ថា សម្រាប់ ABC ការអាចធ្វើឱ្យប្រតិបត្តិការរឹងមាំបែបនេះក្នុងអំឡុងពេលវេលាដ៏ពិបាកនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យមួយ ហើយទំនងជានឹងបង្កើនទំនុកចិត្តលើភាគហ៊ុនរបស់ខ្លួនផងដែរ។
លោកឱ្យដឹងថា មិនដូចជាធនាគារអេស៊ីលីដា អាជីវកម្មរបស់កំពង់ផែនេះហាក់ដូចជាត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារផលប៉ះពាល់ជំងឺកូវីដ ១៩។
លោកបន្តថា៖ «ទោះយ៉ាងណា ប្រសិនបើយើងសម្លឹងមើលទៅរបាយការណ៍ហិរញ្ញវត្ថុបណ្ដោះអាសន្នមានការធ្លាក់ចុះប្រាក់ចំណូលតិចតួចប៉ុណ្ណោះ ទោះបីជាស្ថិតក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។ ជាវិជ្ជមាន យើងរំពឹងថា នៅពេលស្ថានការណ៍កាន់តែប្រសើរឡើង យើងនឹងមើលឃើញកំណើនដ៏រឹងមាំពីអាជីវកម្មកំពង់ផែមួយនេះជាថ្មីមិនខាន»។
លោកបញ្ជាក់ថា ការចាប់ផ្ដើមចាក់វ៉ាក់សាំងដោយរដ្ឋាភិបាលកម្ពុជានឹងជំរុញឱ្យសកម្មភាពសេដ្ឋកិច្ចប្រទេសនេះប្រកបដោយទំនុកចិត្ត។
លោកបានអះអាងថា៖ «ទោះបីជាការចាប់ផ្ដើមចាក់វ៉ាក់សាំងនេះអាចរួមចំណែកដល់ការធ្វើឱ្យមានភាពធូរស្រាលផ្នែកមួយចំនួននៃសេដ្ឋកិច្ចក៏យើងអាចមើលឃើញថា សេដ្ឋកិច្ចកម្ពុជានៅតែពឹងផ្អែកភាគច្រើនលើការវិនិយោគផ្ទាល់បរទេស (FDI) និងទេសចរណ៍មកពីខាងក្រៅ។ អាស្រ័យហេតុនេះ ដរាបណាវីរុសនេះនៅមិនទាន់បាត់បង់ទាំងស្រុង បញ្ហាគឺនៅតែមាន។ ទោះជាយ៉ាងណា យើងជឿថា វីរុសនេះនឹងមិនឆ្លងលឿនដូចកាលពីច្រើនខែមុនៗទេ ហើយនៅពេលផ្នែកកាន់តែធំនៃពិភពលោកទទួលបានវ៉ាក់សាំង សេដ្ឋកិច្ចពិភពលោកនឹងត្រឡប់រកភាពប្រក្រតីមិនខាន»៕LA