ភ្នំពេញ: ទោះបីជាការរីករាលដាលជំងឺកូវីដ ១៩ កំពុងប៉ះពាល់ដល់ផ្សារហ៊ុនក្នុងតំបន់ និងពិភពលោកក៏ដោយ ក្រុមហ៊ុនចុះបញ្ជីមួយចំនួននៅលើក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ប្រតិបត្តិការវិជ្ជមាននាប៉ុន្មានខែកន្លងមកនេះ។
ក្រុមហ៊ុន Pestech (Cambodia) Plc បានរាយការណ៍ប្រាក់ចំណេញសុទ្ធកើនឡើង ៣០០ ភាគរយមានចំនួន ៩,២៤៣ លានដុល្លារ បើធៀបនឹងតួលេខកាលពីឆ្នាំ ២០១៩ ចំនួន ២,៣៤៣ លានដុល្លារ។ ចំណែកប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកើនឡើងខ្លាំង ៧១ ភាគរយ និងធនាគារ Acleda ប្រាក់ចំណេញសុទ្ធកើនឡើង ២,៧ ភាគរយ។
កំពង់ផែស្វយ័តភ្នំពេញក៏បានរាយការណ៍ថារកប្រាក់ចំណូលបានប្រហែល ២២,២៦៤ លានដុល្លារក្នុងរយៈពេល ៩ ខែដំបូង បើធៀបនឹង ២១,៧០៧ លានដុល្លារក្នុងរយៈពេលដូចគ្នា កើនឡើង ២,៥៦ ភាគរយ។
លោក Jong Weon Ha អនុប្រធាន CSX បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា ប្រតិបត្តិការរបស់ក្រុមហ៊ុនចុះបញ្ជីខុសគ្នាពីឧស្សាហកម្មមួយទៅឧស្សាហកម្មមួយ។ ទោះយ៉ាងណា ប្រតិបត្តិការជារួមកំពុងទទួលបានភាពវិជ្ជមាន ទោះបីជាស្ថិតក្នុងសភាពការណ៍នៃការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។
លោកថា អាជីវកម្មក្នុងវិស័យកំពង់ផែហាក់ដូចជាធ្វើបានយ៉ាងល្អ ទោះបីជាការចរាចរកាន់តែទាបក្នុងអំឡុងពេលជំងឺកូវីដ ១៩ នេះក៏ដោយ ខណៈដែលឧស្សាហកម្មកាត់ដេរត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែកង្វះតម្រូវការ ការបញ្ជាទិញធ្លាក់ចុះ និងការពន្យារពេលនាំចេញផលិតផលទៅឱ្យអតិថិជន ដែលបណ្ដាលមកពីការបិទប្រទេសនៅក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ ១៩។
លោកបន្តថា សម្រាប់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ប្រាក់ចំណេញបានធ្លាក់ចុះយ៉ាងខ្លាំង ហើយក្រុមហ៊ុននេះចង់បម្រុងទុកសាច់ប្រាក់មួយចំនួន ដើម្បីប្រើប្រាស់នៅក្នុងប្រតិបត្តិការជាជាងការចែកសាច់ប្រាក់ក្នុងទម្រង់នៃភាគលាភដល់ភាគទុនិក។
លោកឱ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ Grand Twin Internationals បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការរីករាលដាលជំងឺកូវីដ១៩ មានការធ្លាក់ចុះការបញ្ជាទិញនៅត្រីមាសទី ២ ឆ្នាំ ២០២០ ដែលបណ្ដាលឱ្យមានការធ្លាក់ចុះប្រាក់ចំណូលនៅត្រីមាសទី ២ ឆ្នាំ ២០២០ បើធៀបនឹងត្រីមាសទី ២ ឆ្នាំ ២០១៩។
លោកថា៖ «នេះបង្ហាញថា ការរីករាលដាលជំងឺកូវីដ ១៩ ពិតជាប៉ះពាល់លើអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជីពិតមែន ទោះជាយ៉ាងណា យើងមិនគួរមានការបារម្ភពេកនោះទេ ដោយសារតែក្រុមហ៊ុនទាំងនោះកំពុងដំណើរការបានល្អ ហើយផលប៉ះពាល់បានធ្វើឱ្យកំណើនរបស់ពួកគេថមថយល្បឿន តែប្រសិនបើមិនមានកូវីដនោះ វានឹងមានកំណើនកាន់តែខ្លាំង។ ខ្ញុំយល់ឃើញថា នេះជាពេលវេលាដ៏ល្អមួយ សម្រាប់ក្រុមវិនិយោគិនវៃឆ្លាតក្នុងការទិញភាគហ៊ុនក្នុងតម្លៃទាប ហើយរក្សាទុកលក់ក្នុងតម្លៃខ្ពស់នៅពេលអនាគត ខណៈដែលពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើនវិជ្ជមានចាប់ពីឆ្នាំក្រោយនេះ ហើយរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការជួយក្រុមហ៊ុន និងអាជីវកម្មក្នុងស្រុក និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសតាមរយៈវិធានការមួយចំនួន»៕ LA