ភ្នំពេញៈ ក្រុមហ៊ុន Goldwell Capital Co.,Ltd និង​ក្រុមហ៊ុន First Asia Merchants Bullion Limited បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ​ស្ដីពី​ «​យុទ្ធសាស្ដ្រ​នៃ​ការចែករំលែក​ព័ត៌មាន​នៅក្នុង​ទីផ្សារ និង​ការលើកកម្ពស់​ការអប់រំ​ដល់​វិនិយោគិន​» ដែលជា​វិធានការ​មួយ​ក្នុង​ការលើកកម្ពស់​ទីផ្សារ​ឧបករណ៍​និស្សន្ទ​ទោះបី​ជា​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ កំពុង​បន្ត​រំខាន​ដល់​សេដ្ឋកិច្ច​ពិភពលោក និង​តំបន់​ក៏ដោយ​។

MoU នេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អនឡាញ ​កាលពី​ថ្ងៃទី​ ១៧ ​ខែមីនា ដោយមាន​លោក ស៊ូ សុជាតិ អគ្គនាយក​និយ័តករ​ផ្សារមូលបត្រ​កម្ពុជា​ (SERC) ​ជា​អធិបតី​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន SERC​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្តថា​៖ «MoU នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជំរុញ​សកម្មភាព​អប់រំ វិនិយោគិន ការផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​ទីផ្សារ​ឱ្យ​គ្នា​ទៅវិញទៅមក​ក្នុង​គោលដៅ​លើកកម្ពស់​កម្រិត​គុណភាព​សេវាកម្ម​ឱ្យមាន​ស្ដង់ដា​វិជ្ជាជីវៈ ស្ថិរភាព និង​ប្រកប​ដោយ​ភាពច្នៃប្រឌិត សម្រាប់​វិនិយោគិន​ក្នុង​ការទាញ​យក​នូវ​ផលចំណេញ​ជា​អតិបរមា​ពី​ទីផ្សារ​នេះ​»​។

លោក ស៊ូ សុជាតិ បាន​ឱ្យដឹង​ក្នុងអំឡុង​ពិធី​ចុះហត្ថលេខា​នេះ​ថា ក្រុមហ៊ុន​ឧបករណ៍​និស្សន្ទ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​និយតករ​មូលបត្រ​កម្ពុជា​កំពុង​ធ្វើឱ្យ​ទីផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​មាន​ការរីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់ តាមរយៈ​ការកើនឡើង​ចំនួន​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ និង​កើនឡើង​ជា​លំដាប់​នៃ​ទំហំ​ជួញដូរ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​ការរីកចម្រើន​នៃ​ទីផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា ពិតជា​មិនអាច​កាត់ផ្ដាច់​បាន​ពី​ការចូលរួម​ចំណែក​ពី​សំណាក់​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​ឧបករណ៍​និស្សន្ទ ដែលជា​តួអង្គ​ធ្វើ​ប្រតិបត្តិការ​ផ្ទាល់​ជាមួយ​វិនិយោគិន​ក្នុង​ទីផ្សារ​បានឡើយ​»​។

លោក​បានឱ្យដឹងថា ជាក់ស្ដែង​នៅក្នុង​ឆ្នាំ​ ២០១៦ ដែលជា​ឆ្នាំ​ដាក់ឱ្យ​ដំណើរការ​លើកដំបូង​នៃ​ទីផ្សារ​ឧបករណ៍​និស្សន្ទ មាន​ក្រុមហ៊ុន​ទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​លើ​ឧបករណ៍​និស្សន្ទ​ត្រឹមតែ ៦ ​ប៉ុណ្ណោះ ហើយ​ចំនួន​នេះ​បាន​បន្ត​កើនឡើង​រហូតដល់ ៣៣ ក្រុមហ៊ុន​នៅក្នុង​ឆ្នាំ​ ២០២០​។

ដោយឡែក ចំពោះ​ទំហំ​ជួញដូរ​សរុប​វិញ​មាន​ប្រមាណ​ត្រឹមតែ​ជាង​ ៥ ​លាន​ដុល្លារ​ប៉ុណ្ណោះ​ ក្នុង​ឆ្នាំ​ ២០១៧ ប៉ុន្តែ​ទំហំ​នេះ​បាន​កើនឡើង​ដល់​ជិត​ ៦០០ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០ បើទោះបីជា​ពិភពលោក​ទាំងមូល​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​នោះបាន​ទទួល​រង​នូវ​ឥទ្ធិពល​ពី​ជំងឺ​រាតត្បាត​ជំងឺ​កូវីដ ​១៩​ ក៏ដោយ​៕LA