ភ្នំពេញ: ក្រុមហ៊ុនជប៉ុន Nittetsu Mining Cambodia., Ltd ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែទង់ដែងនៅខេត្តស្ទឹងត្រែងនឹងចាប់ផ្តើមការរុករកនៅដើមឆ្នាំ ២០២០ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុងសិក្សាផលប៉ះពាល់បរិស្ថាន។ នេះបើយោងតាមមន្ត្រីក្រសួង រ៉ែ និងថាមពល។
ក្រុមហ៊ុន Nittetsu Mining Cambodia., Ltd ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Japan Oil Gas and Metals Corp (JOGMEC) កាលពីសប្តាហ៍មុនបានរៀបចំសិក្ខាសាលារួមគ្នាជាមួយមន្ត្រីមន្ទីររ៉ែ និងថាមពល និងមន្ត្រីបរិស្ថានខេត្តស្ទឹងត្រែងស្តីពីកិច្ចពិគ្រោះយោបល់លើរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមនៃគម្រោងស្វែងរកធនធានរ៉ែនេះ។
ក្រុមហ៊ុននេះទទួលបានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពលកាលពីខែមេសា ដើម្បីរុករករ៉ែលោហៈ និងទង់ដែងនៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរីវ៉ាត ខេត្តស្ទឹងត្រែងលើផ្ទៃដីជាង ១៣៦ គីឡូម៉ែត្រការ៉េ។
លោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា អាជ្ញាប័ណ្ណនេះជាជំហានដំបូងសម្រាប់សិក្សាស្វែងរកធនធានរ៉ែដែលមានរយៈពេល ៣ ឆ្នាំ។
លោកថ្លែងថា៖ «វាកើតចេញពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលជាមួយក្រុមហ៊ុននេះជាលទ្ធផលសិក្សាវាយតម្លៃសក្តានុពលរ៉ែជំហានដំបូងលក្ខណៈភូមិសាស្ត្របង្ហាញថាចំណុចនេះអាចនឹងមានរ៉ែលោហៈ និងទង់ដែង»។
លោក ហម គឺមគង់ នាយកក្រុមហ៊ុន E&A Consultant ដែលទទួលសិក្សាវាយតម្លៃផលប៉ះពាល់នៃគម្រោងរបស់ក្រុមហ៊ុន Nittetsu Mining បានឲ្យដឹងថា ការសិក្សាគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះហើយការរុករកនឹងអាចចាប់ផ្តើមនៅដើមឆ្នាំ ២០២០។
JOGMEC បានចូលរួមក្នុងកិច្ចព្រមព្រៀងរុករករ៉ែមាសរួមគ្នាជាមួយក្រុមហ៊ុន Angkor Gold របស់កាណាដាកាលពីឆ្នាំ ២០១៦ ក្នុងការរុករករ៉ែមាសនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ កិច្ចព្រមព្រៀងនេះបានផ្តល់ជម្រើសឲ្យ JOGMEC ទិញភាគហ៊ុន ៥១ ភាគរយ នៃអាជ្ញាប័ណ្ណសម្រាប់ការវិនិយោគសរុប ៣ លានដុល្លារដែលមានរយៈពេល ៣ ឆ្នាំ។
កាលពីឆ្នាំ ២០១០ ក្រុមហ៊ុន JOGMEC បានចុះកិច្ចព្រមព្រៀងជាមួយអាជ្ញាធរជាតិប្រេងកាតកម្ពុជា ដើម្បីសិក្សា និងរុករកប្រេងក្នុងដីនៅភាគពាយព្យប្រទេសកម្ពុជា។ ប៉ុន្តែមកដល់ពេលនេះមិនមានព័ត៌មានចុងក្រោយស្តីពីគម្រោងនេះទេ៕