ភ្នំពេញៈ ក្រុមហ៊ុន ២ របស់ប្រទេស ជប៉ុន បានសហការគ្នា ដើម្បីផ្ដល់សេវាធនាគារអ៊ីនធឺណិតក្នុងការគាំទ្រដល់ការទូទាត់ឌីជីថលដោយផ្អែកលើបច្ចេកវិទ្យា Blockchain និងកម្មវិធីផ្ទេរប្រាក់ បាគង របស់ធនាគារជាតិនៃកម្ពុជាដែលនឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗនេះ។
ប្រព័ន្ធព័ត៌មានរបស់ប្រទេសជប៉ុន Kyodo បានរាយការណ៍ថា ReNet Japan Group Inc ជាក្រុមហ៊ុនកែច្នៃឡើងវិញនឹងសហការជាក្រុមជាមួយក្រុមហ៊ុនបង្កើតថ្មីបច្ចេកវិទ្យារបស់ប្រទេសជប៉ុន ដើម្បីផ្ដល់សេវាធនាគារអ៊ីនធឺណិត នៅក្នុងប្រទេស កម្ពុជា នៅដើមនិទាឃរដូវឆ្នាំ ២០២១។
ក្រុមហ៊ុន ReNet Japan និងក្រុមហ៊ុន Soramitsu Holdings AG ដែលជាការវិនិយោគរួមគ្នារបស់វិនិយោគិនជប៉ុនមានមូលដ្ឋាននៅប្រទេសស្វ៊ីសនឹងបង្កើតប្រតិបត្តិការរួមមួយនៅកម្ពុជាត្រឹមខែមេសា ដោយក្រុមហ៊ុន ReNet Japan គ្រប់គ្រងភាគហ៊ុន ៨០ ភាគរយ និងក្រុមហ៊ុន Soramitsu គ្រប់គ្រងភាគហ៊ុនដែលនៅសល់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ReNet Japan។
ក្រុមហ៊ុន Soramitsu កំពុងស្វែងរកការដាក់ចូលទៅក្នុងប្រតិបត្តិការពេញលេញនូវកម្មវិធីទូទាត់ «បាគង» ជាកម្មវិធីទូទាត់ឌីជីថលផ្អែកលើបច្ចេកវិទ្យារូបិយប័ណ្ណឌីជីថលរបស់ខ្លួនដែលខ្លួនបានបង្កើតឡើងសម្រាប់ធនាគារជាតិនៃកម្ពុជា និងកំពុងសាកល្បងចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៩។
ក្រុមហ៊ុននេះបានឲ្យដឹងថា៖ «ផែនការទាំង ២ នេះ ដើម្បីបង្កើតប្រព័ន្ធផ្ដល់ពិន្ទុឥណទានដោយការរួមបញ្ជូលទិន្នន័យទូទាត់របស់ក្រុមហ៊ុន Soramitsu និងទិន្នន័យកម្ចីរបស់ក្រុមហ៊ុន ReNet Japan»។
លោកស្រី ជា សិរី អគ្គនាយិកា NBC បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីខែមុនថា NBC នឹងដាក់ឲ្យដំណើរការកម្មវិធីទូទាត់ឌីជីថល និងការផ្ទេរប្រាក់មានមូលដ្ឋានលើរូបិយប័ណ្ណឌីជីថលនៅរយៈពេល ២-៣ ខែក្រោយ។ រហូតមកដល់ពេលនេះផែនការនេះបានគាំទ្ររួចហើយពីធនាគារចំនួន ១១ ហើយធនាគារកាន់តែច្រើនរំពឹងថានឹងចូលរួមក្នុងពេលឆាប់ៗ។
លោកស្រីបានបន្តថា បាគង ដែលជាទម្រង់ដូចគ្នានៃរូបិយប័ណ្ឌឌីជីថលធនាគារកណ្ដាល (CBDC) ត្រូវបានដាក់ឲ្យដំណើរការឈរលើមូលដ្ឋានសាកល្បងកាលពីខែកក្កដា ហើយនឹងត្រូវដាក់ឲ្យប្រតិបត្តិការនៅឆ្នាំនេះ៕LA