ភ្នំពេញៈ ក្រុមហ៊ុន​ជប៉ុន Mitsui & Co ទើប​សម្រេច​កិច្ចព្រមព្រៀង​ទិញ​ភាគហ៊ុន ១០ ភាគរយ​បន្ថែម​ទៀត​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍ Smart Axiata ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​កាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Smart Axiata សរុប​ ២០ ​ភាគរយ​។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន Smart Axiata ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ថ្ងៃ​ពុធ​។

ក្រុមហ៊ុន Smart Axiata នៅ​កម្ពុជា​គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​មេ Axiata Group ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​។

កាលពី​ខែ​ឧសភា​ឆ្នាំ​ ២០១៧ ក្រុមហ៊ុន Mitsui & Co បាន​សម្រេច​ទិញ​ភាគហ៊ុន ១០ ភាគរយ​នៅក្នុង​ក្រុមហ៊ុន Smart Axiata ម្តង​ហើយ​ក្នុង​តម្លៃ ៦៦ លាន​ដុល្លារ​ពី​ក្រុមហ៊ុន​មេ Axiata Group ហើយ​កាល​នោះ Axiata Group បាន​ផ្តល់​ជម្រើស​ដល់ Mitsui Co ក្នុង​ការ​សម្រេចចិត្ត​ទិញ​ភាគហ៊ុន​បន្ថែម ១០ ភាគរយ​ទៀត​ដោយ​ទុក​សុពលភាព​ពិចារណា​ ១ ​ឆ្នាំ​។

កិច្ចព្រមព្រៀង​ទិញ​លក់​ភាគហ៊ុន​ថ្មី​នេះ​បាន​ធ្វើឲ្យ​ក្រុមហ៊ុន Axiata Group កាត់បន្ថយ​ភាគហ៊ុន​របស់​ខ្លួន​ក្នុង​ក្រុមហ៊ុន Smart Axiata កម្ពុជា​ពី ៨២,៥ ភាគរយ​មក​នៅ​ត្រឹម ៧២,៥ ភាគរយ​វិញ​។ ភាគហ៊ុន ៧,៥ ភាគរយ​ដែល​នៅ​សេសសល់​ត្រូវ​កាន់កាប់​ដោយ​ក្រុមហ៊ុន Southern Coast Ventures​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Smart Axiata បង្ហាញ​ថា កំណើន​ភាគហ៊ុន​របស់​ក្រុមហ៊ុន Mitsui នៅក្នុង​ក្រុមហ៊ុន Smart នឹង​ធ្វើ​ជា​ជំនួយ​បន្ថែម​ទៀត​ដល់​ដំណើរ​របស់​ខ្លួន​ឆ្ពោះ​ទៅ​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​សង្គម​មួយ​ដែល​ពឹង​លើ​ចំណេះដឹង ឌីជីថល និង​ព័ត៌មាន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បង្ហាញ​ថា​៖ «​ជំនាញ​របស់​ក្រុមហ៊ុន Mitsui ខាង​ការងារ​ឌីជីថល​ផ្សេងៗ​នឹង​អាច​ឲ្យ​ក្រុមហ៊ុន Smart ពង្រឹង​បន្ថែម​ទៀត​នូវ​ភាព​ជា​អ្នក​ដឹកនាំ​ផ្នែក​ឌីជីថល​ខ្លួន​នៅ​កម្ពុជា​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បន្ថែម​ថា​មិន​មាន​ការផ្លាស់ប្តូរ​ច្រើន​ចំពោះ​ថ្នាក់​គ្រប់គ្រង យុទ្ធសាស្ដ្រ ឬ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នេះ​ទេ បន្ទាប់ពី​កិច្ចព្រមព្រៀង​នេះ​។ ក្រុមហ៊ុន​មិន​បាន​បង្ហាញ​តម្លៃពិត​អំពី​ការទិញ​ភាគហ៊ុន​ថ្មី​បន្ថែម ១០ ​ភាគរយ​នេះ​ទេ​។

លោក អ៊ឹម វុត្ថា អ្នក​នាំពាក្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា (TRC) បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា Mitsui គឺជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដ៏រឹងមាំ​មួយ​ហើយ​ការចូល​របស់​ក្រុមហ៊ុន​នេះ​ក្នុង​វិស័យ​ទូរគមនាគមន៍​កម្ពុជា​នឹង​ផ្ដល់​ភាព​វិជ្ជមាន​ដល់​ឧស្សាហកម្ម​នេះ​។

លោក​ថ្លែង​ថា​៖ «​យើង​សង្ឃឹម​ថា​ដោយ​មាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏រឹងមាំ ប្រតិបត្តិករ​ទូរគមនាគមន៍​មួយ​នេះ​នឹង​ពង្រឹង​គុណភាព​សេវា​របស់​ខ្លួន​ដូចជា​បណ្ដាញ​ 5G ដើម្បី​បង្កើន​ល្បឿន​អ៊ីនធឺណិត​កាន់តែ​លឿន សម្រាប់​អត្ថប្រយោជន៍​របស់​អ្នក​ប្រើប្រាស់​កម្ពុជា​»៕LA