ភ្នំពេញៈ ក្រុម​ប្រតិភូ ចំនួន​ ១៥ ក្រុមហ៊ុន​មកពី​ទីក្រុង Kitakyushu ប្រទេស​ជប៉ុន​បានបង្ហាញ​ពី​ការចាប់​អារម្មណ៍ និង​ចង់​ស្វែងយល់​ពី​ឱកាស និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​វិនិយោគ​លើ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។

គំនិត​នេះ​ត្រូវបាន​លើកឡើង​ក្នុង​ជំនួប​រវាង​ក្រុម​ប្រតិភូ​សមាគម​ក្រុមហ៊ុន​អាជីវកម្ម​ទឹកស្អាត​ក្រៅប្រទេស (KOWBA) របស់​ជប៉ុន​ជាមួយ​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​នៅ​ទីស្តីការ​ក្រសួង​កាលពី​ថ្ងៃ​អង្គារ​។

លោក Kubota Koji ប្រធាន​ប្រតិភូ KOWBA បាន​ប្រាប់ថា ក្រុមហ៊ុន​ទាំង​ ១៥ ដែល​មក​ចូលរួម​ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម គឺ​សុទ្ធតែ​ជា​ក្រុមហ៊ុន​ដែលមាន​ជំនាញ និង​ចំណាប់អារម្មណ៍​ចំពោះ​ការវិនិយោគ​លើ​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​។

លោក​ប្រាប់​ទៀត​ថា មិន​ត្រឹមតែ​ក្រុម​ប្រតិភូ KOWBA នោះទេ​ដែល​ចង់​បង្កើន​កិច្ចសហប្រតិបត្តិការ​នៅ​កម្ពុជា សូម្បីតែ​លោក Kita Hashi Kenji ជា​ចៅហ្វាយ​ក្រុង​ Kitakyushu ក៏​បង្ហាញ​នូវ​មនោសញ្ចេតនា​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ឲ្យ​ចេញ​ជា​ផ្លែផ្កា​ជាមួយ​កម្ពុជា​ដែរ​។

KOWBA គឺជា​អង្គការ​មួយ​ដែល​មាន​គោលបំណង​លើក​កម្ពស់​ការផ្តួចផ្តើម​គំនិត​អាជីវកម្ម​ទឹកស្អាត​នៅ​បរទេស​តាមរយៈ​ភាពជា​ដៃគូ​សាធារណៈ និង​ឯកជន​នៅក្នុង​ទីក្រុង Kitakyushu​។

លោក ចម ប្រសិទ្ធ ស្វាគមន៍​ចំពោះ​ការចាប់អារម្មណ៍​របស់ KOWBA ក្នុង​ការវិនិយោគ​លើ​ទឹកស្អាត​នៅ​កម្ពុជា ដោយ​លោក​លើកឡើង​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ក៏​មាន​ការលើក​ទឹកចិត្ត​យ៉ាង​ច្រើន​ចំពោះ​ការវិនិយោគ​លើ​វិស័យនេះ​ផង​ដែរ ដែល​មាន​ដូចជា ការលើកលែង​ពន្ធ​លើប្រាក់ចំណេញ​ក្នុង​កាលកំណត់​មួយ ការមិន​យកពន្ធ​លើ​ការ​នាំចូល​ឧបករណ៍ សម្ភារ​បម្រើ​ឲ្យ​ការសាងសង់ និង​ដំណើរការ​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹកស្អាត ជាដើម​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​ក្រសួង​មិន​ត្រឹម​តែ​ផ្តោតលើ​ការផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ទីក្រុង និង​ទីប្រជុំជន​ប៉ុណ្ណោះ​ទេ តែ​ក៏​បាននិង​កំពុង​គិតគូរ​ដល់​តំបន់​ជនបទ​តាម​គ្រប់​លទ្ធភាព ហើយ​ក៏​លើក​ទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឲ្យ​វិនិយោគ​ការផលិត​ទឹកស្អាត​ដើម្បី​លក់ដុំ​បន្ត​ផងដែរ​»​។

តាម​ក្រសួង​ពាណិជ្ជកម្ម ការវិនិយោគ​ផ្ទាល់​របស់​ជប៉ុន​នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​ ១៩៩៤ ដល់​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៩ ដែល​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​មាន​ចំនួន ១៣៧ ​គម្រោង​ស្មើនឹង​ទុនវិនិយោគ​សរុប ២,៥ ​ពាន់​លាន​ដុល្លារ​។ ការវិនិយោគ​ផ្ទាល់​របស់​ជប៉ុន​ភាគច្រើន​ទៅលើ​រោងចក្រ​ផលិត​គ្រឿង​ផ្គុំ​អគ្គិសនី គ្រឿង​អេឡិចត្រូនិក គ្រឿង​ផ្គុំ​រថយន្ត សម្ភារ​បរិក្ខារ​បច្ចេកទេស​កសិឧស្សាហកម្ម ការកែច្នៃ​ម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និង​ផ្សារ​ទំនើប​។

របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៩ ​ខែ​ក្នុង​ឆ្នាំ​ ២០១៩ ការនាំ​ទំនិញ​ចេញ​របស់​កម្ពុជា​សរុប​មាន​តម្លៃ ១០,៩ ​ពាន់​លាន​ដុល្លារ​ដែល​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​ដែល​មាន​ចំណែក​ទីផ្សារ ២៩ ​ភាគរយ ខណៈ​ជប៉ុន​ស្ថិត​នៅ​លេខ​ ២ ជាមួយនឹង​ចំណែក​ទីផ្សារ ៨ ​ភាគរយ​។

សម្រាប់​ការនាំចូល​ទំនិញ​មក​កម្ពុជា ប្រទេស​ ជប៉ុន​ ស្ថិត​នៅ​លេខ​ ៤ ដោយមាន​ចំណែក​ទីផ្សារ ៥ ​ភាគរយ​ តាម​ពីក្រោយ​ដោយ​ប្រទេស​ចិន​មាន ៣៩ ​ភាគរយ ថៃ​ ១៥ ​ភាគរយ និង​វៀតណាម ១៣ ​ភាគរយ​។ ការនាំ​ចូល​សរុប​មាន​តម្លៃ ១៦,៥ ​ពាន់​លាន​ដុល្លារ​៕