ភ្នំពេញៈ ក្រុមហ៊ុនជប៉ុនប្រហែល ១៧ ក្រុមហ៊ុន មកពីវិស័យផ្សេងៗ កំពុងស្វែងរកឱកាសវិនិយោគ និងអាជីវកម្មនៅកម្ពុជា ដើម្បីចាប់យកអត្ថប្រយោជន៍នៃកំណើនសេដ្ឋកិច្ចរឹងមាំរបស់ប្រទេសនេះក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។
ការផ្គូផ្គងអាជីវកម្មរវាងដៃគូកម្ពុជា និងក្រុមវិនិយោគិនជប៉ុនត្រូវបានធ្វើឡើងនៅការិយាល័យកណ្ដាលធនាគារអេស៊ីលីដា នាក្រុងភ្នំពេញកាលពីល្ងាចថ្ងៃពុធដែលត្រូវបានរៀបចំរួមគ្នាដោយធនាគារអេស៊ីលីដា និងសមាគមកម្ពុជា-ជប៉ុនដែលបានដឹកនាំដោយលោក Takahashi Fumiaki អតីតឯកអគ្គរាជទូតជប៉ុន។
លោក អ៊ិន ចាន់នី ដែលបានដឹកនាំក្រុមវិនិយោគិនក្នុងស្រុកដ៏មានសក្ដានុពល បានឲ្យដឹងថា ការផ្គូផ្គងអាជីវកម្មនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការប្ដេជ្ញាចិត្តរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបាននិយាយទៅកាន់ក្រុមវិនិយោគិនជប៉ុននៅទីក្រុងតូក្យូក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុននៅពេលថ្មីៗ ដោយអំពាវនាវឲ្យមានការវិនិយោគកាន់តែច្រើនពីប្រទេសជប៉ុនមកកម្ពុជា។
លោក ចាន់នី បានប្រាប់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនេះថា៖ «លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនរយៈពេលប៉ុន្មានខែថ្មីៗនេះបានអំពាវនាវឲ្យក្រុមវិនិយោគិនជប៉ុនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា»។
លោកបន្ថែមថា៖ «បន្ទាប់មកខ្ញុំបានជួបជាមួយលោក Takahashi Fumiaki អតីតឯកអគ្គរាជទូតជប៉ុននៅកម្ពុជាកាលពីខែកញ្ញាបន្ទាប់មកយើងបានពិភាក្សាក្នុងការស្វែងរកមធ្យោបាយដើម្បីធ្វើឲ្យការអំពាវនាវរបស់លោកនាយករដ្ឋមន្ដ្រីក្លាយជាការពិត។ នេះជាមូលហេតុដែលយើងបានទទួលក្រុមហ៊ុនធំៗចំនួន ១៧ មកពីប្រទេសជប៉ុននៅក្នុងវិស័យផ្សេងៗ ដែលចូលមកដើម្បីស្វែងរកឱកាសណាមួយនៅប្រទេសរបស់យើង»។
យោងតាមលោក ចាន់នី ក្រុមហ៊ុនជប៉ុនទាំងនេះមានមកពីវិស័យវិស្វកម្ម សំណង់ និងអចលនទ្រព្យ ធនាគារ បច្ចេកវិទ្យា សណ្ឋាគារ និងបដិសណ្ឋារកិច្ច អាហារសុខភាព កសិកម្ម។ល។
លោកបន្តថា ក្រុមហ៊ុនមួយចំនួនដែលមានវត្តមានក្នុងពិធីផ្គូផ្គងកាលពីថ្ងៃពុធនោះបានវិនិយោគនៅកម្ពុជារួចហើយ ប៉ុន្តែក្រុមហ៊ុនជាច្រើនផ្សេងទៀតមិនបានវិនិយោគនៅឡើយទេ។ លោកមានប្រសាសន៍ថា៖ «ការផ្គូផ្គងអាជីវកម្មគឺជាវេទិកាមួយដើម្បីផ្ដល់ឱកាសដល់ភាគីទាំង ២ ដើម្បីទទួលបានការជជែកដោយផ្ទាល់ និងចែករំលែកព័ត៌មាន។ យើងទាំងអស់គ្នាដឹងហើយថា ការវិនិយោគរបស់ជប៉ុនតែងតែនាំយកយីហោនៃការជឿទុកចិត្ត និងគុណភាពនៃការវិនិយោគទៅក្នុងប្រទេសណាមួយ។ ភាគច្រើននៃវិនិយោគិនជប៉ុនកំពុងស្វែងរកការវិនិយោគរយៈពេលវែង»។
លោកបានបន្ថែមថា៖ «ជាពិសេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរយៈពេលជាង ២ ទសវត្សរ៍ ខណៈយើងក៏មានស្ថិរភាពនយោបាយ និងស្ថិរភាពសង្គមផងដែរ ដែលជាចំណុចដ៏សំខាន់ក្នុងការទាក់ទាញពួកគេឲ្យមកវិនិយោគនៅទីនេះ»។
លោក Takahashi Fumiaki ដែលដឹកនាំសមាគមកម្ពុជា-ជប៉ុន បានឲ្យដឹងថា ចាប់តាំងពីប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាការវិនិយោគរួចមក លំហូរចូលការវិនិយោគពីប្រទេសជប៉ុនចូលមកកម្ពុជាបន្តកើនឡើង។ ការផ្គូផ្គងអាជីវកម្មនេះមានបំណងនាំយកក្រុមហ៊ុនជប៉ុនមកជួបពាណិជ្ជករ និងក្រុមវិនិយោគកម្ពុជាដែលមានសក្ដានុពល ដើម្បីស្វែងរកឱកាសវិនិយោគរួម ឬការផ្លាស់ប្តូរព័ត៌មានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។
លោកបានថ្លែងថា៖ «ខ្ញុំបាននាំយកសមាជិកមួយចំនួនរបស់សមាគមនេះមកកម្ពុជា នៅពេលនេះគឺដើម្បីបង្កើនការវិនិយោគ និងពាណិជ្ជកម្មចូលមកកម្ពុជា។ ខ្ញុំជឿជាក់ថា ក្រុមហ៊ុនជប៉ុននឹងមានការយល់ដឹងបន្ថែមទៀតអំពីស្ថានការសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានអំណោយផលខ្លាំង»។
លោកបន្ថែមថា៖ «អ្នកដឹងហើយអំពីកំណើនសេដ្ឋកិច្ចជាង ៧ ភាគរយក្នុងរយៈពេល ១៦ ឆ្នាំជាប់គ្នារបស់កម្ពុជា។ អ្នកនឹងមើលឃើញក្នុងរយៈពេល ៧ ឆ្នាំក្រោយថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងទ្វេដង។ ដូច្នេះខ្ញុំគិតថា ក្រុមហ៊ុនជប៉ុន ពួកគេត្រូវតែស្វែងរកឱកាសនៅទីនេះ»។
យោងតាមទិន្នន័យបានពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) ការនាំចេញទំនិញសរុបពីប្រទេសកម្ពុជាទៅជប៉ុនមានតម្លៃ ១,៤៥ លានដុល្លារ កើនឡើង ៧,៨ ភាគរយ និងការនាំចូលទំនិញជប៉ុនមកកម្ពុជាមានតម្លៃជាង ៤៤ ម៉ឺនដុល្លារកើនឡើង ៣៤,២ ភាគរយ៕ LA