
សមត្ថកិច្ចវាស់វែងរថយន្តកុងតឺទ័រ ត្រួតពិនិត្យក្រែងដឹកលើសទម្ងន់ នៅជ្រោយចង្វារកាលពីដើមខែកុម្ភៈ។ ហុង មិនា
ភ្នំពេញៈ ខណៈការបង្ក្រាបលើរថយន្តកែច្នៃពីសំណាក់រដ្ឋាភិបាលបានឈានដល់ថ្ងៃទី ១១ ហើយកាលពីម្សិលមិញ ប្រធានក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេរបស់កម្ពុជា ដែលបម្រើឧស្សាហកម្មកាត់ដេរបានបញ្ជាក់ថា រថយន្តស្របច្បាប់នៅពេលនេះនៅតែត្រូវបានរារាំងដោយការអនុវត្តច្បាប់ដ៏តឹងរ៉ឹងរបស់ប្រទេសនេះផងដែរ។
ការបង្ក្រាបនេះបានចាប់ផ្ដើមកាលពីថ្ងៃទី ១០ ខែកុម្ភៈ បន្ទាប់ពីការថ្លែងរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយព្រមានថា លោកនឹងដកចោលអភិបាលខេត្តណាមួយដែលបរាជ័យក្នុងការលុបបំបាត់រថយន្តកែច្នៃ និងផ្ទុកលើសទម្ងន់លើផ្លូវក្នុងខេត្តរបស់ពួកគេ។ លោកនាយករដ្ឋមន្ដ្រីកាលពីថ្ងៃម្សិលមិញបានបញ្ជាក់ជាថ្មីថា លោកអំពាវនាវឲ្យកាត់ចោលរថយន្តមានប្រវែងវែងលើស ១៦ ម៉ែត្រ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីលើកមុនបានអះអាងថា ភាគច្រើននៃរថយន្តដែលបម្រើរោងចក្ររបស់ខ្លួនជារថយន្តដឹកទំនិញប្រើរួចនាំចូលពីអាមេរិក និងអឺរ៉ុប ហើយមិនមានការកែច្នៃទេ ប៉ុន្តែវាមានប្រវែងលើស ១៦ ម៉ែត្រដែលបានកំណត់ដោយច្បាប់កម្ពុជា។
៤ ថ្ងៃបន្ទាប់ពីការប្រកាសដំបូងរបស់លោក ហ៊ុន សែន GMAC បានចេញលិខិតចំហមួយទៅកាន់លោកនាយករដ្ឋមន្ដ្រីដែលអំពាវនាវឲ្យពន្យារពេលអនុវត្តច្បាប់នេះ ដោយខ្លួនបានហៅថាជា «ការគំរាមកំហែងថ្មី» មួយដល់ឧស្សាហកម្មផលិតកម្មឈានមុខគេរបស់កម្ពុជា។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC បានថ្លែងនៅពេលនោះថាការបង្រា្កបនេះនឹងមានផលប៉ះពាល់អវិជ្ជមានលើឧស្សាហកម្មនេះដែលជាផលិតផលភាគច្រើននៃការនាំចេញរបស់កម្ពុជា ប្រសិនបើវាមិនត្រូវបានដោះស្រាយនៅសប្ដាហ៍នេះ។
មន្ដ្រីមកពី GMAC មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាបានថ្លែងកាលពីម្សិលមិញថា លោកមិនបានឮដំណោះស្រាយពីក្រសួងសាធារណការ និងដឹកជញ្ជូននោះទេ ចាប់តាំងពីលោកបានជួបជាមួយលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងដឹកជញ្ជូនកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ហើយបន្ថែមថា ប៉ុស្ដិ៍ត្រួតពិនិត្យនៅជុំវិញប្រទេសនេះត្រូវបានគេធ្វើឲ្យយឺតពេលវេលាទោះបីជារថយន្តដឹកទំនិញស្របច្បាប់ក៏ដោយ។
លោកថ្លែងថា៖ «មានប៉ុស្ដិ៍ត្រួតពិនិត្យជាច្រើននៅតាមផ្លូវជាតិ ហើយរថយន្តស្របច្បាប់ត្រូវតែប្រឈមនឹងប៉ុស្ដិ៍ត្រួតពិនិត្យទាំងអស់។ វាប៉ះពាល់ដល់ពេលវេលារបស់យើងសម្រាប់ការចែកចាយទំនិញដល់អតិថិជនរបស់យើង»។
ចាប់តាំងពីថ្ងៃទី ១០ ខែកុម្ភៈ ប៉ុស្ដិ៍ត្រួតពិនិត្យបានចាប់រថយន្តខុសច្បាប់ «ស្ទើរគ្រប់ស្រុក» នៅក្នុងប្រទេស។ នេះបើតាមលោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងដឹកជញ្ជូន។
លោក វ៉ា ស៊ឹមសូរិយា បានបដិសេធអត្ថាធិប្បាយលើការបារម្ភរបស់លោក ចន្ធី ដែលថាប៉ុស្តិ៍ត្រួតពិនិត្យបានធ្វើឲ្យយឺតពេលដល់រថយន្តស្របច្បាប់។
ក្នុងរយៈពេល ៩ ថ្ងៃដំបូងនៃការបង្ក្រាប ក្រសួងបានត្រួតពិនិត្យរថយន្ត ៣៤ ៩០២ គ្រឿងកាត់រថយន្ត ៤៧៦ គ្រឿង និងឃាត់ទុករថយន្ត ៤៤៨ គ្រឿងផ្សេងទៀតសម្រាប់កាត់កន្ទុយ។ នេះបើតាមលោក វ៉ា ស៊ឹមសូរិយា៕ LA