ភ្នំពេញៈ ក្រុម​ហ៊ុន​សេ​វា​ហិ​រញ្ញ​វត្ថុ​តៃ​វ៉ាន់ Chailease Holding បាន​ប្រ​កាស​​ថា​ខ្លួន​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​ជា​មួយ ​រ៉ូ​យ៉ាល់​គ្រុប​ ​ក្នុង​ការ​ទិញ​ភាគ​ហ៊ុន ៦០ ភាគ​រយ​ពី​គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ CellCard Finance ​ជា​​បុត្រ​សម្ព័ន្ធ​របស់​រ៉ូ​យ៉ាល់​គ្រុប​។ នេះ​បើ​​​តាម​សេច​ក្តី​រាយ​ការណ៍​របស់​​សារ​ព័ត៌​មាន​តៃ​វ៉ាន់។

កិច្ច​ព្រម​ព្រៀង​ផ្លូវ​ការ​ត្រូវ​រង់​ចាំ​ការ​អនុ​ម័ត​ពី​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ដែល​ជា​និ​យត​​​ករ​វិ​ស័យ​ហិ​រញ្ញ​វត្ថុ​កម្ពុជា។

​សេច​ក្តី​​រាយ​ការណ៍​របស់​សារ​ព័ត៌​មាន Taipei Times ចេញ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​អា​ទិត្យ​​ឲ្យ​ដឹង​ថា Chailease Holding បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​នេះ​​​ដើ​ម្បី​ពង្រីក​ប្រតិ​បត្តិ​ការ​របស់​ខ្លួន​​នៅ​​កម្ពុជា ​ជា​ទី​ដែល​សកម្ម​ភាព​សេដ្ឋ​​កិច្ច ​និង​ពា​ណិជ្ជ​កម្ម​កំ​ពុង​កើន​ឡើង​។

លោក ​Albert Chen ប្រ​ធាន​ Chailease Holding បាន​លើក​ឡើង​ថា​៖ «​ការ​​សម្រេច​ថ្មី​នេះ​ធ្វើ​ឡើង​ដោយ​សារ​​​យើង​កំ​ពុង​ព្យា​យាម​ពង្រីក​វត្ត​មាន​របស់​​​យើង​នៅ​ក្នុង​ទី​ផ្សារ​នៅ​បណ្តា​ប្រ​ទេស​ក្នុង​តំ​បន់​អា​ស៊ាន»។

លោក​បាន​បញ្ជាក់​​បន្ត​នៅ​ក្នុង​សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ថា គ្រឹះ​ស្ថាន​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​នេះ​នឹង​ត្រូវ​ប្តូរ​ឈ្មោះ​ទៅ​ជា​ Chailese Royal Finance នៅ​ពេល​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ទទួល​ការ​អនុ​ម័ត​ពី​ធនា​គារ​ជាតិ​។

មិន​អាច​ទាក់​ទង​​តំ​ណាង​មក​ពី​ធនា​គា​រ​​ជាតិ​នៃ​កម្ពុជា (NBC) បាន​ទេ​​​កាល​​​​​ ពី​ថ្ងៃ​ចន្ទ​​​ ឯតម្លៃ​របស់​កិច្ច​ព្រម​ព្រៀង​នេះ​​គឺ​មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ។​

​របាយ​ការណ៍​ត្រួត​ពិ​និត្យ​របស់​ NBC​ បង្ហាញ​ថា​ CellCard​ Finance មាន​ទ្រព្យ​​សកម្ម​សរុប​ ៥៧១​ ៤​០០ ដុល្លារ​​ត្រឹម​ចុង​ឆ្នាំ ២០១៧​។ CellCard​ Finance ​ដែល​ជា​​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​​​រ៉ូ​យ៉ាល់​គ្រុប​​ ត្រូវ​បាន​ផ្ដល់​​អាជ្ញា​ប័ណ្ណ​ប្រតិ​បត្តិ​ការ​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​​​កាល​ពី​ខែ​មិ​ថុ​នា ​ឆ្នាំ ២០១៥​ ដោយ​ NBC។​

លោក Lim Kevin អគ្គ​នា​យក​ក្រុម​ហ៊ុន Cellcard Finance បាន​​ឲ្យ​ដឹង​ថា​ លោក​​ដឹង​ថា មាន​ការ​ពិ​ភា​ក្សា​លើ​ការ​ទិញ​ភាគ​ហ៊ុន​នេះ​ ប៉ុន្តែ​​លោក​មិន​បាន​​ដឹង​ព័ត៌​មាន​លម្អិត​កិច្ច​ព្រម​ព្រៀង​នេះ​ថា​ បាន​​រីក​ចម្រើន​យ៉ាង​ណា​នោះ​ទេ​ ដោយ​សារ​​វា​គឺ​ជា​ការ​ចរ​ចា​រវាង​​រ៉ូ​យ៉ាល់​​គ្រុប​ និង​ក្រុម​ហ៊ុន​តៃ​វ៉ាន់​។​

​ក្រុម​ហ៊ុន ​Chailese​ Holding ​និង​​ រ៉ូ​យ៉ាល់​គ្រុប បាន​រួម​គ្នា​បង្កើត​ក្រុម​ហ៊ុន​ Chailease Royal Leasing PLC ដែល​​បាន​ដាក់​ឲ្យ​ដំ​ណើរ​ការ​​កាល​ពី​​ខែ​កុម្ភៈ​ ឆ្នាំ ២០១៧​ ដើ​ម្បី​​ផ្ដល់​សេវា​ភតិ​សន្យា​ហិ​រញ្ញ​វត្ថុ​ និង​​សេ​វា​ហិរ​ញ្ញ​វត្ថុ​ផ្សេង​ទៀត​សម្រាប់​ទិញ​​រថ​យន្ត​ ​គ្រឿង​ចក្រ ​និង​ឧប​ករណ៍​សំ​ណង់​នៅ​កម្ពុជា​។​

ការ​ច្រ​បាច់​បញ្ចូល​គ្នា ​និង​ការ​ទិញ​ភាគ​ហ៊ុន​នៅ​ក្នុង​វិ​ស័យ​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​របស់​​ប្រ​ទេស​កម្ពុជា​ កំពុង​កើន​ឡើង​​នៅ​ក្នុង​រយៈ​ពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​សារ​តែ​កំ​ណើន​​នៃ​ការ​​ប្រកួត​ ប្រជែង​​​ក្នុង​ទី​ផ្សារ​ដ៏​តូច​នេះ​៕​LA​