ភ្នំពេញៈ ក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី ២ គឺ Banhji និង DRVR កាលពីថ្ងៃពុធ ទទួលបានមូលនិធិវិនិយោគពីមូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលពីក្រុមហ៊ុន Smart Axiata Digital Innovation Fund (SADIF) ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេបន្ថែមទៀតឆ្លើយតបនឹងតម្រូវការរបស់អតិថិជនជាពិសេសសហគ្រាសមីក្រូ និងសហគ្រាសខ្នាតតូច និងមធ្យម (MSMEs)។
ក្រុមហ៊ុន Banhji គឺជាកម្មវិធីប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (MSMEs) ខណៈក្រុមហ៊ុននេះផ្គត់ផ្គង់ទិន្នន័យវិភាគយានយន្តដឹកជញ្ជូន និងយានយន្តដឹកអ្នកដំណើរ។
លោក ស៊ឹម ចាន់គីរីរត្ន សហស្ថាបនិក ក្រុមហ៊ុន Banhji បានឱ្យដឹងថា មូលនិធីពី SADIF នឹងរួមចំណែកដល់បេសកកម្មរបស់ក្រុមហ៊ុនក្នុងការផ្ដល់សេវាកម្មកាន់តែប្រសើរសម្រាប់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ចូលរួមក្នុងបរិយាប័ន្នហិរញ្ញវត្ថុ។
លោក ចាន់គីរីរត្ន ថ្លែងថា៖ «យើងបានបង្កើតក្រុមហ៊ុន BanhJi ជាមួយនឹងបេសកកម្មមួយដែលអនុញ្ញាតឱ្យសហគ្រាសខ្នាតតូច និងមធ្យមចូលរួមក្នុងបរិយាប័ន្នហិរញ្ញវត្ថុ។ ក្នុងមូលនិធិ SADIF យើងបានស្វែងរកដៃគូ ដែលមិនត្រឹមតែចែករំលែកបេសកកម្ម និងគុណតម្លៃរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបទពិសោធ ដើម្បីជួយពន្លឿនវឌ្ឍនភាពរបស់យើងផងដែរ ដូច្នេះយើងអាចជួយបន្ថែមទៀតដល់អតិថិជនបច្ចុប្បន្ន និងអតិថិជនថ្មី»។
លោក David Henderson សហស្ថាបនិកក្រុមហ៊ុន DRVR បានថ្លែងថា៖ «ក្រុមហ៊ុន DRVR មានសេចក្ដីសោមនស្សរីករាយ ដែលបានទទួលការវិនិយោគនេះ និងបង្កើតភាពជាដៃគូយុទ្ធសាស្ដ្រជាមួយមូលនិធិ SADIF។ យើងទន្ទឹងរង់ចាំផ្ដល់ដំណោះស្រាយរួមគ្នានូវប្រព័ន្ធដំណោះស្រាយតេឡេម៉ាទិច (Telematics) ចល័តដំបូងបង្អស់ជាមួយក្រុមហ៊ុន Forte និងក្រុមហ៊ុន Smart Axiata។ ការវិនិយោគ និងភាពជាដៃគូយុទ្ធសាស្ដ្ររបស់យើងជាមួយក្រុមហ៊ុន Forte នឹងអនុញ្ញាតឱ្យយើងពង្រីកសេវាកម្ម និងប្រតិបត្តិការរបស់យើងចូលទៅក្នុងប្រទេសកម្ពុជា ស្របតាមផែនការពង្រីកក្នុងតំបន់របស់យើង។ យើងមើលឃើញសក្ដានុពលដ៏ធំធេងសម្រាប់ការរីកចម្រើន មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅទូទាំងតំបន់អាស៊ានផងដែរ»។
លោក គឹម បូរ៉ា ដៃគូរបស់ក្រុមហ៊ុន Mekong Strategic Partners ជាក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងមូលនិធិ SADIF លើកឡើងថា ការវិនិយោគលើក្រុមហ៊ុន Banhji និងក្រុមហ៊ុន DRVR បង្ហាញសារៈសំខាន់នៃបច្ចេកវិទ្យា ដែលជួយឱ្យធ្វើការសម្រេចចិត្តត្រឹមត្រូវទាក់ទងក្នុងការប្រើប្រាស់ទិន្នន័យ។
កម្មវិធីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Banhji មានបំណងកាត់បន្ថយគម្លាតហិរញ្ញវត្ថុ ដែលសហគ្រាសខ្នាតតូច និងមធ្យមបានជួបប្រទះនៅកម្ពុជាដោយបង្កើនភាពជឿជាក់នៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យម ខណៈដែលកម្មវិធី Internet of Things និងកម្មវិធីវិភាគទិន្នន័យរបស់ក្រុមហ៊ុន DRVR មានគោលបំណងកាត់បន្ថយការចំណាយលើការគ្រប់គ្រង និងបង្កគ្រោះថ្នាក់លើដងផ្លូវចំពោះសេវាដឹកជញ្ជូនរបស់អតិថិជន។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានឱ្យដឹងថា MSMEs គឺជាកត្តាជំរុញសេដ្ឋកិច្ចដ៏ខ្លាំងមួយ និងជាកត្តាជំរុញអត្រាការងារធ្វើនៅកម្ពុជា ប៉ុន្តែពួកគេប្រឈមនឹងភាពគ្មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។
លោកថ្លែងថា៖ «Banhji បានបង្កើតដំណោះស្រាយក្នុងស្រុក ដើម្បីបម្រើដល់ MSMEs នៅកម្ពុជា ដោយបង្កើតរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ ហេតុនេះវានឹងជួយបង្កើនឱកាសហិរញ្ញប្បទានរបស់ពួកគេ។ យើងរីករាយក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម តាមរយៈមូលនិធិ SADIF របស់យើងទៅក្នុងក្រុមហ៊ុន Banhji »។
ការវិនិយោគទាំង ២ បានធ្វើឱ្យមូលនិធិអាជីវកម្មរបស់ SADIF ពង្រីកខ្លួនជាមួយដៃគូអាជីវកម្មឌីជីថលឆ្នើមៗរហូតដល់ទៅ ១០ ក្រុមហ៊ុន ដូចជា ក្រុមហ៊ុន Morakot Technology ,Joonaak Delivery, Nham24,GoGames,Sala Tech, Okra Solar,Sousdey និងក្រុមហ៊ុន Agribuddy៕ LA