ក្រុងប៉ារីសៈ ក្រុមហ៊ុន LVMH ដែលជា​ក្រុមហ៊ុន​លក់ទំនិញ​ប្រណីត​របស់​ប្រទេស ​បារាំង កាលពី​ថ្ងៃ​ចន្ទ​បានប្រកាស​កិច្ចព្រមព្រៀង​មួយ​ក្នុងការ​ទិញយក​ក្រុមហ៊ុន Tiffany ដែល​ជា​ក្រុមហ៊ុន​គ្រឿងអលង្ការ​អាមេរិក​ក្នុង​តម្លៃ​ជាង ១៦ ពាន់​លាន​ដុល្លារ​ ដែល​នឹង​ជំរុញ​វត្តមាន​របស់​ក្រុមហ៊ុន​នេះ​នៅ​ទីផ្សារ​អាមេរិក​។

កិច្ចព្រមព្រៀង​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​ក្រុមហ៊ុន LVMH បាន​ចំណាយពេល​ជាង​មួយ​ខែ ដើម្បី​ចែចូវ​ក្រុមហ៊ុន Tiffany ដែលជា​ក្រុមហ៊ុន​លក់ទំនិញ​តម្លៃ​ថ្លៃ​ល្បីឈ្មោះ​បំផុត​មួយ​នៅ​សហរដ្ឋអាមេរិក ដែល​ផលិតផល​ល្បីៗ​របស់​ក្រុមហ៊ុន​នេះ​រួមមាន ចិញ្ចៀន​រៀបការ និង​ពេជ្រ​ក្រុមហ៊ុន LVMH បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ក្រុមហ៊ុន​ទាំង​ ២ សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​ដែល​ក្រុមហ៊ុន LVMH និង​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tiffany ក្នុង​តម្លៃ ១៣៥ ​ដុល្លារ​ក្នុង​មួយ​ហ៊ុន​គិត​ជា​សាច់ប្រាក់​ក្នុង​ប្រតិបត្តិការ​មួយ​ដែល​តម្លៃ​របស់​ក្រុមហ៊ុន​នេះ​មាន​តម្លៃ​ប្រហែល ១៤,៧ ពាន់​លាន​អឺរ៉ូ ឬ ១៦,២ ពាន់​លាន​ដុល្លារ​។

កិច្ចព្រមព្រៀង​នេះ​គឺជា​ការទិញ​ភាគហ៊ុន​ធំជាងគេ​របស់​ក្រុមហ៊ុន LVMH ហើយ​នឹង​បង្កើន​វត្តមាន​របស់ខ្លួន​នៅ​អាមេរិក​ដែល​បច្ចុប្បន្ន​ជា​ទីផ្សារ​ឈានមុខ​គេ​ទី​ ២ របស់ខ្លួន​។

លោក Bernard Arnault នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន LVMH បាន​ថ្លែងថា​៖ «​យើង​រីករាយ​ដែល​មាន​ឱកាស​ស្វាគមន៍​ក្រុមហ៊ុន Tiffany មកកាន់​គ្រួសរ​របស់​ក្រុមហ៊ុន LVMH​។ Tiffany ជា​ក្រុមហ៊ុន​មួយ​ដែលមាន​កេរដំណែល​ល្អ និង​មាន​តួនាទី​យូនីក​ក្នុង​ពិភព​គ្រឿងអលង្ការ​ពិភពលោក​»​។

កិច្ចព្រមព្រៀង​បែប​នោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ផ្លូវ​មួយ​ឆ្ពោះ​ទៅ​មុខ​សម្រាប់​ក្រុមហ៊ុន Tiffany ដែល​កំពុង​ជួប​ការលំបាក​ក្នុង​បង្កើន​ការលក់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។

ក្រុមហ៊ុន LVMH ដែល​ត្រូវបាន​ដឹកនាំ​ដោយ​មហាសេដ្ឋី Bernard Arnault គឺជា​ម្ចាស់​ក្រុមហ៊ុន Louis Vuitton ក្រុមហ៊ុន Dior និង​ក្រុមហ៊ុន Moet & Chandon ។

លោក Roger Farah ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Tiffany បាន​ថ្លែងថា​៖ «​បន្ទាប់ពី​ពិនិត្យមើល​ឡើងវិញ​បែប​យុទ្ធសាស្ត្រ​ដែល​រួមមាន​ដំណើរការ​ផ្ទៃក្នុង​យ៉ាង​ហ្មត់ចត់ និង​ដំបូន្មាន​ពី​ខាង​ក្រៅ​របស់​អ្នកជំនាញ ក្រុមប្រឹក្សាភិបាល​បាន​សន្និដ្ឋាន​ថា ប្រតិបត្តិការ​ជា​មួយ​ក្រុមហ៊ុន LVMH នឹង​ផ្តល់​ផ្លូវ​ឆ្ពោះ​ទៅមុខ​ដ៏រំភើប​មួយ​»​។

ក្រុមហ៊ុន Tiffany ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៨៣៧ និង​មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ញូវយ៉ក គឺជា​ក្រុមហ៊ុន​ផលិតផល​ទំនើប​ល្បីឈ្មោះ​របស់​អាមេរិក​។

ការដាក់បញ្ចូល​ក្រុមហ៊ុន Tiffany ទៅក្នុង​ក្រុមហ៊ុន​ហូលឌីង​គ្រឿង​អលង្កា​របស់​ក្រុមហ៊ុន LVMH ដែល​រួមមាន​ទាំង​ផលិតផល​ប្រណីត Bulgari, Chaumet, Tag Heuer និង Hublot រួចទៅហើយ​នោះ​នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​នេះ​ប្រកួតប្រជែង​បាន​ជាមួយ​នឹង​ក្រុមហ៊ុន Richemont ដែលមាន​មូលដ្ឋាន​នៅ​ស្វ៊ីស ដែល​កាន់កាប់​ទំនិញ​ប្រណីត​យីហោ Car-tier និង​ម៉ាក​យីហោ​ផ្សេងៗ​ទៀត ព្រម​ទាំង​ជួយ​លក់​ឋានៈ​របស់​ក្រុមហ៊ុន LVMH នៅ​ទីផ្សារ​អាមេរិក​៕ LA