ភ្នំពេញៈ​ ក្រុម​ហ៊ុន​ ទ្រីភាព​ គ្រុប ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​បាន​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ក្រុម​ហ៊ុន​កំពង់​ផែ​អន្តរ​ជាតិ​នៃ​ខេត្ត​គ័ងស៊ី ​ប្រទេស​ចិន ​ដើម្បី​​ធ្វើ​ការ​អភិវឌ្ឍ​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ក្នុង​ខេត្ត​កំពត​។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន។​

ពិធី​ចុះ​ហត្ថ​លេខា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិប​តី​ភាព​លោក​ស្រី ​ម៉ែន ​សំអន ​ឧប​នាយក​រដ្ឋ​មន្ត្រី ​និង​ជា​រដ្ឋ​មន្ត្រី​ទំនាក់​ទំនង​រដ្ឋ​សភា ​ព្រឹទ្ធ​សភា ​និង​ឯក​អគ្គ​រដ្ឋ​ទូត​សាធារណៈ​រដ្ឋ​ប្រជា​មានិ​ត​ចិន​ប្រចាំ​កម្ពុជា​ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន ​ក្នុង​ដំណាក់​កាល​ដំបូង​ក្រុម​ហ៊ុន​ទាំង​ពីរ​ គ្រោង​នឹង​សិក្សា​សាង​សង់​កំពង់​ផែ​ទឹក​ជ្រៅ ១​ ដែល​ឲ្យ​នាវា​ផ្ទុក​ទំនិញ​ពី​ ១០ ​០០០​តោន ​ទៅ​ ៣០​ ០០០​តោន​ អាច​ចូល​ចត​ ផ្ទេរ និង​ផ្ទុក​ទំនិញ​បាន។​

គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ផ្តល់ការ​ងារ​បាន​ចំនួន ​៥០០​នាក់​ ក្នុង​ដំណាក់​កាល​ចាប់​ផ្តើម​ និង​កើន​ដល់​១ ៥០០​នាក់​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​បន្ទាប់​។​ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​។

ក្រុម​ហ៊ុន​ទ្រី​ភាព​តាម​រយៈ​ក្រុម​ហ៊ុនបុត្រ​សម្ព័ន្ធ​ ប៉ាប៉ា​ភេត្រូលៀម ​ទើប​តែ​បាន​បញ្ចប់​ទាំង​ស្រុង​នូការ​សាង​សង់​រោង​ចក្រ​ស្តុក​ប្រេង​របស់​ខ្លួន​ នៅ​ក្នុង​ខេត្ត​កំពត​។ ​រោង​ចក្រ​ស្តុក​ប្រេង​នេះ​ត្រូវបាន​បើក​ដំណើរការ​កាល​ពី​ដើម​ខែ​មីនា ​ឆ្នាំ ​២០១៨​។​

នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះមិនបាន​បង្ហាញ​ពី​ទំហំ​ទឹក​ប្រាក់​លើ​គម្រោង​វិនិ​យោគ​នេះ​ទេ៕​