
រថយន្តស្ទូចរថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍។ វិស័យធានារ៉ាប់រងកើនឡើងខ្លាំង។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុនធានារ៉ាប់រង Etiqa Group ដែលជាផ្នែកមួយរបស់ធនាគារ Maybank រំពឹងថានឹងពង្រីកប្រតិបត្តិការក្នុងប្រទេស កម្ពុជា នៅឆ្នាំក្រោយ ខណៈដែលក្រុមមន្ដ្រីប្រតិបត្តិរបស់ក្រុមហ៊ុននេះបានជួបពិភាក្សាអំពីការរៀបចំខ្លួនជាមួយនិយតករធានារ៉ាប់រងកម្ពុជា និងកំពុងរង់ចាំការអនុម័ត។
លោក Kamaludin Ahmad អគ្គនាយករបស់ក្រុមហ៊ុន Etiqa ត្រូវបានដកស្រង់នៅក្នុងព្រឹត្តិបត្រព័ត៌មានពាណិជ្ជកម្ម Malaysian Reserve របស់ប្រទេស ម៉ាឡេស៊ី ថា ក្រុមហ៊ុន Etiqa កំពុងទន្ទឹងរង់ចាំមកកម្ពុជា ខណៈក្រុមហ៊ុនបានពិភាក្សាជាមួយនិយតករ ហើយកិច្ចប្រជុំនេះត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង។
លោកថ្លែងថា៖ «យើងមានបំណងផ្ដល់ទាំងសេវាធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងអាយុជីវិត ហើយយើងចង់ស្ថិតក្នុងរយៈពេលវែង»។
លោក Kamaludin បានបន្ថែមថា ក្រុមហ៊ុន Etiqa នឹងត្រូវប្រតិបត្តិការតាមរយៈក្រុមហ៊ុន ២ ដើម្បីផ្ដល់ការធានារ៉ាប់រងទាំង ២ ទៅតាមការតម្រូវរបស់និយតករកម្ពុជា។
លោកបានបន្តថា៖ «ខុសពីប្រទេសសិង្ហបុរី និងហ្វីលីពីន អាជ្ញាប័ណ្ណរួមមួយអាចប្រតិបត្តិការសម្រាប់ទាំង ២ សេវាកម្ម។ ប៉ុន្តែនៅក្នុងប្រទេស កម្ពុជា វាចាំបាច់ត្រូវមាន ២ គឺ ១ សម្រាប់ធានារ៉ាប់រងអាយុជីវិត និង ១ ផ្សេងទៀតសម្រាប់ការធានារ៉ាប់រងទូទៅ»។
ក្រៅពីប្រទេស ម៉ាឡេស៊ី ក្រុមហ៊ុន Etiqa បច្ចុប្បន្នមានប្រតិបត្តិការនៅ សិង្ហបុរី ឥណ្ឌូនេស៊ី និងហ្វីលីពីន។
ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដា្ឋនឧស្សាហកម្មទូទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។
មន្ដ្រីរបស់ក្រសួងសេដ្ឋកិច្ច មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃអាទិត្យ។
ផែនការរបស់ក្រុមហ៊ុន Etiqa សម្រាប់ទីផ្សារកម្ពុជា នឹងបង្កើតការប្រកួតប្រជែងកាន់តែខ្លាំងមួយផ្សេងទៀតនៅក្នុងទីផ្សារថ្មីថ្មោងមួយនេះ តែមានសក្តានុពលចំណេញច្រើន។
លោក ហ៊ុយ វតា្ថរ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា (IAC) បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា លោកបានទទួលព័ត៌មានក្រៅផ្លូវការអំពីផែនការរបស់ក្រុមហ៊ុន Etiga សម្រាប់ការវិនិយោគនៅកម្ពុជា ទោះបីជាលោកមិនទាន់បានទទួលសេចក្ដីប្រកាសព័ត៌មានផ្លូវការក៏ដោយ។
យោងតាមលោក វត្ថារ៉ូ ព័ត៌មានដែលថា ប្រតិបត្តិករកាន់តែច្រើនចង់ចូលរួមក្នុងទីផ្សារធានារ៉ាប់រងរបស់ប្រទេស កម្ពុជា នោះ អាចបង្ហាញថា ឧស្សាហកម្មនេះមានភាពទាក់ទាញ និងសក្ដានុពលក្នុងការរីកចម្រើន។
លោកបានមានប្រសាសន៍ថា៖ «អ្នករកស៊ីក្នុងឧស្សាហកម្មនេះកាន់តែច្រើន នឹងល្អសម្រាប់អតិថិជន។ វានឹងបង្កើតផលិតផល និងសេវាល្អៗនៅក្នុងឧស្សាហកម្មធានារ៉ាប់រងសម្រាប់អត្ថប្រយោជន៍របស់ប្រជាជនកម្ពុជា»។
យោងតាមរបាយការណ៍ប្រចាំឆ្នាំដែលចេញផ្សាយនាពេលថ្មីៗនេះដោយសមាគមធានារ៉ាប់រងកម្ពុជា (IAC) សមាគមនេះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១១ ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតចំនួន ៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន ១ ជាសមាជិក។
សេវាធានារ៉ាប់រងអាយុជីវិត គឺជាផលិតផលថ្មីនៅកម្ពុជា។ ចូលក្នុងទីផ្សារកម្ពុជាដំបូងក្នុងឆ្នាំ ២០១២ ឧស្សាហកម្មនេះបានរីកចម្រើនគួរឲ្យកត់សម្គាល់ទាក់ទងនឹងបុព្វលាភដុល (gross premiums) និងចំនួនប្រតិបត្តិករ។
យោងតាមទិន្នន័យចុងក្រោយបំផុតដែលទទួលបានពីសមាគម IAC បុព្វលាភដុលសរុបក្នុងឧស្សាហកម្មធានារ៉ាប់រង (ទូទៅ និងអាយុជីវិត) នៅក្នុងប្រទេស កម្ពុជា បានកើនឡើងដល់ ៤៦,៨ លានដុល្លារក្នុងអំឡុងត្រីមាសទី ១ នៅឆ្នាំនេះ ពោលគឺកើនឡើង ៣០ ភាគរយធៀបនឹង ៣៦,២ លានដុល្លារកាលពីត្រីមាសទី ១ នៅឆ្នាំមុន។
បុព្វលាភដុលក្នុងសេវាធានារ៉ាប់រងទូទៅមានចំនួន ២៤,៦ លានដុល្លារ ខណៈដែលការធានារ៉ាប់រងអាយុជីវិតទទួលបានបុព្វលាភដុលសរុប ២២,១ លានដុល្លារ នៅត្រីមាសទី ១ ក្នុងឆ្នាំនេះ៕ LA